website_news:2016230201

ក្មេងស្រីមកពីអាហ្វ្រិកខាងត្បូងប្រគំតន្ត្រីនៅកម្ពុជាដើម្បីចូលរួមទប់ស្កាត់ទេសចរណ៍ផ្លូវភេទ

(http://www.rfa.org/khmer/news/ 2016-02-22)

ដោយ ហង្ស សាវយុតៈ អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិមួយដែលមានមូលដ្ឋាននៅកោះម៉ាដាកាស្ការ (Madagascar) នៃប្រទេសអាហ្វ្រិកខាងត្បូង កំពុងស្វែងរកកិច្ចសហការជាមួយបណ្ដាអង្គការអន្តរជាតិដទៃទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីរួមគ្នាទប់ស្កាត់ទេសចរណ៍ផ្លូវភេទ និងការជួញដូរកុមារ។ ការស្វែងរកកិច្ចសហការនៅតំបន់អាស៊ីអាគ្នេយ៍នេះ បានធ្វើឡើងតាមរយៈការដើរប្រគំតន្ត្រីទេសចរណ៍មួយក្រុមឈ្មោះ ប្លូកូ ម៉ាឡាកាស៊ី (Bloco Malagasy) ដោយមានក្មេងស្រីជាង ១០នាក់មកពីប្រទេសអាហ្វ្រិក ចូលរួមសម្ដែង។

ក្រុមតន្ត្រី ប្លូកូ ម៉ាឡាកាស៊ី ដែលរៀបចំឡើងដោយអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិមួយមកពីដែនកោះម៉ាដាកាស្ការ (Madagascar) នៃប្រទេសអាហ្វ្រិកខាងត្បូង នឹងចំណាយពេលជិតកន្លះខែ ដើម្បីដើរប្រគំតន្ត្រីនៅតាមបណ្ដាខេត្តមួយចំនួនរបស់កម្ពុជា។ ការដើរប្រគំតន្ត្រីដែលមានចំណងជើងថា “លើកកម្ពស់ទេសចរណ៍ឲ្យមានការទទួលខុសត្រូវ” នោះ បានសហការជាមួយអង្គការក្រៅរដ្ឋាភិបាលមួយនៅកម្ពុជា គឺអង្គការមូលនិធិទឹកដូងក្នុងគោលបំណងអប់រំឲ្យភ្ញៀវទេសចរបរទេស ជៀសចេញពីការជួញដូរ និងធ្វើទេសចរផ្លូវភេទលើកុមារ ព្រមទាំងស្វែងរកមូលនិធិ ជួយដល់មជ្ឈមណ្ឌលកុមារនៅប្រទេសអាហ្វ្រិក និងនៅកម្ពុជាផង។

កាលពីរាត្រីថ្ងៃទី២០ ខែកុម្ភៈ ក្រុមតន្ត្រីប្លូកូ ម៉ាឡាកាស៊ី បាននាំក្មេងស្រីពីដែនកោះម៉ាដាកាស្ការ នៃប្រទេសអាហ្វ្រិកខាងត្បូង ចំនួន ១០នាក់ មកសម្ដែងសិល្បៈជូនភ្ញៀវទេសចរបរទេសកម្សាន្តនៅក្នុងភោជនីយដ្ឋានឈ្មោះ កាយ៉ូ កូកូ (Cayo CoCo) ក្នុងទីរួមខេត្តសៀមរាប។ អ្នកគ្រប់គ្រងតន្ត្រីទេសចរណ៍ ប្លូកូ ម៉ាឡាកាស៊ី គឺលោក ចូសេ ល្វីស៍ហ្គីរ៉ៅ (José Luis Guirao)។ លោកមានប្រសាសន៍ថា ក្រុមតន្ត្រីនេះ គឺរៀបចំដោយអង្គការក្រៅរដ្ឋាភិបាលមួយនៅដែនកោះនៃប្រទេសអាហ្វ្រិកខាងត្បូង។ គោលដៅនៃការដើរប្រគំតន្ត្រីនៅតាមបណ្ដាប្រទេសខ្លះនៃតំបន់អាស៊ីអាគ្នេយ៍ពេលនេះ គឺភ្ជាប់បណ្ដាញជាមួយអង្គការក្រៅរដ្ឋាភិបាលដទៃទៀត ដើម្បីធ្វើការរួមគ្នាក្នុងការជួយកុមារ និងទប់ស្កាត់បញ្ហាទេសចរណ៍ផ្លូវភេទ ជាដើម៖ «នៅក្រោមប្រធានបទ អ្នកទេសចរ និងការទទួលខុសត្រូវនេះ យើងចង់ឲ្យអង្គការក្រៅរដ្ឋាភិបាលដូចគ្នា ជួយទប់ស្កាត់បញ្ហាទេសចរណ៍ផ្លូវភេទលើកុមារ។ អស់លោកប្រាកដជាបានដឹងខ្លះៗថា បច្ចុប្បន្ននៅម៉ាដាកាស្ការ គឺមានបញ្ហាជួញដូរមនុស្ស ការរួមភេទជាមួយកុមារ ជាដើម ហើយនៅកម្ពុជា ក៏អាចមានបញ្ហាដូចគ្នានេះដែរ»។ អង្គការមូលនិធិទឹកដូង ដែលជាមជ្ឈមណ្ឌលតូចមួយ កំពុងប្រឹងប្រែងបង្កើតជាសាលាសិល្បៈតន្ត្រីនៅខេត្តសៀមរាប ដើម្បីជួយបណ្ដុះបណ្ដាលកុមារខ្មែរដែរនោះ ឲ្យដឹងថា គេកំពុងត្រូវការមូលនិធិ និងអ្នកជួយជ្រោមជ្រែងខាងមនុស្សធម៌ ដើម្បីជួយកុមារខ្មែរ និងកុមារអាហ្វ្រិក ឲ្យមានលទ្ធភាពទៅសាលារៀន និងជៀសផុតពីការជួញដូរផ្លូវភេទ។

អ្នកគ្រប់គ្រងព្រឹត្តិការណ៍ប្រគំតន្ត្រី និងជាគ្រូបង្រៀនភ្លេងនៅខេត្តសៀមរាប លោក ហ្វេដឺរេក ប្រ៊ីរ៉េតេ (Federic Breerette) មានប្រសាសន៍ថា អង្គការរបស់លោកបានជ្រើសយកខេត្តសៀមរាប ជាកន្លែងប្រគំតន្ត្រី ពីព្រោះខេត្តនេះសម្បូរភ្ញៀវទេសចរបរទេសដែលអាចអប់រំពួកគេ ឲ្យជៀសចេញពីទេសចរណ៍ផ្លូវភេទលើកុមារផង និងអាចរកកម្រៃសម្រាប់ជួយកុមារនៅអាហ្វ្រិក និងនៅកម្ពុជា ផង៖ «ពេលណាយើងរកមូលនិធិបាន គឺយើងនឹងជួយទៅមជ្ឈមណ្ឌលដែលបង្រៀនកុមារឲ្យចេះលេងភ្លេងនៅខេត្តបាត់ដំបង និងនៅខេត្តសៀមរាប។ ចំណែកមូលនិធិខ្លះទៀត នឹងយកទៅជួយកុមារនៅដែនកោះម៉ាដាកាស្ការ នៃប្រទេសអាហ្វ្រិកខាងត្បូង»។

ក្រុមតន្ត្រី ប្លូកូ ម៉ាឡាកាស៊ី មានគម្រោងនឹងដើរប្រគំតន្ត្រីនៅខេត្តសៀមរាប ចំនួន ៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែកុម្ភៈ។ ក្រុមនេះនឹងធ្វើដំណើរទៅប្រគំតន្ត្រីនៅខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៧ ខែកុម្ភៈ ហើយចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៣ ខែមីនា ពួកគេមានគម្រោងនឹងទៅប្រគំតន្ត្រីទេសចរណ៍នៅទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ៕

website_news/2016230201.txt · Last modified: 2017/02/27 15:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki