website_news:2016230902

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ស្នើឲ្យសមាគមជប៉ុន-កម្ពុជាជួយការពារពលករនិងនិស្សិត កម្ពុជានៅជប៉ុន

(http://www.cen.com.kh) ថ្ងៃទី 22 កញ្ញា 2016, ម៉ោង 07:52:PM | ដោយ: មុនីរាជ

ភ្នំពេញ: លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានជួបពិភាក្សាការងារជាមួយលោកតាកាហាហ្សី ហ្វូម៉ៃគី (TAKAHASHI Fumiaki) ប្រធានសមាគមមិត្តភាពជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជានៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦។

លោកថៃ វណ្ណា ទីប្រឹក្សាលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងប្រាប់ក្រុមកាសែតបន្ទាប់ពីជំនួបចប់ថា នៅក្នុងជំនួបនោះលោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថាទំនាក់ទំនងមិត្តភាពកម្ពុជា ជប៉ុន បានក្លាយជាដៃគូយុទ្ធសាស្ត្រចាប់តាំងពីឆ្នាំ២០១៣មក។សមាគមជប៉ុន-កម្ពុជា បានដើរតួនាទីសំខាន់ក្នុងការពង្រឹងពង្រីកទំនាក់ទំនងរវាងជប៉ុននិងកម្ពុជា និងពង្រឹងទំនាក់ទំនងជាមួយស្ថាប័ននីតិបញ្ញតិនៃប្រទេសទាំងពីរ។

លោកបន្តថា នៅក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្នើសុំឲ្យលោកតាកាហាហ្សី ជំរុញអ្នក វិនិយោគទុនជប៉ុនមកបណ្តាក់ទុននៅកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត។ កម្ពុជាមានសក្តានុពលវិនិយោគជាច្រើននិងសុំឲ្យជួយជំរុញអ្នកទេសចរជប៉ុនមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើន ព្រោះមានក្រុមហ៊ុនអាកាសចរណ៏ជប៉ុនឈ្មោះANA បានបើកជើងហោះហើរត្រង់តូក្យូ-ភ្នំពេញ។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានស្នើសុំឲ្យសមាគមជប៉ុន-កម្ពុជា ជួយដល់ពលករកម្ពុជាជាង ៣០០០នាក់ (ស្ត្រីជាង១៩០០នាក់) កំពុងធ្វើការងារនៅប្រទេសជប៉ុន និងមាននិស្សិតជាង ៥០០នាក់ ផងដែរ គឺក្នុងករណីពលករ និងនិស្សិតកម្ពុជាមានការលំបាកនោះសុំឲ្យសមាគមជប៉ុន-កម្ពុជា ជួយអន្តរាគមន៏តាមផ្លូវច្បាប់ហើយសុំឲ្យសមាគមជប៉ុន-កម្ពុជាផ្តល់អាហារូបករណ៏បន្ថែមទៀតដល់និស្សិតកម្ពុជាមានលទ្ធភាពបន្តការសិក្សា នៅជប៉ុន ។ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានរំលឹកថា កាលពីលោកនៅធ្វើជារដ្ឋ មន្ត្រីក្រសួងការបរទេសកម្ពុជា គឺបានចុះហត្ថលេខាជាមួយលោកតាកាហាហ្សី ធ្វើជាឯកអគ្គរាជទូតជប៉ុន ចំនួនជាង២០គំរោង។

នៅក្នុងឱកាសនោះដែរ លោកតាកាហាហ្សី បានមានប្រសាសន៏លើកឡើងថាសមាគមជប៉ុន-កម្ពុជា បានជួយដល់ពលករនិងនិស្សិតកម្ពុជាសិក្សានៅប្រទេសជប៉ុន៕s/e

website_news/2016230902.txt · Last modified: 2017/03/12 17:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki