website_news:2016241104

កម្ពុជា-ឡាវឯកភាពប្រើប្រាស់ ប័ណ្ណឆ្លងកាត់ តាមព្រំដែន នៅឆ្នាំ២០១៧

(http://dap-news.com/kh) ថ្ងៃពុធ, ២៣ វិច្ឆិកា ២០១៦ 13:03 ដោយ: អេង ប៊ូឆេង ID:049

ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសឡាវ បានឯកភាពគ្នាឲ្យប្រើប្រាស់ ប័ណ្ណឆ្លងកាត់តាមព្រំដែន ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០១៧ ដើម្បីសម្រួលការឆ្លងកាត់ របស់ប្រជាពលរដ្ឋ ជាពិសេសខេត្តដែលមាន ព្រំប្រទល់ជាប់គ្នា ។ យោងតាមគេទំព័រហ្វេសប៊ុក របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបាន ឲ្យដឹងថា សម្តេចបានអញ្ជើញចូលរួម ប្រជុំទ្វេភាគីជាមួយ លោក ថងលុន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ នៅឯសណ្ឋាគារអប្សរា ផាឡែស ខេត្តសៀមរាប នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

ក្នុងនោះសម្តេចលើកឡើងថា “ប្រមុខដឹកនាំនៃប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរអំពី គម្រោងរៀបចំសម្ពោធច្រកអន្តរជាតិ ត្រពាំងក្រៀល-ណងនុឃឿន ជាច្រកមួយដ៏សំខាន់ដែល ភាគីទាំងពីរបានចរចាគ្នារួចហើយ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានឯកភាពនឹងសម្ពោធនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ”។ សម្តេចបន្ដថា ទន្ទឹមនឹងនេះដែរ ប្រមុខដឹកនាំទាំងពីរក៏បានឯកភាពគ្នា លើវិធានការផ្លាស់ប្តូរអ្នកទោស រវាងប្រទេសទាំងពីរ បន្ទាប់ពីបញ្ហានេះ ត្រូវបានពិភាក្សាគ្នារួចមកហើយនោះ ។

ពាក់ព័ន្ធនឹងតំបន់វារីអគ្គីសនី ដនសាហុង គឺក្រោយពីភាគីកម្ពុជា បានពិនិត្យស្ថានភាព នៅទីនោះរួចហើយ គឺមិនមានបញ្ហាលើ គម្រោងអភិវឌ្ឍនេះឡើយ ។ សម្ដេចបន្ថែមទៀតថា ការព្រួយបារម្ភរបស់កម្ពុជា អំពីកង្វះខាតទឹក ឬចលនារស់រានរបស់ត្រី ក៏មិនមានការប៉ះពាល់ដែរ នៅពេលនេះ ឡាវបានចាប់ដំណើរការសាងសង់ គម្រោងវារីអគ្គីសនីនេះហើយ ៕

website_news/2016241104.txt · Last modified: 2017/03/16 12:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki