website_news:2016230601

មានការលេចចេញលម្អិតអំពីការស៊ីឈ្នួលពពោះ

(http://www.postkhmer.com) គេហទំព័រភ្នំពេញប៉ុស្តិ៍ Thu, 23 June 2016 ប៊ុន សេងគង់ and Will Jackson

ភ្នំពេញៈ បើទោះបីជាមានការលាក់បាំងក៏ដោយ ក៏ប៉ុន្តែពេលនេះចាប់លេចចេញនូវសេចក្ដីលម្អិតអំពីវិស័យស៊ីឈ្នួលពពោះជំនួសផ្នែកពាណិជ្ជកម្មដែលកំពុងរីកចម្រើននៅកម្ពុជា។

ក្នុងអត្ថបទលើគេហទំព័រ Gay With Kids ប្តីប្រពន្ធជនជាតិអង់គ្លេស និងប៉ូឡូញមួយគូបានបង្ហាញពីរបៀបដែលពួកគេបានក្លាយជាឪពុកម្តាយរបស់ទារកទីមួយតាមរយៈការស៊ីឈ្នួលពពោះជំនួសដែលបានកើតនៅកម្ពុជាកាលពីដើមឆ្នាំនេះ។ ទន្ទឹមនឹងនេះដែរស្ត្រីកម្ពុជាម្នាក់ដែលបានទទួលប្រាក់ដើម្បីពពោះកូនភ្លោះឲ្យប្តីប្រពន្ធជនជាតិចិនបានផ្ដល់នូវការយល់ដឹងមួយចំនួនអំពីកិច្ចព្រមព្រៀងដែលគេផ្តល់ឲ្យម្តាយដែលស៊ីឈ្នួលពពោះជំនួសនោះ។ បើទោះបីជាត្រូវបានកំណត់ថាជា «អំពើជួញដូរមនុស្ស» ដោយរដ្ឋាភិបាលកម្ពុជាក៏ដោយ ក៏ប៉ុន្តែសញ្ញាបង្ហាញថាវិស័យនេះបានរីកចម្រើនខ្លាំងនៅកម្ពុជាបន្ទាប់ពីការអនុវត្តនេះត្រូវបានកំណត់ថាខុសច្បាប់ ឬត្រូវរឹតបន្តឹងសម្រាប់ជនបរទេសនៅឥណ្ឌា នេប៉ាល់ និងថៃ កាលពីឆ្នាំមុន។

ប៉ុន្តែទីភ្នាក់ងារស៊ីឈ្នួលពពោះជំនួសគ្លីនិក IVF និងអ្នកទាំងឡាយដែលចង់បានកូនតាមរយៈការស៊ីឈ្នួលពពោះជំនួសនោះ (ដែលគេស្គាល់ថាជា «ឪពុកម្តាយចង់បានកូន») បដិសេធថាមិនបានផ្តល់សេវាកម្មនេះទេហើយបដិសេធនិយាយបើកចំហអំពីសេវាកម្មនេះដោយសារភ័យខ្លាចថានឹងមានប្រតិកម្មប្រឆាំងពីសាធារណជនដែលអាចបណ្តាលឲ្យមានការបង្រ្កាបពីរដ្ឋាភិបាល។

យោងតាមគេហទំព័រ Gay With Kids បានឲ្យដឹងថាប្តីប្រពន្ធដែលត្រូវបានកំណត់អត្តសញ្ញាណត្រឹមឈ្មោះ Greg មកពីចក្រភពអង់គ្លេស និងឈ្មោះ Lukasz មកពីប្រទេសប៉ូឡូញបានសម្រេចចិត្តសាកល្បងប្រើសេវាស៊ីឈ្នួលពពោះជំនួសនៅប្រទេសថៃកាលពីឆ្នាំមុន។ ទោះជាយ៉ាងណាមួយសប្តាហ៍បន្ទាប់ពីនីតិវិធី IVF រដ្ឋាភិបាលយោធាថៃ បានកំណត់ថាការពពោះជំនួសសម្រាប់ជនបរទេសគឺខុសច្បាប់ដូច្នេះប្តីប្រពន្ធនេះបាននាំយកអ៊ុំប្រីយ៉ូមកកម្ពុជាដែលវិស័យថ្មីនេះទើបតែចាប់ផ្តើម។

ពួកគេបានប្រើភ្នាក់ងារស៊ីឈ្នួលពពោះជំនួសក្នុងស្រុកហើយ បន្ទាប់ពីអ្នកស៊ីឈ្នួលមានផ្ទៃពោះក្នុងការខិតខំប្រឹងប្រែងលើកដំបូងទារករបស់ពួកគេឈ្មោះ Mikey បានក្លាយជាទារកទីមួយដែលកើតតាមរយៈការស៊ីឈ្នួលពពោះជំនួសនៅកម្ពុជានៅថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំនេះ។

លោក Greg បានប្រាប់គេហទំព័រនោះថាមនុស្សជាច្រើននាក់បានប្រញាប់ប្រញាល់មកកម្ពុជាដើម្បីមានកូនតាមរយៈការស៊ីឈ្នួលពពោះជំនួសនេះ។ លោកមិនច្បាស់ទេថា តើវានៅស្របច្បាប់នៅទីនេះយូរប៉ុនណាហើយលោក និងភរិយារបស់លោកចង់សាកល្បង និងមានកូនមួយទៀតនៅកម្ពុជាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ យោងតាមគេហទំព័រ Gay With Kids បានឲ្យដឹងថាប្តីប្រពន្ធនេះបានកំពុងរស់នៅក្នុងប្រទេសអេស្ប៉ាញប៉ុន្តែពួកគេគ្រោងផ្លាស់លំនៅទៅប្រទេសអៀរឡង់។ នៅពេលទាក់ទងតាមហ្វេសប៊ុក លោក Greg បានបដិសេធធ្វើអត្ថាធិប្បាយបន្ថែមប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ដោយលោកបានថ្លែងថា៖ «ការផ្សព្វផ្សាយជាសាធារណៈបន្ថែមទៀតអំពីការស៊ីឈ្នួលពពោះជំនួសនេះសេវានេះនឹងបិទកាន់តែឆាប់ហើយឱកាសមានកាន់តែតិចសម្រាប់ក្រុមគ្រួសារដូចជាគ្រួសារយើងក្នុងការមានកូន។ [ខ្ញុំ] បានសុំទោសប្រព័ន្ធផ្សព្វផ្សាយមិនមែនជាមិត្តទេចំពោះសេវាស៊ីឈ្នួលពពោះជំនួសនេះ»។

ភ្នំពេញ ប៉ុស្តិ៍ បានទាក់ទងឪពុកម្តាយផ្សេងទៀតជាច្រើននាក់ដែលចង់បានកូន ប៉ុន្តែទាំងអស់គ្នាបានបដិសេធធ្វើអត្ថាធិប្បាយដោយសារមូលហេតុថាការផ្សព្វផ្សាយពីសេវាកម្មនេះនឹងបង្កើតការជំទាស់ចំពោះសេវាកម្មនេះនៅកម្ពុជាហើយនឹងបណ្តាលឲ្យមានការហាមឃាត់លើសេវាកម្មនេះ។ គ្មានទីភ្នាក់ងារស៊ីឈ្នួលពពោះជំនួសណាមួយឆ្លើយតបទៅនឹងការសុំអធិប្បាយពីកាសែតភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញឡើយ។ ស្ថាបនិកទីភ្នាក់ងារ New Genetics Global លោក Josh Lam បានលើកមូលហេតុទាក់ទងនឹងភាពឯកជន។

ទោះជាយ៉ាងណា ស្រ្តីម្នាក់អាយុ ៣៤ ឆ្នាំរស់នៅភ្នំពេញដែលសុំមិនបញ្ចេញឈ្មោះ ដោយសារតែអ្នកស្រីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិនលាតត្រដាងបានថ្លែងថា អ្នកស្រីទទួលបានប្រាក់ ១ ម៉ឺនដុល្លារអាមេរិកសម្រាប់ការស៊ីឈ្នួលជំនួសប្តីប្រពន្ធជនជាតិចិនក្នុងការពពោះកូនម្នាក់។

ម្តាយស៊ីឈ្នួលពពោះជំនួសដែលមានកូនពីរនាក់រួចហើយរូបនេះបន្តថាអ្នកស្រីទទួលបានប្រាក់បន្ថែមចំនួន ១០០០ ដុល្លារអាមេរិកទៀតបន្ទាប់ពីគេរកឃើញថាអ្នកស្រីមានកូនភ្លោះ។ មិត្តភក្តិដែលបានណែនាំអ្នកស្រីឲ្យស្គាល់ទីភ្នាក់ងារស៊ីឈ្នួលពពោះជំនួសបានទទួលថ្លៃសេវាអ្នកនាំចំនួន ៣៥០ ដុល្លារ។ អ្នកស្រីបានលើកឡើងថា ជាធម្មតាអ្នកស៊ីឈ្នួលពពោះជំនួសត្រូវបង់ប្រាក់ ២០ ភាគរយនៃប្រាក់ ១ ម៉ឺនដុល្លារទៅឲ្យឈ្នួញកណ្តាលដែលណែនាំអ្នកស៊ីឈ្នួលឲ្យស្គាល់ទីភ្នាក់ងារ។ អ្នកស្រីបន្ថែមថា អ្នកស្រីបានទិញដីមួយកន្លែងនៅជាយក្រុងភ្នំពេញហើយឥឡូវនេះកំពុងសន្សំប្រាក់ដើម្បីសាងសង់ផ្ទះនៅទីនោះសម្រាប់ខ្លួនអ្នកស្រីកូន និងម្តាយរបស់អ្នកស្រី។

ខណៈមនុស្សមួយចំនួន មានការព្រួយបារម្ភផ្នែកសីលធម៌ទាក់ទងនឹងការស៊ីឈ្នួលពពោះជំនួសនេះមានការលើកឡើងពីក្តីបារម្ភច្បាស់លាស់បន្ថែមទៀតថាដោយគ្មានបទប្បញ្ញត្តិការស៊ីឈ្នួលពពោះជំនួសជាលក្ខណៈពាណិជ្ជកម្មធ្វើឲ្យសុខុមាលភាពរបស់ម្តាយស៊ីឈ្នួល និងទារកក្នុងផ្ទៃស្ថិតក្នុងហានិភ័យដោយលើកឡើងពីករណីដែលម្តាយស៊ីឈ្នួលត្រូវបង់ថ្លៃពេទ្យ និងពិការ ឬកូនជាបន្ទុកបន្ថែមដោយសារតែឪពុកម្តាយចង់បានកូនលះបង់កូននោះ។ ករណីលេចធ្លោមួយគឺករណី«ទារក Gammy» នៅថៃកាលពីឆ្នាំ ២០១៤ ដែលបណ្តាលឲ្យមានការហាមឃាត់លើវិស័យនេះនៅទីនោះ។

ទោះបីជាបានប្រកាសថាការស៊ីឈ្នួលពពោះជំនួសគឺខុសច្បាប់នៅឆ្នាំ ២០១៤ ក៏ដោយក៏ប៉ុន្តែគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជានៅតែមិនទាន់ចែងច្បាស់លាស់អំពីការស៊ីឈ្នួលពពោះជំនួសនេះទេ។

ទីភ្នាក់ងារស៊ីឈ្នួលពពោះជំនួសបានអះអាងថានៅពេលដែលទារកកើតឪពុកផ្អែកលើហ្សែននឹងត្រូវបានដាក់ឈ្មោះលើសំបុត្រកំណើតជាមួយនឹងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយម្តាយស៊ីឈ្នួលហើយតេស្ត DNA មានលក្ខណៈគ្រប់គ្រាន់ដើម្បីឲ្យទារកទទួលបានលិខិតឆ្លងដែនបរទេសដែលផ្តល់លទ្ធភាពដល់ពួកគេក្នុងការចាកចេញពីប្រទេសកម្ពុជា។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីខែធ្នូឆ្នាំមុនបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថាគោលនយោបាយរបស់រដ្ឋាភិបាលលើការស៊ីឈ្នួលពពោះជំនួសមិនទាន់បានសម្រេចទេហើយក្រសួងនឹងធ្វើការជាមួយក្រសួងយុត្តិធម៌ និងក្រសួងសង្គមកិច្ចដើម្បីរៀបចំគោលនយោបាយនេះ។ ទន្ទឹមនឹងនេះដោយប្រទេសកម្ពុជាត្រូវបានគេអួតថាជាកន្លែង «មានតម្លៃសមរម្យ» សម្រាប់ការស៊ីឈ្នួលពពោះជំនួសលក្ខណៈពាណិជ្ជកម្មប៉ុន្តែនៅតែចំណាយលើសពី ៣ ម៉ឺនដុល្លារក្នុងការស៊ីឈ្នួលពពោះជំនួសមួយដងវិស័យនេះកំពុងបន្តរីកចម្រើន។

យោងតាមអង្គការ Families Through Surrogacy គ្លីនិក IVF ចំនួនបួនដែលអាចអនុវត្តនូវនីតិវិធីវេជ្ជសាស្រ្តដែលចាំបាច់សម្រាប់ការស៊ីឈ្នួលពពោះជំនួសបានបើកនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបចាប់តាំងពីឆ្នាំ ២០១៤ (គ្លីនិកពីរកន្លែងអះអាងថាពួកគេមិនបានផ្តល់សេវាស៊ីឈ្នួលពពោះជំនួសនេះទេ)។

ទីភ្នាក់ងារមួយចំនួនដូចជា New Life Cambodia, New Genetics Global, និង Sensible Surrogacy បានផ្សាយលើប្រព័ន្ធអនឡាញអំពីការផ្តល់សេវាស៊ីឈ្នួលពពោះជំនួសនៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិបត្រតាមអ៊ីមែលពីទីភ្នាក់ងារ New Life Cambodia កាលពីខែមីនាបានឱ្យដឹងថាទីភ្នាក់ងារនេះបានជួយសម្រួលដល់ការស៊ីឈ្នួលពពោះជំនួសចំនួន ១២ នៅកម្ពុជានៅពេលនោះដែលទារកភាគច្រើនបានចាកចេញពីកម្ពុជាហើយ។ ពួកគេបានឲ្យដឹងថា ពួកគេរំពឹងថានឹងមាន «ទារកច្រើន» នៅខែនោះ៕ TK

website_news/2016230601.txt · Last modified: 2017/03/03 14:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki