website_news:2016221104

តម្រួតថៃចាប់ម្ចាស់កសិដ្ឋានដំឡូងមីថៃដែលបាញ់សម្លាប់កម្មករខ្មែរ

(http://www.postkhmer.com) Tue, 22 November 2016 ឃុត សុភចរិយា

ភ្នំពេញ: អគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ ប្រទេសថៃលោក ប៊ុន សុខវិបុល បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃម្សិលមិញថាម្ចាស់កសិដ្ឋានចម្ការដំឡូងមី និងអំពៅជនជាតិថៃដែលបានបាញ់សម្លាប់ពលករខ្មែរកាលពីយប់ថ្ងៃសុក្រសប្ដាហ៍មុនត្រូវបានកម្លាំងតម្រួតថៃចាប់ឃាត់ខ្លួន និងបញ្ជូនទៅកាន់តុលាការខេត្តស្រះកែវភ្លាមៗកាលពីរសៀលថ្ងៃចន្ទដើម្បីចាត់វិធានការបន្តតាមផ្លូវច្បាប់។ លោក សុខវិបុល បានប្រាប់ឲ្យដឹងផងដែរថាជនដៃដល់ជនជាតិថៃដែលបានបាញ់សម្លាប់លោក សរ ងី ដែលជាកម្មករនៃកសិដ្ឋានចម្ការដំឡូងមី និង អំពៅ កាលពីយប់ថ្ងៃសុក្រទី ១៨ ខែវិច្ឆិកាឆ្នាំ ២០១៦ នោះមិនមែនជាម្ចាស់កសិដ្ឋាន ឬ ជាថៅកែរបស់ជនរងគ្រោះនោះទេ។

ជនដៃដល់គឺជាម្ចាស់កសិដ្ឋានមួយផ្សេងទៀតដែលស្ថិតនៅក្បែរកសិដ្ឋានរបស់ថៅកែជនរងគ្រោះដែលស្ថិតនៅក្នុងស្រុក ខុក ស៊ូង (Khok Sung) ខេត្តស្រះកែវ។ លោកបានបញ្ជាក់ថា៖ «យ៉ាងណាក៏ដោយក្រុមការងាររបស់យើងបានចុះទៅស្រាវជ្រាវលើករណីនេះ ហើយបានជំរុញឲ្យអាជ្ញាធរថៃចាត់វិធានការតាមផ្លូវច្បាប់ទៅលើជនដៃដល់រូបនោះហើយកាលពីម្សិលមិញក្រុមសមត្ថកិច្ចថៃបានចាប់បញ្ជូនជនដៃដល់នោះទៅកាន់តុលាការខេត្តស្រះកែវដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់របស់គេហើយ»។ លោកបានបន្តថា៖ «នៅពេលនេះយើងរង់ចាំការដាក់ពាក្យបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះដើម្បីដាក់បន្ទុកទៅលើជនដៃដល់នោះបន្ថែមទៀត»។

ភរិយាជនរងគ្រោះអ្នកស្រី ថាំង ហូន អាយុ ២៨ ឆ្នាំដែលពេលនេះបានក្លាយជាស្ត្រីមេម៉ាយ និងមានកូនតូចប្រុស-ស្រីពីរនាក់ក្នុងបន្ទុកបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃម្សិលមិញថាជនដៃដល់ឈ្មោះ ឡែម តាឡានឌឿន អាយុ ៥២ ឆ្នាំជាម្ចាស់កសិដ្ឋានចម្ការដំឡូងមី និង អំពៅ ដែលនៅក្បែរកសិដ្ឋានរបស់លោក ជីន ប្រាក់កាន ដែលជាថៅកែរបស់អ្នកស្រី និងប្ដីអ្នកស្រីគឺលោក សរ ងី។

អ្នកស្រីបានថ្លែងបន្តថានៅយប់ថ្ងៃកើតហេតុប្អូនថ្លៃអ្នកស្រីឈ្មោះ សរ សាន្ត អាយុ ២៩ ឆ្នាំដែលទើបរៀបចំពិធីសែនជាមួយស្ត្រីមេម៉ាយម្នាក់ឈ្មោះ ថារី [ជាកម្មករបម្រើការនៅក្នុងកសិដ្ឋានរបស់ឈ្មោះ ឡែម តាឡានឌឿន] ធ្វើជាប្ដីប្រពន្ធនឹងគ្នា។ ក្រោយសែនរួចពួកគេបាននាំគ្នាចេញពីកសិដ្ឋាននោះមកស្នាក់នៅក្នុងកសិដ្ឋានរបស់ជនរង គ្រោះមួយយប់ដើម្បីលាបងប្អូនត្រឡប់មកកម្ពុជាវិញ។ អ្នកស្រីបានបញ្ជាក់ថា៖ «ប៉ុន្តែជនដៃដល់បានមកទាំងយប់ដោយមានភាពស្រវឹងស្រាផងក៏បានរករឿងប្អូនថ្លៃខ្ញុំ និងដកកាំភ្លើងភ្ជង់ក្បាលរបស់គាត់ដោយនិយាយថាបើហ៊ាននាំមី ថារី ទៅអញនឹងបាញ់ព្រោះវាជំពាក់លុយអញ ១ ម៉ឺនបាតមិនទាន់សងទេដូច្នេះវាត្រូវនៅធ្វើការឲ្យអញដើម្បីកាត់បំណុលឲ្យអស់សិនទើបអាចទៅបាន។ ឃើញដូច្នោះប្ដីខ្ញុំក៏បានទៅសួរនាំស្រាប់តែជនដៃដល់បង្វែរកាំភ្លើងមកប្ដីខ្ញុំហើយបាញ់ចំទ្រូងប្ដីខ្ញុំបណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង»។

អ្នកស្រីបានបន្តថាលុះភ្លឺឡើងអ្នកស្រីបានទៅប្ដឹងមន្ត្រីកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវឲ្យជួយអន្តរាគមន៍នាំសពប្ដីគាត់ត្រឡប់មកស្រុកខ្មែរវិញ ដើម្បីរៀបចំបុណ្យសពតាមប្រពៃណី។ អ្នកស្រីបានបន្ថែមថាក្រោយពិធីបុណ្យ ៧ ថ្ងៃរួចអ្នកស្រី និង សាច់ញាតិមួយចំនួននឹងត្រឡប់ទៅធ្វើការវិញនៅស្រុកថៃ និង ដើម្បីដាក់ពាក្យបណ្ដឹងសុំឲ្យស្ថានកុងស៊ុលកម្ពុជាជួយអន្តរាគមន៍ទាមទារ «សំណងជំងឺចិត្តបីសែនបាត» ពីជនដៃដល់ និង ទាមទារឲ្យអាជ្ញាធរថៃចាត់វិធានការផ្លូវច្បាប់ប្រឆាំងជនដៃដល់ឈ្មោះ ឡែម តាឡាឌឿន ដើម្បីផ្ដល់ «ភាពយុត្តិធម៌» សម្រាប់ប្ដីរបស់គាត់ដែលត្រូវបានជនដៃដល់រូបនេះបាញ់សម្លាប់។

ដោយឡែកករណីសន្តិសុខថៃ ១០ នាក់ព្រួតវាយពលករខ្មែរបួននាក់ដែលបម្រើការងារជាកម្មករអូសរទេះនៅផ្សារឡែមដែលស្ថិតក្នុងស្រុកចាន់បូរី ខេត្តចាន់ថាបូរី ប្រទេសថៃបណ្ដាលឲ្យរងរបួសធ្ងន់ស្រាលកាលពីថ្ងៃសុក្រដែរនោះនៅពេលនេះត្រូវបានអាជ្ញាធរថៃដាក់ពិន័យទោសឲ្យជាប់ពន្ធនាគាររយៈពេល ១ ខែពីបទ «បង្កហិង្សា» មកលើពលករខ្មែរអូសរទេះ។ នេះបើតាមការប្រាប់ឲ្យដឹងពីលោក នូ ពេជ្រ អនុប្រធានការងារទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកព្រំដែនអន្តរជាតិដូងកាលពីម្សិលមិញ។

លោកបានបញ្ជាក់ថា៖ «យោងតាមរបាយការណ៍ដែលផ្ដល់ដោយភាគីថៃនៅព្រឹកថ្ងៃចន្ទ [ម្សិលមិញ] នេះក្រុមសន្តិសុខទាំង ១០ នាក់នោះត្រូវបានតុលាការខេត្តចាន់ថាបូរីដាក់ពិន័យឲ្យជាប់ឃុំក្នុងពន្ធនាគាររយៈពេលមួយខែ និង ពិន័យជាប្រាក់ចំនួន ១៥០០០ បាតក្នុងម្នាក់ៗទៅឲ្យជនរងគ្រោះ»។ លោកបានបន្ថែមថាជាមួយគ្នានេះថៅកែផ្សារឡែមគឺលោក ស៊ីរីវុធ តាំងគៀត បានចេញមុខធានាចេញថ្លៃព្យាបាលទាំងអស់ដល់ជនរងគ្រោះ និង ផ្ដល់ថវិកាបន្ថែមឲ្យជនរងគ្រោះក្នុងម្នាក់ៗចំនួន ៨០០០ បាតដើម្បីសម្រួលដល់ការចំណាយផ្សេងៗនៅក្នុងគ្រួសារខណៈកំពុងព្យាបាលរបួសនេះ និងបានសន្យាថានឹងមិនឲ្យកើតមានករណីបែបនេះកើតមានឡើងជាថ្មីមកលើពលករខ្មែរ ដែលកំពុងរកស៊ីអូសរទេះដោយសារតែជីវភាពខ្វះខាតនេះទៀតឡើយ៕

website_news/2016221104.txt · Last modified: 2017/03/16 11:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki