website_news:2016220807

ចៅក្រមអាមេរិកាំងបញ្ជាឱ្យក្រុមមេធាវីចូលបំភ្លឺករណីបង្ខំពលករខ្មែរធ្វើការនៅថៃ

(http://khmer.voanews.com) 20 សីហា 2016 ម៉ែន គឹមសេង

វ៉ាស៊ីនតោន៖ ចៅក្រមនៅរដ្ឋកាលីហ្វ័រញ៉ាបានបញ្ជាឱ្យមេធាវីដើមបណ្តឹងនិងមេធាវីចុងចម្លើយនៅក្នុងសំណុំរឿងប្តឹងដោយអតីតជនរងគ្រោះខ្មែរដែលធ្លាប់ធ្វើការនៅរោងចក្រផលិតគ្រឿងសមុទ្រថៃចូលជួបមុខគ្នាដើម្បីសម្រេចកំណត់ពេលដោះស្រាយសំណុំរឿងនេះនិងត្រូវបើកសវនាការកាត់ទោសឬយ៉ាងណា។ នៅក្នុងកំណត់ហេតុប្រជុំចុះថ្ងៃទី៩ខែសីហាដែល VOA ទទួលបាន លោកចៅក្រម John F. Walter នៃតុលាការសហព័ន្ធប្រចាំតំបន់ភាគកណ្តាលនៃរដ្ឋកាលីហ្វ័រញ៉ាបានកំណត់យកថ្ងៃទី១៩ខែកញ្ញាឱ្យមេធាវីតំណាងភាគីទាំងសងខាងបានជួបមុខគ្នានៅចំពោះមុខលោក។

នៅក្នុងដីកាបង្គាប់តុលាការក៏បញ្ជាឱ្យភាគីទាំងពីរដាក់របាយការណ៍រួមគ្នាត្រឹមថ្ងៃទី៨ខែកញ្ញាដើម្បីបង្ហាញហេតុផល ភស្តុតាង និងចំណាត់ការមួយចំនួនក្នុងនោះរួមមានហេតុអ្វីបានជាតុលាការនេះមានឬមិនមានយុត្តាធិការលើសំណុំរឿងនេះ កំណត់ចំនួនការខូចខាតដែលត្រូវសងឬការបដិសេធមិនសង ការខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយ ផលប្រយោជន៍ដែលកើតចេញពីការសម្រេចក្តី និងការសម្រេចថាសំណុំរឿងនេះគួរតែធ្វើសវនាការពេញអង្គឬទេ ព្រមទាំងកាលបរិច្ឆេទនៃការធ្វើសវនាការដែលភាគីទាំងពីរចង់បានដើម្បីបញ្ចប់រឿងក្តី។

ដីកានោះបានបន្ថែមថា៖ «ប្រសិនបើមេធាវីមិនបានដាក់របាយការណ៍រួមដែលតុលាការតម្រូវទេឬខកខានមិនបានមកចូលរួមក្នុងកិច្ចប្រជុំកំណត់ពេលសវនាការ ហើយការខកខាននេះមិនមានហេតុផលសមស្របពន្យល់ដល់តុលាការទេគឺតុលាការនឹងទាត់ចោលសំណុំរឿងនេះបើភាគីដើមបណ្តឹងមិនមកបង្ហាញខ្លួននិងបើភាគីចុងចម្លើយមិនមកបង្ហាញខ្លួនតុលាការនឹងចេញដីកាសម្រេចកំបាំងមុខ‍»។

ជនរងគ្រោះខ្មែរចំនួន៧នាក់ដែលមានបុរសប្រាំនាក់និងស្ត្រីពីរនាក់បានដាក់ពាក្យប្តឹងក្រុមហ៊ុនអាមេរិកាំងគឺក្រុមហ៊ុន Rubicon Resources និងក្រុមហ៊ុន Wale& Co. Universe, Ltd. និងក្រុមហ៊ុនថៃ Phatthana Seafood Co., Ltd និងក្រុមហ៊ុន S.S. Frozen Food Co., Ltd កាលពីថ្ងៃទី១៥ខែមិថុនា។ ក្នុងពាក្យបណ្តឹងបានលើកឡើងថាជនរងគ្រោះទាំងនោះត្រូវបានក្រុមហ៊ុនជ្រើសរើសពលករក្នុងស្រុកមកបញ្ចុះបញ្ចូលឱ្យទៅធ្វើការនៅក្រុមហ៊ុនគ្រឿងសមុទ្រថៃ Phatthana Seafood Co. Ltd. ចន្លោះពីឆ្នាំ២០១០ដល់២០១២ហើយបានប្រឈមមុខនឹងការបង្ខំឱ្យធ្វើការងារលើសកម្លាំង ទាសភាព និង ការធ្វើការដើម្បីសងបំណុលថៅកែ។

ក្រុមជនរងគ្រោះកម្ពុជាតំណាងដោយក្រុមហ៊ុនមេធាវីសិទ្ធិមនុស្សអាមេរិកាំងឈ្មោះ Cohen Milstein Sellers &Toll PLLC ដែលមានស្នាក់ការនៅរដ្ឋធានីវ៉ាស៊ីនតោន ហើយភាគីក្រុមហ៊ុនថៃនិងអាមេរិកាំងតំណាងដោយក្រុមហ៊ុនមេធាវី Sheppard, Mullin, Richter & HamptonLLPមានទីស្នាក់ការនៅទីក្រុងឡូសអាន់ជឺឡេស រដ្ឋកាលីហ្វញ៉ា។

មេធាវីតំណាងឱ្យភាគីទាំងពីរបានជជែកពិភាក្សាគ្នាតាមទូរស័ព្ទអស់រយៈពេលមួយម៉ោងកន្លះកាលពីថ្ងៃទី៣ខែសីហា។ នៅក្នុងការពិភាក្សានោះក្រុមមេធាវីរបស់ក្រុមហ៊ុនព្យាយាមបកស្រាយថាតុលាការសហរដ្ឋអាមេរិកនេះមិនមានយុត្តាធិការលើសំណុំរឿងនេះទេហើយអ្វីដែលបានកើតមានឡើងគឺមិនមានលក្ខណៈជាការធ្វើទារុណកម្ម ឬធ្វើការដោយបង្ខំទេ។ នេះបើតាមខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមដែល VOA ទទួលបាន។

ក្រុមមេធាវីចុងចម្លើយបានបន្ថែមថា៖ «តាមទស្សនៈរបស់ក្រុមមេធាវីការពារចុងចម្លើយគឺការចោទប្រកាន់ដែលបានលើកឡើងគឺគ្រាន់តែជាជម្លោះការងារដែលកើតឡើងទាំងស្រុងនៅខាងក្រៅសហរដ្ឋអាមេរិក‍»។ ប៉ុន្តែមេធាវីជនរងគ្រោះបញ្ជាក់ថាតុលាការនេះ ពិតជាមានយុត្តាធិការលើសំណុំរឿងនេះតាមច្បាប់ការការពារជនរងគ្រោះនៅក្រៅប្រទេស។

VOAបានព្យាយាមទូរស័ព្ទទៅទាក់ទងក្រុមហ៊ុនមេធាវីSheppard, Mullin, Richter & Hampton LLP កាលពីថ្ងៃពុធ។ ស្ត្រីដែលលើកទូរស័ព្ទបានបញ្ជូនបន្តទៅក្រុមមេធាវីប៉ុន្តែបានចូលទៅក្នុងសារជាសំឡេង។ លោក Bryan D. Daly ប្រធានក្រុមមេធាវីមិនបានឆ្លើយតបតាមសារសំឡេងដែលVOAបានទុកនោះនៅឡើយទេ។

តាមគម្រោងការដើមគឺក្រុមហ៊ុនត្រូវឆ្លើយតប និងផ្តល់ភស្តុតាងចាប់ពីថ្ងៃ១៥ខែកក្កដាមកប៉ុន្តែក្រុមមេធាវីការពារក្រុមហ៊ុនបានសុំពេលមួយខែរហូតដល់ថ្ងៃទី១០ខែសីហា ដោយយោងហេតុផលថាកូនក្តីរបស់ខ្លួននៅតំបន់ឆ្ងាយដាច់ស្រយ៉ាលក្នុងប្រទេសថៃ ដែលខ្លួនត្រូវទៅជួប ហើយនៅទីនោះគ្មានសេវាអ៊ីនធឺណិត ដែលអាចដាក់ពាក្យការពារទាន់ពេល ការជាប់ការពារក្តីផ្សេងទៀត និងរឿងក្តីមានលក្ខណៈស្មុគស្មាញជាដើម។ នេះបើតាមឯកសារតុលាការដែលរៀបចំដោយមានការព្រមព្រៀងរវាងមេធាវីទាំងសងខាង។

លោក កែវ រដ្ឋា ជនរងគ្រោះម្នាក់ដែលទន្ទឹងរង់ចាំយុត្តិធម៌បានបញ្ជាក់ប្រាប់ VOA ថាលោកតែងតែចង់ឱ្យរឿងក្តីនេះបានចប់ឆាប់ៗ។ លោកចោទសួរពីចេតនារបស់ក្រុមមេធាវីក្រុមហ៊ុន៖«រឿងនេះវាមានតាំងពីយូរណាស់មកហើយប៉ុន្តែនេះរបៀបដូចជាឆ្លៀតឱកាសមួយដើម្បីរៀបចំធ្វើអ្វី មួយដែលមិនល្អឬក៏យ៉ាងម៉េចទេ។ ខ្ញុំក៏គិតមិនដឹងដែរ‍»។

រីឯលោកមឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស(ហៅកាត់ថាសង់ត្រាល់)បានសម្តែងការមិនពេញចិត្តដែលដំណើររឿងក្តីនេះបានអូសបន្លាយពេលកាន់តែយូរ។ «ខ្ញុំមើលទៅឃើញរឿងហ្នឹងវាកើតឡើងតាំងពីឆ្នាំ២០១២ចឹងទៅការពន្យារពេលសម្រាប់ខ្ញុំមិនគាំទ្រឱ្យតុលាការពន្យារពេលរឿងហ្នឹងទេដោយសារតែជនរងគ្រោះហ្នឹងគាត់រង់ចាំរឿងហ្នឹងយូរហើយតាំងពីឆ្នាំ២០១២មកហើយរហូតដល់ឥឡូវឆ្នាំ២០១៦ហើយបួនឆ្នាំជាងគាត់រង់ចាំយុត្តិធម៌ សម្រាប់គាត់យូរ‍»។

សវនាការដើម្បីស្តាប់ញត្តិត្រូវបានតុលាការសម្រេចថានឹងធ្វើឡើងនៅថ្ងៃទី១៧ខែតុលាខាងមុខផងដែរដែលក្នុងឱកាសនោះតុលាការនឹងសម្រេចថានឹងត្រូវទាត់ចោលសំណុំរឿងនេះឬក៏បន្តទៅសវនាការពេញអង្គ៕

website_news/2016220807.txt · Last modified: 2017/03/11 19:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki