website_news:2016241004

ថៃបញ្ជូនខ្មែរមកវិញជិត១០០នាក់

(https://kohsantepheapdaily.com.kh) ឆោម ពិសម័យ ថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០១៦ ម៉ោង ០៨:៣៩

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានរាយការណ៍ថា អាជ្ញាធរថៃបានបញ្ជូនពលករខ្មែរខុសច្បាប់ជិត១០០នាក់ត្រឡប់មកប្រទេសវិញ កាលពីរសៀលថ្ងៃទី២៣ តុលា តាមច្រកទ្វាអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ។

សេចក្ដីរាយការណ៍បន្តថា ក្នុងចំណោមពលករខ្មែរទាំងនោះ មានស្ត្រីចំនួន៣៨នាក់ ។ ជាទូទៅពលករខ្មែរទាំងនេះ បានឆ្លងដែនចូលទៅប្រទេសថៃ ដោយលួចលាក់តាមច្រករបៀងនានាតាមបន្ទាត់ព្រំដែន ដែលមានមេខ្យល់ជាអ្នកដឹកនាំ។

បើតាមអាជ្ញាធរថៃបាននិយាយប្រាប់ភាគីកម្ពុជាថា ពលករខ្មែរខុសច្បាប់ទាំងនេះ ត្រូវសមត្ថកិច្ចថៃ ដើរប្រមូលពីតាមចំការនានាក្នុងទឹកដីថៃ ក្បែរព្រំដែនខ្មែរ-ថៃ ។ ពួកគេបានសំងំតាមខ្ទមចំការ ដោយមានការព្យាយាមជួយលាក់លៀមពីម្ចាស់ចំការជនជាតិថៃផងដែរ ។

ទោះជាយ៉ាងណា ពលករខ្មែរជិត១០០នាក់ខាងលើនេះ មួយចំនួនបានចាកចេញពីព្រំដែនត្រឡប់ទៅស្រុកកំណើតវិញហើយ ខណៈមានពលករមួយចំនួន ហាក់ក្រាញសំងំនៅតាមព្រំដែននៅឡើយ ដើម្បីរកវិធីសាស្ត្រ និងរកមេខ្យល់នាំចេញទៅធ្វើការដោយខុសច្បាប់នៅប្រទេសថៃវិញ៕

website_news/2016241004.txt · Last modified: 2017/03/13 11:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki