website_news:2016220701

ទាហានថៃបាញ់ប្រជាពលរដ្ឋខ្មែរ ឆ្លងដែនចូលកាប់ឈើស្លាប់ ភាគីថៃមិនអនុញ្ញាតឲ្យយកសពមកស្រុកវិញ

(http://www.arey-news.com) ថ្ងៃទី 22 July 2016 ម៉ោង 1:00 pm

ពោធិ៍សាត់ ៖ សាកសពបុរសម្នាក់ ដែលទាហានឈុតខ្មៅថៃបាញ់សម្លាប់ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ខណៈដែលឆ្លងដែនចូលកាប់ឈើខុសច្បាប់ ក្នុងទឹកដីថៃនោះ ត្រូវបានមន្ទីរពេទ្យថៃ មិនអនុញ្ញាតឲ្យយកសពមកស្រុកកំណើតវិញទេ លុះត្រាមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ថាពិតជាគ្រួសារសពទើបគេប្រគល់ឲ្យ។ នេះបើតាមការបញ្ជាក់ ពីកម្លាំងសមត្ថកិច្ច នៃវរៈការពារព្រំដែន៨២៥ ទទួលទិសថ្មដា បានប្រាប់ភ្នាក់ងារឲ្យដឹងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ។

កម្លាំងនគរបាល នៃវរៈការពារព្រំដែន៨២៥ ទទួលទិសថ្មដា បានបន្តឲ្យដឹងទៀតថា «ក្រោយពេលកើតហេតុភ្លាមៗ កម្លាំងរបស់យើងមិនទាន់បានដឹងនោះទេ ព្រោះតែទីតាំងកើតហេតុ នៅក្នុងទឹកដីថៃ ណាមួយឆ្ងាយពីព្រំដែន ប្រមាណជាង១គីឡូម៉ែត្រ ទើបតែខាងទំនាក់ទំនងព្រំដែន ថៃទូរស័ព្ទមកទើបដឹង ក្រោយមកទើបកម្លាំងរបស់យើង បានទំនាក់ទំនងព្រំដែនច្រកថ្មដា ដើម្បីសុំចុះទៅសួរនាំ និងទទួលសាកសព យកមកប្រគល់ជូនគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី»។

ប្រភពដដែលបន្ដថា ក្រោយពេលទំនាក់ទំនងចប់សព្វគ្រប់ ទើបដឹងថាសព ត្រូវបានគេបញ្ជូនទៅធ្វើកោសល្យវិច្ច័យនៅមន្ទីរពេទ្យខេត្តត្រាត តែជាអកុសលតំណាងមន្ទីរពេទ្យ គឺមិនអនុញ្ញាតិប្រគល់សព ឲ្យកម្លាំងរបស់យើងនោះទេ លុះត្រាតែមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ថាពិតជាគ្រួសារសពទើបគេប្រគល់ឲ្យ។ ដោយសារក្នុងទឹកដីថៃពិបាកក្នុងការទំនាក់ទំនង ទើបកម្លាំងជំនាញបញ្ជូនសារ តាមរយៈលោកស្នងការរង ដឹកនាំវរៈការពារព្រំដែន៨២៥ ដើម្បីបន្តទំនាក់ទំនងទៅក្រុមគ្រួសារ រៀបចំឯកសារ និងសុំផ្លូវទៅយកសពនាព្រឹកនេះ។ ជាមួយគ្នានោះ កម្លាំងរបស់វរៈការពារព្រំដែន ៨២៥ បានសុំអនុញ្ញាតិពីភាគីថៃ ដើម្បីចុះត្រួតពិនិត្យទីតាំងកើតហេតុផ្ទាល់នាព្រឹកនេះផងដែរ។

ជនរងគ្រោះដែលទាហានឈុតខ្មៅ ថៃបាញ់សម្លាប់២គ្រាប់ ចំជើង១គ្រាប់ ចំកន្លែងបោះដៃផុត១គ្រាប់នោះ មានឈ្មោះ តេង សល់ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់ភូមិភ្នំប្រាំពីរ ឃុំប៊ួ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ហើយនៅមានបុរស៦នាក់ទៀត ដែលចូលរួមទៅកាប់ឈើក្រញ៉ូងខុសច្បាប់ ត្រូវបានទាហានឈុតខ្មៅថៃបាញ់ រត់ចែកជើងគ្នាដោយសុវត្ថិភាព ដោយដកហូតឈើក្រញ៉ូង៥ដុំ ម៉ាស៊ីនត្រង់ស៊ីន័រ១គ្រឿង៕

website_news/2016220701.txt · Last modified: 2017/03/10 11:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki