website_news:2016230302

ពលរដ្ឋខ្មែរចាញ់បោកមេខ្យល់ទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតស្នើសុំអន្តរាគមន៍

(http://www.rfa.org/khmer/news/.html 2016-03-23) ដោយ ប្រាជ្ញ ចេវ

ពលរដ្ឋចាញ់បោកមេខ្យល់ទៅធ្វើការងារនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត (SAUDI ARABIA) ស្នើសុំអន្តរាគមន៍ បន្ទាប់ពីរងការរំលោភបំពាននៅប្រទេសនោះ។ សង្គមស៊ីវិលស្នើឲ្យសាមីជន ឬសាច់ជាតិដាក់ពាក្យប្ដឹងទៅស្ថាប័នរដ្ឋ ឬអង្គការសង្គមស៊ីវិលដើម្បីពួកគេអន្តរាគមន៍។

បើទោះរដ្ឋមន្ត្រីកម្ពុជា មិនទាន់សម្រេចបញ្ជូនពលករទៅធ្វើការងារផ្លូវការនៅប្រទេសអារ៉ាប៊ី សាអ៊ូឌីតក្ដី ប៉ុន្តែមានមេខ្យល់មួយចំនួនបានបញ្ជូនពលរដ្ឋទៅធ្វើការងារនៅប្រទេសនេះ ជាបណ្តើរៗហើយ ហើយពេលនេះ ពលរដ្ឋកំពុងរងរំលោភបំពានពីថៅកែ និងម្ចាស់ផ្ទះ។ ថ្លែងប្រាប់វិទ្យុអាស៊ីសេរី ពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក (Facebook) បុរសដែលកំពុងធ្វើការងារនៅប្រទេសនេះ ឲ្យដឹងថា កាលពីឆ្នាំ២០១៤ មាននិស្សិតបានទៅរៀននៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត មកទាក់ទងលោកឲ្យទៅបម្រើការងារជាអ្នកបើក និងភរិយារបស់លោកធ្វើជាអ្នកបម្រើការងារនៅតាមផ្ទះ ដោយទទួលបានប្រាក់ខែម្នាក់ ៤០០ដុល្លារ និងប្រាក់អាហារ ១០០ដុល្លារបន្ថែមទៀត។ លោកបន្តថា មេខ្យល់ឲ្យលោកជិះឡានទៅប្រទេសថៃ ដើម្បីជិះយន្តហោះពីប្រទេសថៃ បន្តទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ពេលទៅដល់ គេដកហូតលិខិតឆ្លងដែនទុក ចំណែកប្រាក់ខែ និងប្រភេទការងារ មិនស្រួលដូចការសន្យារបស់មេខ្យល់ទេ៖ «គាត់ (មេខ្យល់) និយាយថា គេត្រូវជ្រើសរើសស្រីប្រុស ប្តីប្រពន្ធ។ យើងគិតដឹងតែសល់ហើយ ធ្វើការងារផ្ទះប្ដីប្រពន្ធអ៊ីចឹង យើងគិតថា ការងារបើកឡានមានអីហត់ ស្រីនៅផ្ទះ ប៉ុន្តែពេលមកដល់មានដឹងណា»។

ប្រទេសកម្ពុជា និងប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានចុះកិច្ចព្រមព្រៀង (MOU) ជាមួយគ្នាក្នុងនាមប្រទេសបញ្ជូន និងទទួល ឬការផ្លាស់ប្ដូរកម្លាំងពលកម្មជាមួយគ្នាកាលពីថ្ងៃទី១២ ខែកុម្ភៈ។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មិនទាន់ហ៊ានប្រកាសជ្រើសរើសពលករខ្មែរឲ្យទៅធ្វើការងារស្របច្បាប់នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត នោះនៅឡើយទេ។

បុរសដដែលបន្តទៀតថា ថៅកែប្រើលោកឲ្យធ្វើការគ្មានពេលទំនេរទេ សូម្បីពេលឈឺក៏មិនអាចសម្រាកបានដែរ ហើយបើគេមិនព្រមធ្វើការងារថៅកែប្ដឹងប៉ូលិសឲ្យចាប់ខ្លួន។ លោកថា លោកត្រូវភ្ញាក់ធ្វើការងារពីម៉ោង ៥ព្រឹក ធ្វើការដល់ម៉ោង ២យប់ ទើបបានសម្រាក៖ «ការងារប្រចាំបើកឡាន ប៉ុន្តែក្រៅពីបើកឡាន យើងត្រូវជូតសម្អាតផ្ទះ ជួសជុលទូរទឹកកក និយាយរួមមិនកំណត់ទេ ដល់យើងថា ធ្វើអត់កើតទេ ខ្ញុំឈឺហើយ ស្អែកឡើងប៉ូលិសមកដល់ផ្ទះ តែប៉ូលិស យើងនិយាយយ៉ាងម៉េចក៏អត់ស្ដាប់ ចាប់យើងទៅហើយ»។

ទន្ទឹមនឹងការលំបាករបស់ពលករខ្មែរខុសច្បាប់នៅក្រៅប្រទេស ក្រុមមេខ្យល់នាំពលករនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានបង្ហោះពីដំណឹងជ្រើសរើសពលករនៅតាមបណ្ដាញសង្គមហ្វេសប៊ុក មានទាំងបង្ហាញលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងទៀតផង។ មន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ស្នើឲ្យសាច់ញាតិជនរងគ្រោះដាក់ពាក្យដើម្បីអង្គការលោកជួយអន្តរាគមន៍បន្ត។ លោកថា នេះជាគ្រោះថ្នាក់ធំដល់ពលរដ្ឋខ្មែរ ព្រោះប្រទេសអារ៉ាប៊ីសាអ៊ូឌីត មិនទាន់មានស្ថានទូតខ្មែរនៅឡើយទេ៖ «គឺគាត់គ្រាន់តែផ្ដល់ព័ត៌មានមកអង្គការ ហើយយើងនឹងព្យាយាមទាក់ទងទៅគ្រួសារគាត់ដើម្បីឲ្យមានកិច្ចអន្តរាគមន៍»។

វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីមន្ត្រីក្រសួងការ និងក្រសួងការបរទេស ទាក់ទងករណីនេះបាននៅឡើយទេ នៅថ្ងៃទី២២ ខែមីនា។ របាយការណ៍ពីអង្គការសិទ្ធិមនុស្សលីកាដូ ឲ្យដឹងថា អង្គការទើបទទួលបានបណ្ដឹងពីរករណី។ ដោយឡែកបុរសដែលកំពុងធ្វើការងារនៅអារ៉ាប៊ីសាអ៊ូឌីត ថា នៅតំបន់ពួកគេធ្វើការមានពលករខ្មែរចំនួន ៨នាក់។ លោកថា កាលពីពេលថ្មីនេះ មានស្ត្រីម្នាក់រត់ចេញពីផ្ទះថៅកែដែរ ប៉ុន្តែមិនបានសម្រេច បានត្រឹមការធ្វើទុក្ខបុកម្នេញពីម្ចាស់ផ្ទះលើសដើម៕

website_news/2016230302.txt · Last modified: 2017/02/28 11:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki