website_news:2016220602

ឧទ្ធរណ៍លើកពេលជម្រះបុរសកាណាដារឿងពេស្យាចារកុមារ

(http://www.postkhmer.com) គេហទំព័រភ្នំពេញប៉ុស្តិ៍ Wed, 22 June 2016 គឹម សារុំ

ភ្នំពេញៈ បុរសចំណាស់ជាតិកាណាដាម្នាក់កាលពីម្សិលមិញត្រូវសាលាឧទ្ធរណ៍ប្រកាសលើកពេលជំនុំជម្រះបន្ទាប់ពីជំនុំជម្រះបានប្រមាណ ២០ នាទីដោយលើកហេតុផលថាអង្គជំនុំជម្រះនេះវិសមិតភាពនឹងចៅក្រម (ចៅក្រមតែម្នាក់ស៊ើបអង្កេតផង ជំនុំជម្រះផង) ពាក់ព័ន្ធនឹងសំណុំរឿងពេស្យាចាកុមារកាលពីឆ្នាំ ២០១៤ នៅខេត្តសៀមរាប។ តាមអង្គហេតុជនជាប់ចោទឈ្មោះ PIERREDESLOURIERS អាយុ ៧២ ឆ្នាំជាអ្នកនិពន្ធបទភ្លេង និងជាតន្រ្តីករហើយចូលមកប្រទេសកម្ពុជាក្នុងនាមជាអ្នកទេសចរ។ អង្គហេតុបង្ហាញបន្តថាក្នុងការស្នាក់នៅខេត្តសៀមរាបនោះជនជាប់ចោទបានជួលបន្ទប់ស្នាក់នៅក្នុងភូមិបឹងដូន សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។

ក្នុងអំឡុងពេលស្នាក់នៅនោះជនជាប់ចោទបានលួងលោមដោយឲ្យលុយក្មេងប្រុសដែលមានអាយុចន្លោះពី ៧ ដល់ ១៣ ឆ្នាំដើម្បីលេងប្រដាប់ភេទពួកគេ។ ប៉ុន្តែក្រោយមកក៏ត្រូវម្តាយរបស់ក្មេងចំនួន ៤ នាក់ប្តឹងឲ្យនគរបាលប្រឆាំងការជួញដូរខេត្តសៀមរាបឃាត់ខ្លួននៅថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ ២០១៤ នៅភូមិ-សង្កាត់ខាងលើ។

សំណុំរឿងនេះត្រូវសាលាដំបូងខេត្តសៀមរាបប្រកាសសាលក្រមនៅថ្ងៃទី ១៣ ខែធ្នូឆ្នាំ ២០១៤ ដោយផ្តន្ទាទោសដាក់ពន្ធនាគារ ៧ ឆ្នាំចោទពីបទ «អំពើពេស្យាចាកុមារក្រោមអាយុ ១៥ ឆ្នាំ»និងបង្គាប់ឲ្យសងជំងឺចិត្តទៅម្តាយកុមាររងគ្រោះទាំង ៤ នាក់សរុប ១០ លានរៀល។ ជនជាប់ចោទឆ្លើយក្នុងសវនាការកាលពីម្សិលមិញថា៖ «ក្នុងរឿងទាំង ៤ ករណីនេះខ្ញុំទទួលស្គាល់តែ ១ ករណីទេហើយក្មេងនោះមិនមែនប្រុសទៀត។ ចំពោះរឿងនេះខ្ញុំក៏មិនបានប្តឹងទាស់មកសាលាឧទ្ធរណ៍ដែរ»។

លោកចៅក្រម សេង ស៊ីវុត្ថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានថ្លែងនៅចំពោះមុខជនជាប់ចោទតាមរយៈអ្នកបកប្រែភាសាថា៖ «តាមពិតទៅគាត់មិនបានប្តឹងមកសាលាឧទ្ធរណ៍មែនតែអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ជាអ្នកប្តឹងទាស់ដោយមិនសុខចិត្តនឹងទោសដែលសាលាដំបូងខេត្តឲ្យគាត់ជាប់ពន្ធនាគារ ៧ ឆ្នាំ។ ឯសំណងលោកមិនជំទាស់ទេ»។

ទោះយ៉ាងណាខណៈដំណើរការជំនុំជម្រះបានប្រមាណជាកន្លះម៉ោងក៏ស្រាប់តែលោកចៅក្រម សេង ស៊ីវុត្ថា បានប្រកាសថាសំណុំរឿងជនជាតិកាណាដារូបនេះចៅក្រមសូមលើកទៅធ្វើការជំនុំជម្រះនៅពេលក្រោយវិញព្រោះកាលពីឆ្នាំ ២០១៤ នោះចៅក្រមដែលធ្វើការជំនុំជម្រះទាំងអស់សុទ្ធតែជាអ្នកស៊ើបអង្កេតលើសំណុំរឿងជនជាប់ចោទរូបនេះដូច្នេះសមាសភាពចៅក្រមដដែលនេះមិនអាចជំនុំជម្រះបានទេព្រោះវិសមិតភាពចៅក្រម៕

website_news/2016220602.txt · Last modified: 2017/03/03 13:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki