website_news:2016221102

សមត្ថកិច្ចកម្ពុជា ចេញមុខប្តឹងក្រុមសន្តិសុខថៃវាយពលករខ្មែរ៣នាក់រងរបួសធ្ងន់ទាមទារសំណង៨ម៉ឺនបាត

(http://nokorwatnews.com) 21/11/2016

ខេត្តបាត់ដំបង៖ សមត្ថកិច្ចកម្ពុជា បានចេញមុខប្តឹងក្រុមសន្តិសុខថៃ ដែលវាយពលករខ្មែរ៣នាក់បណ្តាលឱ្យរងរបួសធ្ងន់ នៅផ្សារថៃ ក្នុងជម្លោះបញ្ហាសំរាម ទាមទារសំណងទឹកប្រាក់៨ម៉ឺនបាត និងជម្រុញឱ្យតម្រតថៃត្រូវចាប់ក្រុមសន្តិសុខ ដែលជាជនបង្ក យកទៅអនុវត្តតាមច្បាប់ទៀតផង។នេះបើតាមការបញ្ជាក់ពី លោកវរសេនីយ៍ត្រី គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងកាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោកវរសេនីយ៍ត្រី គឹម ពន្លក អធិការនគរបាលស្រុកកំរៀង បានប្រាប់ឱ្យដឹងទៀតថា ករណីសន្តិសុខថៃនាំគ្នាព្រួតវាយពលករខ្មែរប្រុស ស្រី៣នាក់ បណ្តាលឱ្យរងរបួសធ្ងន់ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗ នៅក្នុងផ្សារថៃ ឈមនិងច្រកអន្តរជាតិដូងនោះ លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជាមកថា ករណីនេះលោកស្នងការមិនសុខចិត្តនោះទេ ត្រូវតែឱ្យភាគីថៃ ជម្រុញនូវការអនុវត្តច្បាប់ដល់ក្រុមសន្តិសុខផ្សារថៃទាំងនោះ ឱ្យខានតែបាន ។

ក្នុងនោះខាងភាគីថៃ គេបានទទួលយកពាក្យបណ្តឹងរបស់សមត្ថកិច្ចកម្ពជានោះហើយ ភាគីថៃគេអះអាងថា និងយកក្រុមសន្តិសុខដែលជាជនបង្កដើម្បីមកអនុវត្តច្បាប់។ លោកអធិការប្រាប់ឱ្យដឹងទៀតថា ប៉ុន្តែមកដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ភាគីថៃគេមិនទាន់បានផ្តល់ជាព័ត៌មានមកសមត្ថកិច្ចកម្ពុជាថាបានចាត់ការរឿងនោះ យ៉ាងនៅឡើយនោះទេ សមត្ថកិច្ចកម្ពុជា រង់ចាំទទួលលទ្ធផលពីការស្វែងរកចាប់ខ្លួនក្រុមសន្តិសុខថៃនោះ។

សូមរំលឹកថាពលករខ្មែរ៣នាក់ ប្តី ប្រពន្ធ និងប្អូនថ្លៃប្រុស រងការព្រួតវាយប៉ងសម្លាប់ពីសំណាក់សន្តិសុខផ្សារថៃ បណ្តាលសន្លប់បាត់ស្មារតីរងរបួសយ៉ាងធ្ងន់ នៅក្នុងដីថៃ ត្រង់ចំណុចផ្សារបានឡែម ឃុំបានឡែម ស្រុកប៉ូងណាំរ៉ន ខេត្តច័ន្ទបុរី ឈម និង ច្រកអន្តរជាតិ ដូង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីយប់ ថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ២០១៦ ។ បញ្ហានោះត្រូវគេនិយាយថា គ្រាន់តែរឿងសំរាមនៅពេលពលករខ្មែររងគ្រោះកំពុងទទួលទាន អាហារ នៅក្នុងផ្សារថៃប៉ុណ្ណោះ ។

ជនរងគ្រោះទាំង៣នាក់មាន២នាក់រងរបួសធ្ងន់ ចំណែកម្នាក់ទៀតរងបួសមធ្យមបន្ទាប់មកត្រូវបានគេដឹកចូលមកដីខ្មែរ ដើម្បីបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យស្រុកកំរៀង ក្រោយពីសង្កេតឃើញជនរងគ្រោះមានស្ថានភាពធ្ងន់ ក៏ត្រូវបានគ្រូពេទ្យដឹកតាមរថយន្តសាមុយ បញ្ជូនមកសង្រ្គោះជីវិតបន្តនៅមន្ទីរពេទ្យ បង្អែក ស្រុកសំពៅលូន ។ ជនរងគ្រោះរងរបួសធ្ងន់២នាក់ មកដល់វេលាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រូវបានគ្រូពេទ្យជួយសង្រ្គោះជីវិតគេចផុតពីសេចក្តីស្លាប់នោះហើយ។

សេចក្តីរាយការណ៍ឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់១,ញ៉ាន ថេត ភេទស្រី អាយុ៣០ឆ្នាំ រងរបួសមធ្យម ២,រឿត សារ៉ន ភេទប្រុស អាយុ៣៦ឆ្នាំ រងរបួសធ្ងន់ អ្នកទាំង២នាក់ប្តីប្រពន្ធនិងគ្នា ៣,ជាតិ សុគង់ ភេទ ប្រុស អាយុ៣៦ឆ្នាំ រងរបួសធ្ងន់ ជនរងគ្រោះទាំង៣នាក់រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ពួកគេធ្វើជាកម្មករស៊ីឈ្នួលបេះផ្លែតាង៉ែន ក្នុងខេត្តច័ន្ទបុរី។

បើតាមប្រភពព័ត៌មានពីជនរងគ្រោះដែលកំពុងដេកសម្រាកព្យាលបាលមុខរបួស នៅមន្ទីរពេទ្យស្រុកសំពៅលូនប្រាប់ឱ្យដឹងថា មុនពេលកើតហេតុពួកគេបានធ្វើដំណើរពីខេត្ត ច័ន្ទ បុរី ក្នុងគោលបំណងដើម្បីមកវាយប័ណ្ណឆ្លងដែន នៅច្រកអន្តរជាតិដូង ។ ខណៈពួកគាត់បានមកដល់ផ្សារថៃខាងលើអង្គុយរងចាំថៅកែថៃយូរពេក ហើយក៏បានទិញស្រាបៀរ និងម្ហូបអាហារមួយចំនួនមកអង្គុយទទួលទានទាំងអស់គ្នានៅផ្សារថៃ។លុះបន្ទាប់មកមានសន្តិសុខផ្សារថៃម្នាក់ មកស្រែកសំឡុត ពួកគាត់និយាយភាសារថៃ ឱ្យប្រមូលសំរាមពីការហូបចុក ទៅបោះចោលក្នុងធុងសំរាម ។ នៅពេលនោះជនរងគ្រោះម្នាក់ដែលត្រូវជាប្អូនថ្លៃមានឈ្មោះជាតិ សុគង់ក៏បាននិយាយភាសារថៃតបវិញថា ចាំឱ្យស្រីៗជាប្រពន្ធគាត់យកទៅចោលក្នុងធុងសំរាម ។ ទន្ទឹមនោះក៏ស្រាប់តែមានការឈ្លោះប្រកែកគ្នា ជាមួយសន្តិសុខថៃ ហើយរុញច្រានដើមទ្រូងគ្នាទៅវិញទៅមក ដោយក្រុមសន្តិសុខផ្សារ ថៃប្រមូលមានគ្នាប្រហែលជាង១០នាក់ កាន់ដំបងគ្រប់ដៃ នាំគ្នាព្រួតវាយជនរងគ្រោះជាប្អូនថ្លៃតែម្តង ។ ឃើញបែបនោះបងថ្លៃ២នាក់ប្តីប្រពន្ធក៏ស្ទុះទៅជួយប្អូនថ្លៃ ក៏ត្រូវសន្តិសុខផ្សារថៃវាយនិងដំបងសន្ធាប់ទៅលើជនរងគ្រោះទាំង៣នាក់ក្នុងគោលបំណងវាយប៉ងសម្លាប់ នៅកន្លែងកើតហេតុ ខណៈនោះមានពលករខ្មែរមួយចំនួនបានឃើញ ក៏នាំគ្នាស្ទុះទៅឃាត់ចាប់ក្រុមសន្តិសុខផ្សារថៃចេញ ហើយក៏រំដោះជនរងគ្រោះទាំង៣នាក់ ដឹកបញ្ជូនមកដីខ្មែរ ដើម្បីយកមកសង្រ្គោះជីវិត ៕ សំ វិច្ឆិកា

website_news/2016221102.txt · Last modified: 2017/03/16 11:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki