website_news:2016241005

ចោរសមុទ្រ សូម៉ាលី ទើបដោះលែងអ្នកនេសាទខ្មែរ ៤ នាក់

(http://www.postkhmer.com) Mon, 24 October 2016 Jack Davies

ភ្នំពេញៈ អ្នកនេសាទកម្ពុជាបួននាក់ដែលត្រូវបានចាប់ជាចំណាប់ខ្មាំងដោយចោរសមុទ្រសូម៉ាលីកាលពីបួនឆ្នាំកន្លះមុនបានមកដល់ព្រលានយន្តហោះ Nairobi ហើយកាលពីល្ងាចម្សិលមិញ បន្ទាប់ពីត្រូវបានដោះលែងដោយអ្នកចាប់ពួកគេកាលពីព្រឹកថ្ងៃសៅរ៍។ ការចាប់ពួកគេជាចំណាប់ខ្មាំងបានកើតឡើងកាលពីខែមីនា ឆ្នាំ ២០១២ នៅពេលកប៉ាល់នេសាទ Naham 3 ត្រូវបានប្លន់នៅដែនសមុទ្រភាគខាងត្បូងនៃប្រជុំកោះ Seychelles។ នេះបើតាមប្រធានការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម លោក Alan Cole ដែលមានមូលដ្ឋាននៅប្រទេសកេនយ៉ា។

លោក Alan Cole បានថ្លែងកាលពីម្សិលមិញថា៖ «កប៉ាល់ត្រូវបាននាំយកទៅតំបន់ដាច់ស្រយាលមួយនៃប្រទេស Somalia ដែលមិនមានការអនុវត្តច្បាប់។ កប៉ាល់នោះបានលិចហើយពួកគេបានហែលទឹកទៅច្រាំង។ មនុស្សបីនាក់បានស្លាប់»។ នៅពេលទៅដល់ឆ្នេរចំណាប់ខ្មាំងត្រូវបានយកទៅរដ្ឋ Galmudug នៅភាគកណ្តាលនៃប្រទេស Somalia។ នេះបើតាមលោក Leslie Edwards អ្នកជំនាញខាងលោះចំណាប់ខ្មាំងដែលក្រុមហ៊ុនរបស់លោកឈ្មោះ Compass Risk Management ជាអ្នកសម្របសម្រួលការចរចាឲ្យមានការដោះលែងពួកគេក្នុងរយៈកាលជាង ១៨ ខែ។

លោក Edwards ដែលបច្ចុប្បន្ននៅទីក្រុង Nairobi បានថ្លែងថា៖ «ពួកគេត្រូវបានឃុំខ្លួនជាច្រើនគីឡូម៉ែត្រពីទីក្រុង Galkayo នៅក្នុងស្ថានភាពមួយយ៉ាងអាក្រក់»។ «ពួកគេទាំងអស់គ្នាមានបញ្ហាសុខភាពរយៈពេលជាយូរមកហើយ»។ ខណៈគ្មាននរណាម្នាក់ក្នុងចំណោមពួកគេស្ថិតនៅក្នុងស្ថានភាពគំរាមដល់ជីវិតម្នាក់ក្នុងចំណោមពួកគេបានទទួលការព្យាបាលកាលពីយប់ថ្ងៃសៅរ៍ដោយសាររបួសត្រូវគ្រាប់កាំភ្លើងរយៈពេលជាច្រើនខែ។ «ជនជាតិកម្ពុជាម្នាក់បានទទួលរងរបួសគ្រាប់កាំភ្លើងហើយបានទទួលការព្យាបាលពីគ្រូពេទ្យនៅទីក្រុង Galkayo»។ «វាមិនមែនជារបួសគំរាមកំហែងដល់ជីវិតទេវាជារបួសរយៈពេលជាច្រើនខែមកហើយ។ គាត់គួរតែគ្មានបញ្ហា។ គាត់សំណាងគ្រាប់កាំភ្លើងបានត្រូវជើង និងធ្លាយចេញពីជើងរបស់គាត់»។

ទាំងលោក Edwards និងលោក Cole មិនអាចផ្តល់អត្ថាធិប្បាយបានថាតើប្រាក់លោះចំនួនប៉ុន្មានត្រូវបានបង់ដើម្បីឲ្យមានការដោះលែងអ្នកនេសាទទាំងនោះទេបើទោះបីអ្នកទាំងពីរបាននិយាយថាសមាជិកសហគមន៍នៅទីក្រុង Galkayo ដើរតួនាទីយ៉ាងខ្លាំងក្នុងការឲ្យមានការដោះលែងពួកគេ។ លោក Cole ថ្លែងថា៖ «នៅពេលពួកគេត្រូវបានចាប់ទៅ គេរំពឹងថាប្រាក់លោះនឹងមានចំនួនច្រើនប៉ុន្តែនៅពេលកប៉ាល់នោះបានលិចឱកាសទារប្រាក់លោះគឺមានតិចតួច។ វាទំនងជាសហគមន៍មូលដ្ឋានដែលបានចរចាជាមួយចោរសមុទ្រ»។

លោក Edwards បានរៀបរាប់ថាចលនារបស់មេដឹកនាំមូលដ្ឋាន និងសហគមន៍គឺ «សំខាន់នៅពីក្រោយការដោះលែងចំណាប់ខ្មាំងដោយសារវាជាស្នាមប្រឡាក់មួយនៅលើសហគមន៍របស់ពួកគេ»។ ចំណាប់ខ្មាំងទាំងនោះមិនបានធ្វើដំណើរទៅកាន់រដ្ឋធានី ណៃរ៉ូប៊ី ភ្លាមៗនោះទេបន្ទាប់ពីបានដោះលែងដោយសារតែមានក្រុមប្រជែងដែលកំពុងប្រយុទ្ធគ្នាក្នុងសង្គ្រាមស៊ីវិលដែលមានការបាញ់កាំភ្លើងធំផងដែរកាលពីយប់ថ្ងៃសៅរ៍ដែលហេតុការណ៍នេះបានរារាំងយន្តហោះរបស់ UNODC ដែលមិនអាចទៅយកពួកគេបាន។ នេះបើយោងតាមលោក John steed អ្នកសម្របសម្រួលប្រចាំតំបន់សម្រាប់អង្គការក្រៅរដ្ឋាភិបាលមួយដែលមានឈ្មោះថា Oceans Beyond Piracy ។

លោក Edwards អ្នកគ្រប់គ្រងត្រីវិស័យហានិភ័យបាននិយាយថាចំណាប់ខ្មាំងនឹងបានទទួលការពិនិត្យសុខភាពនៅពេលដែលពួកគេមកដល់ទីក្រុងណៃរ៉ូប៊ីម៉ោង ៦.៣០ ល្ងាច (ម៉ោងក្នុងរាជធានីភ្នំពេញ ១០.៣០ យប់)។ លោកថ្លែងថា៖ «អ្នកណាដែលមិនទាន់មានលក្ខណៈគ្រប់គ្រាន់ដើម្បីធ្វើដំណើរបានគឺគេអាចបន្តស្នាក់នៅទីនេះរហូតដល់ពួកគេអាចធ្វើដំណើរបាន»។

បើយោងតាមលោក Cole មន្ត្រីរបស់ UNODC បានឲ្យដឹងថាអ្នកដែលនៅសល់នឹងត្រូវធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញហើយអាចត្រូវបានសម្របសម្រួលដោយស្ថានទូតកម្ពុជានៅជិតនោះសម្រាប់ជនជាតិកម្ពុជាទាំងបួននាក់។ កាលពីល្ងាចម្សិលមិញឯកអគ្គរដ្ឋទូតកម្ពុជាទាំងប្រចាំនៅប្រទេសគុយវ៉ែត និងនៅប្រទេសអេហ្ស៊ីបគឺមិនបានដឹងអំពីស្ថានភាពអ្នកនេសាទដែលបានដោះលែងនោះទេ។ ស្ថានកុងស៊ុលប្រចាំនៅតួកគីដែលជាបេសកកម្មការទូតជិតបំផុតរបស់កម្ពុជាកាលពីម្សិលមិញមិនអាចទាក់ទងបានទេហើយអ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។

ទោះជាយ៉ាងណាកាលពីម្សិលមិញលោក Cole បាននិយាយថាសាច់ញាតិរបស់អ្នកនេសាទទាំងនោះត្រូវបានទាក់ទងរួចហើយទោះបីជាលោកមិនអាចបញ្ជាក់ពីឈ្មោះរបស់ជនជាតិកម្ពុជាទាំងបួនរូបនោះក្តី។ លោកថ្លែងថា ជនជាតិកម្ពុជាបួនរូបនេះមិនមែនជាជនជាតិកម្ពុជាដំបូងគេដែលត្រូវបានចោរសមុទ្រសូម៉ាលីចាប់ខ្លួននោះទេអ្នកនេសាទចំនួន ១៥ នាក់ត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីភាគខាងកើតរដ្ឋអាហ្វ្រិកក្នុងឆ្នាំ ២០១១។ ប៉ុន្តែបុរសចំនួន ២៦ រូបដែលបានជិះយន្តហោះចេញកាលពីល្ងាចម្សិលមិញគឺជាចំណាប់ខ្មាំងដែលនៅសល់ចុងក្រោយគេដែលត្រូវបានចាប់ខ្លួនដោយចោរសមុទ្រសូម៉ាលី។ ចំណាប់ខ្មាំងដែលត្រូវបានចោរសមុទ្រសូម៉ាលីចាប់ខ្លួនចំនួន ៧៥០ នាក់គឺមានជនជាតិកម្ពុជាតិចតួចប៉ុណ្ណោះ៕ PS/NS

website_news/2016241005.txt · Last modified: 2017/03/13 11:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki