website_news:2016220607

ថៃ និង មីយ៉ាន់ម៉ា គ្រោងធ្វើការរួមគ្នាដោះស្រាយបញ្ហាជនចំណាកស្រុក

(http://www.postkhmer.com) គេហទំព័រភ្នំពេញប៉ុស្កិ៍ Wed, 22 June 2016

ក្រុងបាងកកៈ រដ្ឋមន្ត្រីការបរ-ទេសមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី និងក្រសួងការងារថៃ មានផែនការដោះស្រាយបញ្ហា កម្មករចំណាកស្រុកមីយ៉ាន់ម៉ាខុសច្បាប់ ដោយកាត់បន្ថយរយៈពេល «សម្រាកការងារ» ចាំបាច់ របស់ពួកគេពីបីឆ្នាំមកត្រឹម ៣០ ថ្ងៃ។ ដំណោះស្រាយ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងជួលកម្មករថ្មីមួយ ដែលនឹងត្រូវចុះហត្ថលេខា ក្នុងអំឡុងពេលទស្សនកិច្ចបីថ្ងៃរបស់លោកស្រី ស៊ូជី ទៅកាន់ប្រទេសថៃដោយចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ គឺមានបំណងធ្វើឲ្យកម្មករ មីយ៉ាន់ម៉ា រួញរាពីការធ្វើការងារដោយសម្ងាត់នៅប្រទេសថៃ។

ប្រភពមួយបាននិយាយពីថ្ងៃចន្ទថា បន្ទាប់ពីការអនុញ្ញាតឲ្យធ្វើការរបស់ពលករអស់សុពលភាព ពួកគេភាគច្រើនមិនចង់ត្រឡប់ទៅមីយ៉ាន់ម៉ាដើម្បីឈប់សម្រាកបីឆ្នាំដូចបានទាមទារក្នុងពេលបច្ចុប្បន្នទេ មុនពេលត្រឡប់ទៅធ្វើការងារពួកគេនៅថៃវិញ។ រដ្ឋមន្ត្រីការងារ លោកឧត្តមសេនីយ៍ Sirichai Distakul នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះជាមួយលោកស្រីស៊ូជី។ តាមច្បាប់ កម្មករមីយ៉ាន់ម៉ាដែលបានចុះបញ្ជីអាចសើរើកុងត្រាពួកគេឡើងវិញ សម្រាប់ការស្នាក់នៅរួម ៤ ឆ្នាំ នៅថៃ ប៉ុន្តែត្រូវតែត្រឡប់ទៅមីយ៉ាន់ម៉ាវិញរយៈពេលបីឆ្នាំបន្ទាប់ពីរយៈពេលនោះ។ ប្រភពនោះបាននិយាយថា ប៉ុន្តែរយៈពេលនោះ ត្រូវបានកម្មករជាច្រើនគិតថា «យូរពេក» ក៏សម្រេចចិត្តអត់ទៅស្រុកវិញទេ និងបន្តនៅទីនេះដោយខុសច្បាប់ ដើម្បីបន្តការងាររបស់ពួកគេ។

មីយ៉ាន់ម៉ា បានបញ្ជាក់ចំនួនកម្មករចំណាកស្រុក ដែលកំពុងរស់នៅក្នុងប្រទេសថៃ ៤ លាននាក់ដោយមានតែពាក់កណ្តាល បានចុះបញ្ជីធ្វើការស្របច្បាប់នៅទីនោះ ខណៈក្រសួងការងារថៃថា មានជាង ១,៤ លាននាក់ ដែលពួកគេភាគច្រើនមកពីជនជាតិភាគតិចការ៉ែន មន និងសាន។ សកម្មជនសិទ្ធិកម្មករចំណាកស្រុក លោក Adison Koetmongkhon បាននិយាយថាការចំណាយលើការចុះបញ្ជីការងារអាចថ្លៃខ្ពស់ ហើយកម្មករចំណាកស្រុកខ្លះ គេចមិនរាយការណ៍ទៅក្រុមអាជ្ញាធរ។

ការចំណាយទាក់ទងទៅនឹងដំណើរការរកការងារធ្វើ ក៏ស្ថិតនៅក្នុងចំណោមបញ្ហាដែលបានរាយមុខនៅក្នុងកិច្ចព្រមព្រៀងការងារនោះដែរ ដោយរដ្ឋាភិបាល ទាំងពីរនឹងជំរុញឲ្យមានការគ្រប់គ្រងដោយប្រសិទ្ធភាពនៃការចំណាយនោះ និងការចំណាយលើការធ្វើដំណើរផ្សេងទៀត។ ប្រភពនោះ បាននិយាយថា ក្រៅពីកិច្ចព្រមព្រៀងនោះលោក ស្រីស៊ូជី ក៏នឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយ ស្តីពីកិច្ចប្រតិបត្តិការការងារដែលមានបញ្ចូលបញ្ហាជាច្រើនដូចជាកិច្ចសហប្រតិបត្តិការអប់រំ និងការអភិវឌ្ឍជំនាញកម្មករ។

លោក Adison បាននិយាយ ថា លោកស្រីស៊ូជី ដែលជាទី ប្រឹក្សារដ្ឋផងដែរ ក៏នឹងជួបជាមួយកម្មករចំណាកស្រុកមីយ៉ាន់ម៉ាប្រមាណ ៣ ពាន់នាក់ដែលធ្វើការនៅថៃ ដើម្បីពិភាក្សាពីកង្វល់នៃឋានៈនិងហានិភ័យរបស់ពួកគេដោយថ្លែងទៅកាន់ពួកគេនៅរាត្រីថ្ងៃព្រហស្បតិ៍ នៅឯជំរំ Tarle នៅក្នុងសង្កាត់ មហាចៃ ភាគខាងត្បូងនៃក្រុងបាងកកដែលមានពលរដ្ឋមីយ៉ាន់ម៉ា ដ៏ច្រើន។

កម្មករចំណាកស្រុកមីយ៉ាន់ម៉ាភាគច្រើនរងហានិភ័យខ្ពស់នៅថៃ ដោយត្រូវគេជួញដូរមកធ្វើជាកម្មករផ្លូវភេទឬធ្វើការធ្ងន់ធ្ងរលើទូកនេសាទ។ លោកស្រី ស៊ូជី បានជួបជាមួយ កម្មករចំណាកស្រុកមីយ៉ាន់ម៉ា ចុងក្រោយនៅមហាឆៃ នៅក្នុងឆ្នាំ ២០១២៕

website_news/2016220607.txt · Last modified: 2017/03/03 14:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki