website_news:2016241103

ស្ថានទូតកម្ពុជានៅម៉ាឡេស៊ីជួបពលការិនីខ្មែរ៤នាក់ បានត្រឡប់មកកម្ពុជាវិញ

(http://www.cen.com.kh) ថ្ងៃទី 23 វិច្ឆិកា 2016, ម៉ោង 07:25:PM) | ដោយ: មុនីរាជ

ភ្នំពេញ: លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស ម៉ាឡេស៊ី បានអន្តរាគមន៍ជួយដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍របស់ពលការិនីខ្មែរចំនួន៤នាក់ ត្រឡប់មកកម្ពុជាវិញ។ ពលការិនីទាំង៤នាក់ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោកបានបន្តថា ពលការិនីទាំង៤នាក់ មានឈ្មោះដូចជាៈ ១.ពលការិនី ព.ស.វ អាយុ៤០ឆ្នាំ មកពីខេត្តស្វាយរៀង បានទៅធ្វើការងារតាមផ្ទះ នៅម៉ាឡេស៊ី ពីថ្ងៃ ទី១៣ ខែមិថុនា ឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា ។ ដោយធ្វើការលំបាក ពលការិនីបានទៅស្ថានទូត នៅខែកក្កដា ឆ្នាំ២០១៦ ស្នើសុំជួយទាមទារប្រាក់ខែដែលនៅសល់ពីថៅកែ និងជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ តាមសំណូមពររបស់ស្ថានទូត ថៅកែរបស់ពលការិនី បានយល់ព្រមប្រគល់ប្រាក់ខែដែលនៅសល់ និងលិខិត ឆ្លងដែនដល់នាងវិញ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

២.ពលការិនី អ៊.ស.ម អាយុ២៦ឆ្នាំ មកពីខេត្តកំពង់ចាម បានទៅធ្វើការងារតាមផ្ទះនៅម៉ាឡេស៊ី ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១១ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយធ្វើការលំបាក ពលការិនីបានទៅស្ថានទូត នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ ស្នើសុំស្ថានទូតទាមទារប្រាក់ខែពីថៅកែ និងជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ស្ថានទូតបានសហការជាមួយអាជ្ញាធរម៉ាឡេស៊ី ស្វែងរកថៅកែរបស់ពលការិនី ឲ្យមកដោះស្រាយ។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ទើបថៅកែរបស់នាង បានយល់ព្រមប្រគល់ប្រាក់ខែដល់នាង តាមសំណូមពររបស់ស្ថានទូត។

៣.ពលការិនី ច.ផ.ល អាយុ២៩ឆ្នាំ មកពីរាជធានីភ្នំពេញ បានទៅធ្វើការងារតាមផ្ទះនៅម៉ាឡេស៊ី ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ នាងបានទទួលប្រាក់ខែគ្រប់ចំនួន ប៉ុន្តែដោយសារចង់មកផ្ទះវិញ នាងបានទៅស្ថានទូតនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្នើសុំជួយឲ្យបានត្រឡប់មកកម្ពុជា។

៤.ពលការិនី ទ.ច.រ អាយុ២១ឆ្នាំ មកខេត្តតាកែវ បានទៅម៉ាឡេស៊ី ធ្វើការខុសច្បាប់នៅហាង Game Internet ពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ នាងបានទៅស្ថានទូតនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ សុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ នាងពុំទាមទារប្រាក់ខែដែលនៅសល់ទេ ពីព្រោះថៅកែរបស់នាងត្រូវបានអាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួន ពីបទបើកអាជីវកម្ម Game Internet ខុសច្បាប់។

ពលការិនីទាំង៤នាក់ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង០៧:៥០នាទីព្រឹក តាមជើងយន្តហោះ AK536។ អំឡុងពេលរង់ចាំត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគដល់ពលការិនីទាំង៤នាក់ ផងដែរ៕s/e

website_news/2016241103.txt · Last modified: 2017/03/16 11:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki