website_news:2016250102

ពលករខ្មែររងគ្រោះនៅបរទេសជិត៦០០នាក់ ត្រូវបានសង្គ្រោះក្នុងឆ្នាំ២០១៥

(http://www.thmeythmey.com/ 23-01-2016, 9:40 pm)

ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជា បានសហការ ជាមួយអាជ្ញាមានសមត្ថកិច្ចនៃម្ចាស់ផ្ទះ ដើម្បីជួយដោះស្រាយ និងបញ្ជូនពលករខ្មែរដែលរងគ្រោះពីការបញ្ចុះបញ្ចូលរបស់មេខ្យល់ និងក្រុមហ៊ុនឯកជនមួយចំនួន ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។ ពលករខ្មែរចំនួន ៥៧៣នាក់ ហើយ ដែលត្រូវបានជួយសង្គ្រោះពីបណ្តាប្រទេសផ្សេងៗក្នុងឆ្នាំ២០១៥ ។

នេះជាការអះអាងរបស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានថ្លែងប្រាប់សារព័ត៌មានថ្មីៗ នៅរសៀល ថ្ងៃទី២២ មករា។អ្នក នាំពាក្ រូបនេះបានបញ្ជាក់ដូច្នេះថា៖«ពលករខ្មែរទាំងនោះ ភាគច្រើនចាញ់បោកការលួងលោមរបស់មេខ្យល់ និងក្រុមហ៊ុនឯកជន ហើយការចាញ់បោកមេខ្យល់ មានចំនួនច្រើនជាងការចាញ់បោកក្រុមហ៊ុន»។ លោក ជុំ សន្ទរី បានបន្ថែមទៀតថា ពលករខ្មែរទាំង ៥៧៣នាក់នោះ ត្រូវបានជួយសង្គ្រោះនៅតាមបណ្តាប្រទេសចំនួន៦។ពលករខ្មែររងគ្រោះ ដែលត្រូវបានជួយសង្គ្រោះក្នុងប្រទេសទាំងនោះ គឺប្រទេសចិន ចំនួន៨២នាក់ (ស្រី), ប្រទេសម៉ាឡេស៊ី ចំនួន (៥៥នាក់)នាក់, ប្រទេសឥណ្ឌូនេស៊ី ចំនួន ៤២៧នាក់ (ប្រុស), ប្រទេសអារ៉ាប់ប៊ីសាអូឌីត ចំនួន ២នាក់, ប្រទេសប៉ាពូញ៉ូហ្គីណេ ចំនួន៦នាក់ និងប្រទេសអាហ្វ្រិកខាងត្បូង ចំនួន១នាក់។ ទាក់ទងនឹងពលករខ្មែរដែលធ្វើការនៅប្រទេសថៃ អ្នកានាំពាក្យរូបនេះ បានលើកឡើងថា ស្ថានទូតនិងស្ថានអគ្គកុងស៊ុលកម្ពុជា បានជួយដោះស្រាយបញ្ហាមួយចំនួន ដូចជា ការរំលោភបំពានលើពលករខ្មែរ, ការផ្តល់ការគាំទ្រផ្នែកច្បាប់, ការជួយទាមទារសំណងផ្សេងៗ និងការជួយឲ្យបានត្រឡប់មកស្រុកកំណើតវិញ។

យ៉ាងណាក៏ដោយ លោក ជុំ សុន្ទរី មិនអាចបញ្ជាក់ ថាពលករខ្មែរដែលគ្រោះនៅប្រទេសថៃប៉ុន្មាននាក់ ដែលត្រូវបានជួយសង្គ្រោះនិងនាំមកស្រុកកំណើតវិញនោះទេ។ សូមរម្លឹកថាជុំវិញបញ្ហាចំណាកស្រុករបស់ពលករនេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការ តែងអំពាវនាវម្តងហើយម្តងទៀតដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបជាពិសេស ស្ត្រីដែលងាយរងគ្រោះគួរស្វែងរកការងារដែលមានស្រាប់ក្នុងស្រុកជាជាងការចំណាកស្រុកទៅធ្វើការនៅប្រទេសក្រៅដើម្បីចៀសវាងការឃ្លាតឆ្ងាយពីក្រុមគ្រួសារនិងអាចជួបគ្រោះដោយការចាញ់បោកមេខ្យល់ ឬក្រុមហ៊ុន៕

website_news/2016250102.txt · Last modified: 2017/02/24 14:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki