website_news:2016220801

អាជ្ញាធរប្រឹងប្រែងធ្វើការអប់រំប្រជាពលរដ្ឋបញ្ឈប់ការឆ្លងដែនខុសច្បាប់ទៅ រកការងារធ្វើនៅប្រទេសថៃ

(http://www.akp.gov.kh/kh) AKP ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦

អាជ្ញាធរសមត្ថកិច្ចនៅតាមព្រំដែន ក្នុងភូមិសាស្ត្រ នៃខេត្តបន្ទាយមានជ័យបានបង្កើនការប្រឹងប្រែងធ្វើការទប់ស្កាត់ អប់រំដល់ប្រជាពលរដ្ឋ ដែលបាននាំគ្នាលួចឆ្លងដែនដោយខុសច្បាប់ ទៅរកការងារធ្វើនៅក្នុងប្រទេសថៃ ដើម្បីជួយការពារ ដល់អាយុជីវិតរបស់ពួកគាត់។

លោកវរសេនីយ៍ត្រី ឡាយ គឹមលូន នាយការិយាល័យនគរបាលប្រឆាំងការជួយដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យបានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលយើងបានធ្វើការទប់ស្កាត់ ពលករខ្មែរប្រុសស្រី ចំនួន៤៤នាក់ ក្នុងនោះមានកុមារ៤នាក់ ផងដែលពួកគាត់ធ្វើដំណើរតាមរថយន្ត ចេញពីខេត្តចំនួន៦ ក្នុងប្រទេសកម្ពុជា រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង ព្រះវិហារ កំពង់ឆ្នាំង កំពង់ចាម និងខេត្តតាកែវខណៈ ដែលពលករខ្មែរ ទាំងនោះកំពុងដើរឆ្លងអូរកាត់ព្រំដែនតាមច្រករបៀង បម្រុងចូលទៅទឹកដីថៃ ស្ថិតក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍បានឱ្យដឹងទៀតថា ការទប់ស្កាត់ពលករខ្មែរធ្វើចំណាកស្រុកខុស ច្បាប់គឺដើម្បីការពារ អាយុជីវិត និងផលប្រយោជន៍របស់ពួកគាត់ ខ្លាចក្រែងពួកគាត់ចាកចេញទៅរកការងារ ធ្វើចាញ់បោក មេខ្យល់យកទៅលក់ និងកេងប្រវ័ញ្ចកម្លាំងពលកម្ម និងរងការបាញ់សម្លាប់ ចាប់ដាក់គុកពីទាហាន ថៃជាដើម។លោកប្រាប់ថាពលករទាំងអស់នេះសមត្ថ កិច្ចបានធ្វើការអប់រំ និងឱ្យធ្វើកិច្ចសន្យា រួចហើយបានបញ្ជូនត្រឡប់ទៅស្រុកកំណើតវិញ។ លោកបានបញ្ជាក់ថា ការលួចឆ្លងដែនដោយខុសច្បាប់ ទៅរកការងារធ្វើនៅប្រទេសថៃ នៃពលករខ្មែរ យើងនេះកើតមានជាបន្តបន្ទាប់ហើយសមត្ថកិច្ចនៅតាមព្រំដែន ប្រឹងប្រែងធ្វើការទប់ស្កាត់ តែបញ្ហាប្រឈម នោះយើងមិនអាចបិទច្រក របៀងបានដោយសារតែប្រជាពលរដ្ឋ បន្តចេញចូលទៅធ្វើការនិងដោះដូរ ផលិតផល ជារៀងរាល់ថ្ងៃ។

ទំនោរនៃការចូលដោយខុសច្បាប់ ទៅរកការងារក្នុងប្រទេសថៃនៅតែកើនឡើង ដោយសារតែមាន ការទទួលយក ដោយនិយោជកថៃ។លោកវរសេនីយ៍បានឱ្យដឹងដែរថាលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏បានដាក់បទបញ្ជាឱ្យកម្លាំងនគរបាលគ្រប់ផ្នែក និងជំនាញ ក្រោមបង្គាប់ ទាំងអស់ ត្រូវសហការគ្នាដើម្បីចុះអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់។

យោងរបាយការណ៍គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តបន្ទាយបន្ទាយមានជ័យ បានឱ្យដឹងថា នៅក្នុងឆមាសទី១ឆ្នាំ២០១៦នេះមានពលករធ្វើចំណាកស្រុកមានចំនួន១០៩ ៤២៤នាក់ក្នុងនោះ ទៅដោយស្របច្បាប់ចំនួនចំនួន៤១៤៣៦នាក់និងមិនស្រប ច្បាប់៦៧៩៨៨នាក់។ ពលករកម្ពុជាដែលឆ្លងដែន ទៅធ្វើការនៅប្រទេសថៃវិលល្ងាច ២០៣លើកមានចំនួន៤១២៦៩នាក់។ របាយការណ៍នេះបានឱ្យដឹងដែរថាការបញ្ជូន ត្រឡប់ពីប្រទេសថៃមាន៣៧៨លើកស្មើនឹង ២៥៩២៥នាក់ ក្នុងនោះចេញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត១១១៦៤នាក់ និងចេញតាមច្រករបៀង១៤៧៦១នាក់ ហើយ៣៥៨នាក់ បានជាប់ពន្ធនាគារនៅថៃ លើសពី១ខែ៕ ដោយឈុនសារ៉ាត

website_news/2016220801.txt · Last modified: 2017/03/11 18:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki