website_news:2016220601

កម្ពុជាគ្មានគោលនយោបាយលើកទឹកចិត្តចំពោះទេសចរណ៍ផ្លូវភេទនោះទេ

(http://www.akp.gov.kh) គេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា កម្ពុជាគ្មានគោល នយោបាយណាមួយលើក ទឹកចិត្តទៅដល់ វិស័យទេសចរណ៍ផ្លូវភេទនោះទេ ដោយសារតែកម្ពុជា ផ្អែកតែទៅលើទេសចរណ៍វប្បធម៌ និងធម្មជាតិ ដែលជាសក្តានុពលដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវ ទេសចរបរទេស។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៍មានក្រោយពីបញ្ចប់ជំនួបជាមួយ គណៈប្រតិភូក្រុម ប្រឹក្សាភិបាល ទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង ទេសចរណ៍ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៌ បានមានប្រសាសន៍ថា កម្ពុជាមិនចាំ បាច់បង្កើតកន្លែងទាក់ទាញទេសចរដែលស្វែង រកផ្លូវភេទនោះទេ ប៉ុន្តែកម្ពុជានឹងខិតខំអភិវឌ្ឍន៍កែច្នៃ នូវតំបន់ទេសចរណ៍ដ៏សំបូរបែបដែលកម្ពុជាមានស្រាប់ គឺវាគ្រប់គ្រាន់ហើយ។

ការលើកឡើងអំពីការប្រឆាំងទេសចរណ៍ផ្លូវភេទនៅកម្ពុជានេះ បានធ្វើឡើងបន្ទាប់ ពីមានប្រទេសជិត ខាងកម្ពុជាបានបើកចំហរឱ្យមានទេសចរណ៍ផ្លូវភេទ ក្នុងការស្រូបយកបរិមាណទេសចរ ដ៏ច្រើនសន្ធឹក សន្ធាប់។

លោក ហូ វណ្ណឌី ទីប្រឹក្សាផ្នែកទេសចរណ៍នៃសភាពាណិជ្ជកម្មកម្ពុជា បាន សម្តែងការគាំទ្រ ចំពោះការរារាំងទេសចរផ្លូវភេទនៅកម្ពុជា។ លោកបានលើកឡើងថា ការមិនលើកទឹកចិត្តទេសចរ ផ្លូវភេទនេះ គឺវាស្របទៅនឹងច្បាប់របស់កម្ពុជា ដែលហាមឃាត់មិនឱ្យមានការជួញដូរផ្លូវភេទ នាំឱ្យប៉ះ ពាល់ដល់ប្រពៃណីទំនៀមទម្លាប់ខ្មែរ។ លោកបានបន្ថែមថា កម្ពុជាគួរបង្កើតឱ្យមាន កន្លែងកម្សាន្ត សប្បាយសម្រាប់ភ្ញៀវទេសចរបរទេស ឱ្យបានច្រើន ដូចជាបង្កើតឱ្យមានក្លឹបកម្សាន្ត រង្គសាល ដែល មិនមែនជាកន្លែងបម្រើសេវាផ្លូវភេទ ក្រៅអំពីដែលតំបន់ទេសចរណ៍ វប្បធម៌ និងធម្មជាតិ ដែលកម្ពុជា មានស្រាប់ហើយ។

សូមរម្លឹកថា នៅឆ្នាំ២០១៥កន្លងមក កម្ពុជាស្រូបបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ជាង៤លាន ៨សែននាក់ ដោយវៀតណាមឈរលំដាប់លេខ១ ស្នើនឹងប្រមាណ១លាននាក់ ចិនលេខ២ មានជាង ៨០ម៉ឺននាក់ ខណៈទេសចរមកពីអឺរ៉ុបមានចំនួនជាង៧២ម៉ឺននាក់៕ ដោយ ចាន់ សុធីវង្ស

website_news/2016220601.txt · Last modified: 2017/03/03 13:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki