website_news:2016221105

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ព្រមានថា បញ្ហាច្រករបៀងបើនៅតែមានការបើកឲ្យដំណើរការលែងដាក់ពិន័យទៀតហើយ គឺមានតែការដោះដូរ

(http://bayontv.com.kh) 22/11/2016

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានព្រមាន ថា ចំពោះបញ្ហាច្រករបៀង បើនៅតែមានការបើកឲ្យដំណើរការ នៅភូមិសាស្ត្រណា គឺនគរបាលការពារព្រំដែន នៅតំបន់នោះ នឹងត្រូវដោះដូរ ដោយលែងមានការដាក់ពិន័យទៀតហើយ ។ ព្រមានក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែង តាំងមុខតំណែង មេបញ្ជាការ និងបំពាក់ឋានន្តរសក្ដិ មន្ត្រីនគរបាលជាតិ នៅបញ្ជាការវរសេនាតូចនគរបាល ការពារព្រំដែន៨០៧ កាលពីថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០១៦ នៅហ្នឹងទីបញ្ជាការ ក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម ពីអាជ្ញាធរស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ។

យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃស្តីពីការប្រកាសផ្ទេរភារៈកិច្ច និងតែងតាំងមុខតំណែងនគរបាល ជាតិ ត្រូវបានតែងតាំង លោក ឡុង សំណាង ពីមេបញ្ជាការរងវរការពារព្រំដែនគោក៨៩១ ជាមេបញ្ជាការការពារ ព្រំដែនគោក៨០៧ និងតែងតាំងលោក ម៉ង់ ស៊ី ពីនាយប៉ុស្តិ៍នគរបាលបឹងត្រកួន មកជាមេបញ្ជាការរងវរសេនាតូច ការពារព្រំដែនគោក៨០៧ ។

ក្រៅពីការក្រើនរំលឹក លើបញ្ហាច្រករបៀងខាងលើ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានផ្ដាំផ្ញើ ធ្វើយ៉ាង ណាមានការសាមគ្គីផ្ទៃក្នុង រួមគ្នាដោះស្រាយបញ្ហា និងបែងចែកការងារតាមឋានានុក្រម ការពារព្រំដែន ការពារ ប្រជាពលរដ្ឋ ដោយអាកប្បកិរិយាល្អជៀសវាងបាតុភាពមិនល្អប៉ះពាល់ប្រជាពលរដ្ឋ ព្រមទាំងធ្វើយ៉ាងណាត្រូវមាន ទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ហើយមិនត្រូវបក្ខពួកនិយម ។

គួររំឭកថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់មានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យ មានច្រករបៀងច្រើន ហើយមានពលរដ្ឋចេញចូលទៅព្រឹកវិលល្ងាច ត្រូវធ្វើយ៉ាងណាបង្កភាព ងាយស្រួលដល់ពួកគាត់ ។ តែអ្វីដែលសំខាន់គឺក្រៅពីពលរដ្ឋចេញចូល វាមានអ្វីផ្សេងទៀត ។ សម្ដេចក្រឡាហោម បន្តថា បញ្ហាច្រករបៀងនេះ វាជារឿងសំខាន់ដែលយើងត្រូវគ្រប់គ្រងអោយបាន ព្រោះអំពើភេរវកម្ម វានៅមិនឆ្ងាយ ពីយើងទេ ។ ក្រៅពីបញ្ហាច្រករបៀង នៅបញ្ហាគ្រប់គ្រងជនបរទេស គ្រឿងញៀន ដែលកំពុងតែធ្វើសកម្មភាព ដល់មូលដ្ឋាន ៕

website_news/2016221105.txt · Last modified: 2017/03/16 11:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki