website_news:2016220605

ពលករខុសច្បាប់១៧នាក់ត្រូវអាជ្ញាធរថៃចាប់បញ្ជូនមកប្រទេសខែ្មរវិញ

( http://www.rasmeinews.com) គេហទំព័ររស្មីកម្ពុជា ក្រញូង ថ្ងៃទី 22 មិថុនា 2016 ម៉ោង 08:17:AM

(បាត់ដំបង)៖ពលករខ្មែរខុសច្បាប់ចំនួន១៧នាក់ដែលលួចចូលទៅធ្វើកម្មករនៅទឹកដីថៃត្រូវអាជ្ញាធរថៃចាប់បញ្ជូនមកប្រទេសខែ្មរវិញកាលពីរសៀលថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៦តាមច្រកទ្វារអន្តរជាតិដូងស្ថិតក្នុងភូមិដូងឃុំបឹងរាំងស្រុកកំរៀងហើយបញ្ជូនទៅស្រុកកំណើតវិញ។

ប្រធានច្រកទ្វារអន្តរជាតិដូងបានឲ្យដឹងថាពលករចំណាកស្រុកខុសច្បាប់ទាំង១៧នាក់មានស្រី៩នាក់បានចូលទៅរកការងារធ្វើនៅក្នុងទឹកដីថៃកាលពីពេលកន្លងមកត្រូវបានតម្រួតនិងអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនត្រឡប់មកប្រទេសខែ្មរវិញតាមច្រកទ្វារអន្តរជាតិដូងក្នុងស្រុកកំរៀងខេត្តបាត់ដំបង។ទោះបីជាតម្រួតនិងអាជ្ញាធរថៃចាប់ខ្លួនដាក់ពន្ធនាគារនិងធ្វើទារុណកម្មយ៉ាងណាក៍ដោយក៍គេសង្កេតឃើញនៅតែមានជនចំណាកស្រុករាប់រយនាក់ក្នុងមួយថ្ងៃៗនាំគ្នាសម្រុកចូលទៅរកការងារធ្វើនៅប្រទេសថៃតាមច្រករបៀងនានាក្នុងខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យដោយមានមេខ្យល់ជាអ្នកនាំទៅដោយយកលុយក្នុងម្នាក់ៗរាប់ពាន់បាត។

ម្យ៉ាងទៀតដោយសារតែប៉ូលិសការពារព្រំដែននិងយោធាមួយចំនួននៅឈរជើងតាមព្រដែនក៍ឃុបឃិតគ្នាបើកផ្លូវឲ្យចូលជាថ្នូរនឹងលុយកាក់ទើបមានពលករខុសច្បាប់មិនចេះអស់ដូច្នេះ។បន្ទាប់ពីធ្វើការណែនាំនិងអប់រំដល់ពលករចំណាកស្រុកទាំងអស់រួចមកអាជ្ញាធរកម្ពុជាបានអនុញ្ញាតឲ្យពួកគេត្រឡប់ទៅភូមិស្រុកកំណើតរៀងៗខ្លួន ៕

website_news/2016220605.txt · Last modified: 2017/03/03 13:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki