website_news:2016220604

**កម្ពុជាសា្វគមន៍ជំហរថៃចំពោះការមិនប្រើអាវុធបាញ់ជនល្មើសឆ្លងព្រំដែន**

(http://khmer.voanews.com) គេហទំព័រវិទ្យុសម្លេងសហរដ្ឋអាមេរិក ថ្ងៃទី 21 មិថុនា 2016 ហ៊ុល រស្មី

ភ្នំពេញ — លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានសម្តែងក្តីសាទរចំពោះការអះអាងរបស់ភាគីខាងថៃដែលថា ថៃនឹងមិនធ្វើការបាញ់ប្រហារនៅក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសឆ្លងដែនកម្ពុជាថៃ។ នេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាដែលបានចេញផ្សាយជាសាធារណៈនៅថ្ងៃអង្គារនេះ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា លោក ប្រាក់ សុខុន បានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោករយៈពេលពីរថ្ងៃទៅកាន់ប្រទេសថៃ ដែលបានធ្វើឡើងពីថ្ងៃទី១៩ដល់ថ្ងៃទី២០ ខែមិថុនាកន្លងទៅនេះ ដើម្បីពិភាក្សាជាមួយភាគីថៃលើបញ្ហានានា ដូចជាកិច្ចការសន្តិសុខ និងពាណិជ្ជកម្ម។

ក្នុងជំនួបទ្វេភាគីជាមួយលោក ដន ប្រាម៉ាត់វិណៃ (Don Pramudwinai) រដ្ឋមន្ត្រីការបរទេសថៃ ដែលបានពិភាក្សាអំពីកិច្ចប្រតិបតិ្តការបង្រ្កាបបទល្មើសឆ្លងដែន ក្នុងនោះមានការកាប់ឈើដោយខុសច្បាប់ និងការជួញដូរមនុស្ស លោក បា្រក់ សុខុន បានថ្លែងអំណរគុណដល់ភាគីថៃ ដែលបានអះអាងថា នឹងមិនប្រើប្រាស់អាវុធប្រឆាំងអ្នកធ្វើសកម្មភាពខុសច្បាប់ បើសិនជាគ្មានការប្រើប្រាស់អាវុធតបតនោះ។

លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា ក៏បានអំពាវនាវឲ្យភាគីថៃបន្តប្រកាន់ឥរិយាបថមនុស្សធម៌តទៅទៀត ដោយចាត់ការតាមផ្លូវច្បាប់ ជំនួសការប្រើប្រាស់អាវុធចំពោះជនល្មើសទាំងឡាយ។

លោក គង់ ភោគ សហស្ថាបនិក និងជាប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រ បានប្រាប់ VOA ថា ការព្រមព្រៀងរវាងភាគីកម្ពុជាថៃ គឺជាការចាប់ផ្តើមដើម្បីឈានទៅបំបាត់សកម្មភាពប្រើប្រាស់អាវុធបង្ក្រាបសកម្មភាពឧក្រិដ្ឋនៅតាមព្រំដែន។ លោកនិយាយថា យន្តការតាមដានមួយត្រូវតែបង្កើតឡើងសម្រាប់ឃ្លាំមើល និងបើកការស៊ើបអង្កេតហេតុការណ៍វាយប្រហារនោះទៅថ្ងៃខាងមុខ។ លោកបានបញ្ជាក់បន្តថា ការបាញ់ប្រហារទៅលើប្រជាពលរដ្ឋ ដោយគ្មានការស៊ើបអង្កេតគឺជាអំពើរំលោភសិទ្ធិមនុស្ស។

ជារឿយៗ ប្រជាពលរដ្ឋខ្មែរជាច្រើនត្រូវគេដឹងថា បានរងការបាញ់ប្រហារពីអាជ្ញាធរថៃ នៅតាមព្រំដែន នៅពេលពួកគេព្យាយាមឆ្លងកាត់ព្រំដែនគឺចេញ និងចូលទៅទឹកដីថៃ។ សកម្មភាពបាញ់ប្រហារត្រូវបណ្តាញព័ត៌មាន និងក្រុមអង្គការសិទ្ធិមនុស្សរាយការណ៍ថា ច្រើនកើតចេញពីសកម្មភាពកាប់ឈើដោយខុសច្បាប់។

ក្នុងដំណើរទស្សនកិច្ចរបស់លោក លោក ប្រាក់ សុខុន ក៏បានពិភាក្សាជាមួយភាគីថៃអំពីបញ្ហាទេសចរណ៍ វប្បធម៌ ថាមពល អប់រំ សុខាភិបាល កសិកម្ម និងពលករចំណាកស្រុកផងដែរ។ ក្នុងកិច្ចពិភាក្សាអំពីបញ្ហាពលករកម្ពុជាទៅធ្វើការនៅប្រទេសថៃ ភាគីទាំងពីរបានព្រមព្រៀងគ្នាថា នឹងខិតខំរកវិធីទប់ស្កាត់ការបោកប្រាស់ ការធ្វើទាសភាពបែបទំនើប និងជំរុញការរៀបចំបែបបទ ឲ្យពលករទាំងអស់មានភាពស្របច្បាប់។ ភាគីទាំងពីរក៏បានឯកភាពគ្នាបង្កើតខ្សែទូរស័ព្ទទាក់ទងបន្ទាន់ (hotline) រវាងរដ្ឋមន្ត្រីការបរទេសទាំងពីរ ដើម្បីដោះស្រាយបញ្ហាបន្ទាន់នានា៕

website_news/2016220604.txt · Last modified: 2017/03/03 13:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki