website_news:2016241001

ក្រសួងយុត្តិធម៌ បើកការស៊ើបអង្កេតករណីសេវាស៊ីឈ្នួលពរពោះជំនួសនៅកម្ពុជា

(http://km.rfi.fr/cambodia) ដោយ អ៊ឹម រចនា 22/10/2016

លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ឲ្យដឹងថា ក្រសួងយុត្តិធម៌កំពុងតែស៊ើបអង្កេតលើករណីសេវាស៊ីឈ្នួលពរពោះជំនួស ដែលមានការអះអាងថា កំពុងតែរីកដុះដាលស្ងាត់ៗនៅកម្ពុជា។ លោកបញ្ជាក់ថា សេវានេះមិនត្រូវកើតមាននៅក្នុងប្រទេសកម្ពុជាទេ។ ការបញ្ជាក់របស់រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ដូច្នេះ ធ្វើឡើងនៅក្នុងសិក្ខាសាលារយៈពេល៣ថ្ងៃដែលទើបតែបញ្ចប់នៅថ្ងៃទី២១តុលាម្សិលមិញ ដើម្បីផ្សព្វផ្សាយសៀវភៅស្ដីពី «សេចក្ដីពន្យល់អំពីស្មុំកូនក្នុងប្រទេស» ។

បើតាមរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ការស៊ើបអង្កេតលើករណីពរពោះជំនួសនៅកម្ពុជានេះ ធ្វើឡើងដោយក្រសួងយុត្តិធម៌ សហការជាមួយក្រសួងសុខាភិបាល និងកម្លាំងនគរបាលមានសមត្ថកិច្ច។ ជាការស៊ើបអង្កេតដែលមានគោលដៅស្វែងយល់ថាតើសេវាពរពោះជំនួសនេះ ពិតជាមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដូចពាក្យចចាមអារ៉ាមមែនឬក៏យ៉ាងណា។ លោកបន្តថា ការពរពោះជំនួស គឺជាការធ្វើអាជីវកម្មលើកុមារ ហើយជាទូទៅ សេវានេះធ្វើឡើងតាមការចង់បានរបស់បុគ្គលតែប៉ុណ្ណោះ។ ឥឡូវនេះ បើទោះបីជាកម្ពុជាមិនទាន់មានច្បាប់ទប់ស្កាត់សេវាពរពោះជំនួសនេះក៏ដោយ ប៉ុន្តែលោករដ្ឋមន្ដ្រីបញ្ជាក់ថា សេវានេះមិនត្រូវកើតមាននៅក្នុងប្រទេសកម្ពុជាទេ គឺត្រូវទប់ស្កាត់ជាចាំបាច់។

ការលើកឡើងរបស់លោក អង្គ វង្សវឌ្ឍានា ដូច្នេះ ធ្វើឡើងចំពេលដែលអង្គភាពជំនាញនៅកម្ពុជាកំពុងតែរៀបចំសិក្សាពីការបង្កើតច្បាប់ស្ដីពីការពរពោះជំនួស ដើម្បីទប់ស្កាត់ការពរពោះជំនួសនៅកម្ពុជា និងចូលរួមការពារសិទ្ធិស្ដ្រីនិងកុមារ។ ការរៀបចំបង្កើតច្បាប់នេះ ត្រូវបានស្វាគមន៍ដោយលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ នៅក្នុងជំនួបជាមួយរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌កាលពីថ្ងៃទី១១តុលាកន្លងទៅ លោកស្រី រ៉ូណា ស្មីត ថែមទាំងបានសន្យាថានឹងផ្ដល់ជំនួយផ្នែកបច្ចេកទេស ព័ត៌មាន និងបទពិសោធន៍មួយចំនួនទៀត ក្នុងការបង្កើតច្បាប់នេះទៀតផង។

សូមជម្រាបជូនថា ក្រុមអ្នកជំនាញអន្ដរជាតិ កាលពីចុងខែសីហាកន្លងទៅ បានទាញសញ្ញាអាសន្នអំពីតម្រូវការនៃការបង្កើតច្បាប់សម្រាប់សេវាស៊ីឈ្នួលពរពោះជំនួសនៅកម្ពុជា ខណៈទារកយ៉ាងហោចណាស់២០នាក់ បានកើតពីស្ដ្រីខ្មែរដែលស៊ីឈ្នួលពរពោះជំនួស តាំងពីខែមករាមក។ នៅកម្ពុជា បើតាមក្រុមអ្នកជំនាញដដែល មានគ្លីនិកចំនួន២ដែលផ្ដល់សេវាកម្មពរពោះជំនួស ដោយមានឈ្មួញកណ្ដាលនិងភ្នាក់ងារយ៉ាងហោចណាស់៥០ ចូលរួមផ្សព្វផ្សាយពីសេវានេះ។

យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ បើទោះបីជាកម្ពុជានៅមិនទាន់មានច្បាប់គ្រប់គ្រងការស៊ីឈ្នួលពរពោះជំនួសក៏ដោយ ប៉ុន្តែមេខ្យល់ដែលទាក់ទងស្ដ្រីឲ្យពរពោះ ជំនួសឪពុកម្ដាយជាថ្នូរនឹងប្រាក់ នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី១សែនរៀល ទៅ១លានរៀល។ នេះបើផ្អែកតាមមាត្រា៣៣១ និង៣៣២ នៃក្រមព្រហ្មទណ្ឌកម្ពុជា៕

website_news/2016241001.txt · Last modified: 2017/03/13 11:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki