website_news:2016221106

ទូតខ្មែរនៅម៉ាឡេស៊ី ជួយអន្តរាគមន៍នារីខ្មែរ រងគ្រោះ ៦នាក់ ឲ្យវិលមកស្រុកកំណើតវិញ

(http://dap-news.com/kh) អង្គារ, ២២ វិច្ឆិកា ២០១៦ 11:57 ដោយ: ដើមអម្ពិល ID:039

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ដោះស្រាយបញ្ហា និងរៀបចំមាតុភូមិ និវត្តន៍របស់ពលការិនីខ្មែរចំនួន ៦នាក់ ឲ្យវិលមកស្រុកកំណើតវិញ ជាបន្តបន្ទាប់ ។ សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ពលការិនី ឡ.ច អាយុ២៩ឆ្នាំ មកពីខេត្តព្រះវិហារ បានទៅប្រទេសម៉ាឡេស៊ី ពីខែសីហា ឆ្នាំ២០១០។ ពលការិនី ស.ណ អាយុ៣៥ឆ្នាំ មកពីខេត្តកំពង់ធំ បានទៅម៉ាឡេស៊ី ពីថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០១១។ ពលការិនីទាំងពីរនាក់ បានទៅធ្វើការនៅម៉ាឡេស៊ីតាមរយៈក្រុមហ៊ុន Philimore Cambodia ជាអ្នកបោសសំអាតនៅសណ្ឋាគារ EST ក្នុងរដ្ឋ Penang ។ ពលការិនី ឡ.ច នឹងមកដល់ព្រលានយន្តហោះ ខេត្តសៀមរាប ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១៦ វេលាម៉ោង ៧និង៥០នាទីព្រឹក តាមជើងយន្តហោះ AK 542 ។

ចំណែក ពលការិនី ហ.វ អាយុ២៦ឆ្នាំ មកពីខេត្តត្បូងឃ្មុំ បានទៅម៉ាឡេស៊ីធ្វើការតាមផ្ទះ ពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយធ្វើការលំបាក ពលការិនីបានទៅស្ថានទូត នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ស្នើសុំជួយឲ្យបានត្រឡប់មកកម្ពុជា។ ដោយសារពលការិនី ពុំស្គាល់អាស័យដ្ឋាន ទំនាក់ទំនងរបស់ថៅកែ ដូចនេះស្ថានទូតពុំអាចទាមទារ ប្រាក់ខែឲ្យនាងបានឡើយ។ ស្ថានទូតបានជួយសំរបសំរួលជាមួយ ការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី និងឧបត្ថម្ភសំបុត្រយន្តហោះ ដល់នាងសម្រាប់ការ ធ្វើដំណើរមកកម្ពុជាវិញ ។

សម្រាប់ ពលការិនី ស.ច.ណ អាយុ២៣ឆ្នាំ មកពីខេត្តពោធិ៍សាត់ បានទៅម៉ាឡេស៊ីធ្វើការ ជាអ្នកបោសសំអាត ពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុននៅកម្ពុជាឈ្មោះAYN ។ ដោយធ្វើការលំបាក នាងបានទៅស្ថាន-ទូតនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ស្នើសុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ ។ ដោយសារនាងពុំស្គាល់ឈ្មោះ និងអាស័យដ្ឋានរបស់និយោជក ដូចនេះនាងសម្រេចមិន ទាមទារប្រាក់ខែពីនិយោជកទេ ។ ស្ថានទូតបានជួយសំរបសំរួល ជាមួយការិយាល័យអន្តោប្រវេសន៍ និងឧបត្ថម្ភសំបុត្រ យន្តហោះដល់នាងផងដែរ ។

ដោយឡែក ពលការិនី ព.ស.ណ អាយុ២១ឆ្នាំ មកពីខេត្តពោធិ៍សាត់ បានទៅម៉ាឡេស៊ីធ្វើការ នៅហាងលក់បារី ពីថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា ។ ដោយធ្វើការច្រើនម៉ោងពេក ពលការិនី បានទៅស្ថានទូត នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ ស្នើសុំជួយអោយ បានមកកម្ពុជាវិញ។ ស្ថានទូត បានជួយសំរបសំរួលជាមួយ ការិយាល័យអន្តោប្រវេសន៍ និងឧបត្ថម្ភសំបុត្រយន្តហោះ ដល់ពលការិនី ដោយនាងខ្វះខាតថវិកា ។

ពលការិនី យ.ស.ឃ អាយុ៣៧ឆ្នាំ មកពីខេត្តកំពង់ចាម បានទៅម៉ាឡេស៊ីធ្វើការ ជាអ្នកបោសសំអាត ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុននៅកម្ពុជាឈ្មោះ AP TSE & C Cambodian Resource Co, Ltd។ ដោយធ្វើការលំបាក ពលការិនីបានទៅស្ថានទូតនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ ស្នើស្ថានទូតទាមទារលិខិតឆ្លងដែន ដើម្បីអាចត្រឡប់មកកម្ពុជាវិញ។ ស្ថានទូតបានជួយសំរបសំរួល ជាមួយការិយាល័យអន្តោប្រវេសន៍ និងឧបត្ថម្ភសំបុត្រយន្តហោះដល់នាងផងដែរ។ ពលការិនី ស.ណ, ហ.វ, ស.ច.ណ, ព.ស.ណ និង យ.ស.ឃ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៧និង៥០នាទីព្រឹក តាមជើងយន្តហោះ AK 536 ៕

website_news/2016221106.txt · Last modified: 2017/03/16 11:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki