website_news:2016230901

តាចាស់កាណាដាយំពេលត្រូវស្នើដំឡើងទោស

(http://www.postkhmer.com) Thu, 22 September 2016 គឹម សារុំ

ពេញៈ នៅក្នុងសវនាការជំនុំជម្រះនៅសាលាឧទ្ធរណ៍កាលពីម្សិលមិញបុរសវ័យចំណាស់ជាតិកាណាដាម្នាក់បានយំទទូចសុំឲ្យចៅក្រមបន្ថយទោស ឬរក្សាទោសនៅត្រឹម ៧ ឆ្នាំដដែលដល់ខ្លួនបន្ទាប់ពីត្រូវអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ប្តឹងទាស់ស្នើដល់ចៅក្រមជំនុំជម្រះឲ្យដំឡើងទណ្ឌកម្មទោសពី ៧ ដល់ ១១ ឆ្នាំវិញពាក់ព័ន្ធនឹងការលេងប្រដាប់ភេទក្មេងប្រុស ៤ នាក់នៅសៀមរាបកាលពីឆ្នាំ ២០១៤។

តាមអង្គហេតុដែលអានដោយលោកចៅក្រម ប្លង់ សំណាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះបង្ហាញថាជនជាប់ចោទឈ្មោះ Deslauriers Pierre អាយុ ៧៣ ឆ្នាំជាជនជាតិកាណាដាកាលពីវេលាម៉ោង ១១ និង ១៥ នាទីថ្ងៃត្រង់ថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ ២០១៤ បាននាំក្មេងប្រុសចំនួន ៤ នាក់ដែលមានអាយុចន្លោះពី ៩ ឆ្នាំ ដល់ ១២ ឆ្នាំទៅក្រោយវត្តពោធិលើក្នុងភូមិដួនតាក្រុងសៀមរាប។ ពេលនោះជនជាប់ចោទបានឲ្យលុយទៅក្មេងម្នាក់ ១ ដុល្លារហើយរូតខោរបស់ក្មេងនោះលេងប្រដាប់ភេទដូចៗគ្នា។ បន្ទាប់មកក្មេងរងគ្រោះទាំង ៤ នាក់បានប្រាប់ម្តាយរបស់ពួកគេហើយម្តាយពួកគេប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន។ សំណុំរឿងនេះត្រូវសាលាដំបូងខេត្តសៀមរាបកាលពីថ្ងៃទី ២១ ខែវិច្ឆិកាឆ្នាំ ២០១៤ ផ្តន្ទាទោសជនជាប់ចោទដាក់គុក ៧ ឆ្នាំចោទពីបទ «ទិញពេស្យាចារកុមារក្រោមអាយុ ១៥ ឆ្នាំ»។

លោក ប្លង់ សំណាង ថ្លែងក្នុងអង្គសវនាការថា៖ «សំណុំរឿងនេះជនជាប់ចោទមិនបានប្តឹងទាស់មកសាលាឧទ្ធរណ៍ទេតែលោកអគ្គព្រះរាជអាជ្ញា ទិត្យ សុទ្ធី បានប្តឹងទាស់ដោយលោកមិនសុខចិត្តនឹងទណ្ឌកម្មទោសដែលតុលាការថ្នាក់ក្រោមដាក់ ៧ ឆ្នាំហើយលោកសុំឲ្យក្រុមប្រឹក្សាជំនុំជម្រះដំឡើងដល់ ១១ ឆ្នាំវិញព្រោះជនជាប់ចោទប្រព្រឹត្តបទល្មើសដែលខុសប្រពៃណីហើយក្មេងក្រោមអាយុ ១៥ ឆ្នាំទៀត។ «ដូច្នេះការជំនុំជម្រះរបស់ជនជាប់ចោទថ្ងៃនេះគឺតុលាការពិចារណាតែទណ្ឌកម្មទោសទេថាតើត្រូវដំឡើងឬយ៉ាងណា?»។ ខណៈចៅក្រមអនុញ្ញាតឲ្យអង្គុយដោយសារជនជាប់ចោទមានសុខភាពទ្រុឌទ្រោមនោះលោក Deslauriers Pierre បានឈ្ងោកមុខយំពេលមេធាវីរបស់គាត់ឈ្មោះ លី ទិត្យបូណាមី រំឭកប្រាប់ចៅក្រមថា៖ «ប្រពន្ធ និងកូនរបស់គាត់បានស្លាប់អស់ក្នុងគ្រោះថ្នាក់ចរាចរណ៍ហើយគាត់ចាស់ជរា និងមានជំងឺមហារីកក្រពះ និងតម្រង់នោម។ គាត់មានតែស្លាប់ក្នុងគុកទេបើតុលាការដាក់ទោសគាត់លើសពី ៧ ឆ្នាំនោះ»។

លោក Deslauriers Pierre ទទូចដល់ចៅក្រមតាមរយៈអ្នកបកប្រែថា៖ «រឿងនេះមានក្មេងស្រីម្នាក់ក្នុងចំណោមក្មេងប្រុស ៣ នាក់ហើយក្មេងស្រីនោះអាចជាសាក្សីឆ្លើយដោះបន្ទុកខ្ញុំបានតែពេលឡើងសវនាការតុលាការខេត្តសៀមរាបតុលាការមិនបានហៅក្មេងស្រីនោះមកទេ។ ពេលនេះខ្ញុំសុំឲ្យតុលាការឧទ្ធរណ៍បន្ថយទោសដល់ខ្ញុំតែបើមិនបន្ថយឲ្យខ្ញុំសុំតែទោស ៧ ឆ្នាំបានហើយកុំដំឡើងទៀតអី»។

លោកព្រះរាជអាជ្ញា ឃុត សុភាង តំណាងមហាអយ្យការសន្និដ្ឋានថា៖ «នេះជាបណ្តឹងរបស់លោកអគ្គព្រះរាជអាជ្ញាព្រោះយល់ថាទោស ៧ ឆ្នាំតិចដែលស្នើឲ្យដាក់ ១១ ឆ្នាំ។ ប៉ុន្តែព្រះរាជអាជ្ញាក៏មានគុណធម៌មួយដែរព្រោះជនជាប់ចោទមានវ័យចាស់។ សូមក្រុមប្រឹក្សាពិចារណាតាមច្បាប់»។ ក្រោយជំនុំជម្រះប្រមាណមួយម៉ោងលោក ប្លង់ សំណាង ថ្លែងថាសាលដីកានេះនឹងប្រកាសនៅល្ងាចថ្ងៃទី ៥ ខែតុលាខាងមុខ៕

website_news/2016230901.txt · Last modified: 2017/03/12 17:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki