website_news:2016220802

ឆមាសទី១ឆ្នាំ២០១៦នេះពលករខ្មែរចំណាកស្រុកទៅថៃមានរហូតជិត១១ម៉ឺននាក់

(http://news.kqube.net) ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ 01:02:03 AM បានដាក់ស្នើដោយ ៖ ងន សាន

ខេត្តបន្ទាយមានជ័យ៖ យោងតាមរបាយការណ៍ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០១៦នេះ ពលករខ្មែរធ្វើចំណាកស្រុកទៅថៃមាន ចំនួន ១០៩.៤២៤(១០ម៉ឺន៩សែន៤រយ២៤)នាក់ ក្នុងនោះទៅដោយស្របច្បាប់ចំនួន៤១.៤៣៦ (៤ម៉ឺន១ពាន់៤រយ៣៦)នាក់ និងមិនស្របច្បាប់៦៧.៩៨៨ (៦ម៉ឺន៧ពាន់៩រយ៨៨)នាក់។ ក្នុងរបាយការណ៍នេះ បានឱ្យដឹងដែរថា ការបញ្ជូនត្រឡប់ពីប្រទេសថៃមាន៣៧៨លើកស្មើនឹង ជាង២ម៉ឺននាក់ ក្នុងនោះចេញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាង១ម៉ឺននាក់ និងចេញតាមច្រករបៀងជាង១ម៉ឺននាក់ដូចគ្នា ក្នុងនោះមាន៣៥៨នាក់ បានជាប់ពន្ធនាគារនៅថៃលើសពី១ខែ។

ទំនោរនៃការចេញដោយខុសច្បាប់ ទៅរកការងារក្នុងប្រទេសថៃនៅតែកើនឡើងបែបនេះ ដោយសារតែមានការទទួលយកដោយនិយោជករបស់ប្រទេសថៃផ្ទាល់។ ដើម្បីកាត់បន្ថយនៃការកើនឡើង នៃអ្នកដែលចំណាកស្រុកទៅថៃទាំងប្រថុយប្រថាន អាជ្ញាធរខេត្តបន្ទាយមានជ័យបានចុះទៅអប់រំប្រជាពលរដ្ឋ ពីផលលំបាកនៃការចំណាកស្រុកទាំងមិនមានច្បាប់ត្រឹមត្រូវ។

តួយ៉ាងដូចជា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលបានធ្វើការទប់ស្កាត់ ពលករខ្មែរប្រុសស្រី ចំនួន៤៤នាក់ ក្នុងនោះមានកុមារ៤នាក់ផង ដែលពួកគាត់ធ្វើដំណើរតាមរថយន្ត ចេញពីខេត្តចំនួន៦ ក្នុងប្រទេសកម្ពុជា រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង ព្រះវិហារ កំពង់ឆ្នាំង កំពង់ចាម និងខេត្តតាកែវ ខណៈដែលពលករខ្មែរ ទាំងនោះកំពុងដើរឆ្លងអូរកាត់ព្រំដែនតាមច្រករបៀង បម្រុងចូលទៅទឹកដីថៃ ស្ថិតក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី ឡាយ គឹមលូន នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា ការទប់ស្កាត់ពលករខ្មែរធ្វើចំណាកស្រុកខុសច្បាប់គឺដើម្បីការពារអាយុជីវិត និងផលប្រយោជន៍របស់ពួកគាត់ ខ្លាចក្រែងពួកគាត់ចាកចេញទៅរកការងារធ្វើចាញ់បោកមេខ្យល់យកទៅលក់ និងកេងប្រវ័ញ្ចកម្លាំងពលកម្ម និងរងការបាញ់សម្លាប់ ចាប់ដាក់គុកពីទាហានថៃជាដើម។ លោកបានធ្វើការអប់រំពលករទាំងនេះ និងឱ្យធ្វើកិច្ចសន្យា រួចហើយបានបញ្ជូនត្រឡប់ទៅស្រុកកំណើតវិញ៕

website_news/2016220802.txt · Last modified: 2017/03/11 18:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki