website_news:2016230906

ទូកផ្ទុកជនចំណាកស្រុក៤៥០នាក់ក្រឡាប់ជិតប្រទេសអេហ្ស៊ីបបង្កឲ្យមនុស្ស៤២នាក់ស្លាប់

(http://ppt-news.net) ចេញផ្សាយ ថ្ងៃទី 22/09/2016

អេហ្ស៊ីប ៖ ក្រុមមន្ត្រីបាននិយាយថា ទូកផ្ទុកជនចំណាកស្រុករហូតដល់ទៅ៤៥០នាក់បានលិចក្នុងសមុទ្រមេឌីទែរ៉ាណេជិតឆ្នេរសមុទ្រភាគខាងជើងរបស់ប្រទេសអេហ្ស៊ីបកាលពីថ្ងៃពុធដោយបណ្តាលឲ្យមនុស្ស៤២នាក់លង់ទឹកស្លាប់និងជំរុញឲ្យមានប្រតិបត្តិការស្វែងរកមួយដែលជួយសង្គ្រោះអ្នកដំណើរបាន១៦៣នាក់។

ប៉ូលិសនិងមន្ត្រីសុខាភិបាលបាននិយាយថា ទូកនេះបានក្រឡាប់ជិតទីក្រុងកំពង់ផែ Rosetta ។អ្នកនៅរស់ចំនួនប្រាំនាក់ដែលកំពុងស្នាក់នៅក្នុងបន្ទប់នៃមន្ទីរពេទ្យក្រុង Rosetta បានប្រាប់ AFP ថា មនុស្សរហូតដល់ទៅ៤៥០នាក់គឺស្ថិតលើទូកនោះ។

មន្ត្រីសាលាក្រុងនៅក្នុងទីក្រុងមេឌីទែរ៉ាណេមួយនេះបានប្រាប់ AFP ថា ទូកនេះបានលិចនៅចម្ងាយប្រមាណ១២គីឡូម៉ែត្រពីឆ្នេរហើយជនរងគ្រោះរួមមានកុមារម្នាក់ ស្ត្រី១០នាក់និងបុរសវ័យក្មេង៣១នាក់។ ពួកគេគឺជាជនជាតិអេហ្ស៊ីប អេរីទ្រា ស៊ូដង់និងស៊ីរី។ នេះបើតាមការលើកឡើងរបស់មន្ត្រីម្នាក់ដែលមានឈ្មោះ Ali Abdel Sattar ។

សោកនាដកម្មនេះបានកើតឡើងប៉ុន្មានខែបន្ទាប់ពីទីភ្នាក់ងារព្រំដែនរបស់សហភាពអឺរ៉ុប Frontex បានព្រមានថា ជនចំណាកស្រុកកាន់តែច្រើនដែលមានបំណងឈានទៅអឺរ៉ុបគឺបានបង្វែទៅរកប្រទេសអេហ្ស៊ីបជាចំនុចចាកចេញសម្រាប់ការធ្វើដំណើរប្រថុយគ្រោះថ្នាក់តាមសមុទ្រ។

យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រហូតមកដល់ពេលនេះ អ្នកដំណើរ១៦៣នាក់ត្រូវបានជួយសង្គ្រោះ។ យោធាដដែលបានបន្ថែមថា ពួកគេបានបញ្ឈប់ទូកមួយទៀតនៅកន្លែងផ្សេងលើឆ្នេរសមុទ្រមេឌីទែរ៉ាណេដែលផ្ទុកជនចំណាកស្រុក២៩៤នាក់។ ខណៈដែលប្រតិបត្ដិការស្វែងរកកំពុងបន្តនោះ អ្នកនាំពាក្យក្រសួងសុខាភិបាលលោក Khaled Megahed បានប្រាប់ AFP ថា មន្ទីរពេទ្យកំពុងត្រៀមទទួលអ្នកស្លាប់និងរបួសបន្ថែមទៀត។

បើយោងតាមអង្គការសហប្រជាជាតិបានអះអាងថា មនុស្សជាង១០,០០០នាក់បានស្លាប់ខណៈព្យាយាមឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេទៅអឺរ៉ុបចាប់តាំងពីឆ្នាំ២០១៤មក៕

website_news/2016230906.txt · Last modified: 2017/03/12 17:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki