website_news:2016240802

ប្រធានព្រឹទ្ធសភា ស្នើរដ្ឋាភិបាលម៉ាឡេស៊ី ជួយការពារពលករខ្មែរ

(http://www.dap-news.com/kh) ថ្ងៃពុធ, ២៤ សីហា ២០១៦ 13:41 ដោយ: ហង្ស ទេព ID:019

ភ្នំពេញ៖ សម្តេច សាយ ឈុំប្រធានព្រឹទ្ធសភា បានស្នើឲ្យរដ្ឋាភិបាលម៉ាឡេស៊ី តាមរយៈឯកអគ្គរាជទូតប្រចាំកម្ពុជា ឲ្យជួយការពារពលករខ្មែរ ដែលកំពុងធ្វើការនៅម៉ាឡេស៊ី ឲ្យជៀសផុតពីការធ្វើបាបពីសំណាក់ថៅកែ។ ក្នុងឱកាសដែលសម្តេច សាយ ឈុំ អនុញ្ញាតឲ្យ លោក Dato' Sri Hasan Malek ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ សម្តេចបានស្នើ និងសំណូមពរឯកអគ្គរាជទូត ឲ្យអាជ្ញាធរម៉ាឡេស៊ី ជួយការពារពលករកម្ពុជា ដែលកំពុងរស់នៅ និងបំពេញការងារស្របច្បាប់ ក្នុងប្រទេសម៉ាឡេស៊ី និងបន្តផ្តល់អាហារូបករណ៍ ដល់និស្សិត និងមន្ត្រីរាជការកម្ពុជាផងដែរ។

សម្តេចសាយ ឈុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានរួមចំណែក ក្នុងការលើកកម្ពស់ជីវភាព របស់ប្រជាជនកម្ពុជា តាមរយៈការទទួលពលករកម្ពុជា ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។ ព្រមជាមួយគ្នានេះដែរ ប្រធានព្រឹទ្ធសភាក៏បានស្នើសុំឲ្យលោកទូត ជួយជំរុញផ្សព្វផ្សាយ អំពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា ដល់វិនិយោគិន និងភ្ញៀវទេសចរម៉ាឡេស៊ី មកវិនិយោគទុន និងទស្សនានៅកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត។ ក្នុងឱកាសនោះ លោកឯកអគ្គរាជទូត ក៏បានអញ្ជើញសម្តេចប្រធានព្រឹទ្ធសភា ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី ដើម្បីផ្លាស់ប្តូរបទពិសោធន៍ គ្នាទៅវិញទៅមក រវាងស្ថាប័ននីតិបញ្ញត្តិ នៃប្រទសទាំងពីរ ៕

website_news/2016240802.txt · Last modified: 2017/03/11 19:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki