website_news:2016250104

ក្រសួងការងារ៖ចាប់ពីថ្ងៃទី០១មីនានឹងចាត់វិធានការចំពោះទីភ្នាក់ងារជ្រើសពលករដែលមិនធ្វើតាមការណែនាំ

(http://km.rfi.fr/europe/24-01-2016 នៅ 07:55)

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ផ្ដើមរឹតបន្តឹងនិងព្រមានចាត់វិធានការចំពោះទីភ្នាក់ងារជ្រើសរើសពលករដែលមិនអនុវត្តន៍ទៅតាមសេចក្ដីណែនាំចុះថ្ងៃទី២០មករា។ សេចក្ដីណែនាំនេះបានក្រើនរំលឹកឲ្យទីភ្នាក់ងារជ្រើសពលករ ទាំងអស់អនុវត្តឲ្យបានល្អប្រសើរចំពោះបទប្បញ្ញត្តិលេខ១៩០ចុះថ្ងៃទី១៧សីហា២០១១ស្ដីពីការគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅបរទេស។ ដោយឡែកសម្រាប់សង្គមស៊ីវិលធ្វើការផ្នែកពលករ គាំទ្រវិធានការនេះ។ ប៉ុន្តែបានរិះគន់ថា វិធានការរបស់ក្រសួងនាពេលកន្លងនៅមិនទាន់មានលក្ខណៈធ្ងន់ធ្ងរនិងគ្មានវិធានការច្បាស់លាស់។

វិធានការរបស់ក្រសួងការងារធ្វើឡើងក្រោយពិនិត្យឃើញថា ទីភ្នាក់ងារជ្រើសរើសពលករមួយចំនួនបានអនុវត្តកាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស។ ប៉ុន្តែផ្ទុយមកវិញចំពោះក្រុមហ៊ុនឯកជនមួយចំនួនទៀតនៅមានចំណុចខ្វះខាតក្នុងការអនុវត្តបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ ដែលជាហេតុមួយទាមទារឲ្យក្រសួងតាមឃ្លាំមើល ដាស់តឿនក្រើនរំលឹក និង ធ្វើការកែតម្រូវរាល់បាតុភាពខុសឆ្គងជាបន្តបន្ទាប់។ ជាងនេះទៅទៀត ក្រសួងការងារបានពិនិត្យឃើញថា ទីភ្នាក់ងារជ្រើសរើសឯកជនមួយចំនួនធំក៏នៅមិនទាន់អនុវត្តបានល្អប្រសើរនៅឡើយ ចំពោះបទប្បញ្ញត្តិនៃអនុក្រឹត្យលេខ១៩០ចុះថ្ងៃទី១៧សីហាឆ្នាំ២០១១ស្ដីពីការគ្រប់គ្រងលើការបញ្ជូនពលករខ្មែរទៅធ្វើការនៅក្រៅប្រទេសតាមរយៈទីភ្នាក់ងារជ្រើសរើសឯកជន។ ក្រសួងការងារក៏បានណែនាំនិងរំលឹកទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ត្រូវអនុវត្ត១២ចំណុចដែលមានចែងនៅក្នុងសេចក្ដីណែនាំចុះថ្ងៃទី២០មករាគឺ គ្រប់ទីភ្នាក់ងារជ្រើសរើសទាំងអស់ចុះធ្វើការជ្រើសរើសនិងផ្សព្វផ្សាយរាល់ព័ត៌មានទាក់ទងដល់ពលករខ្មែរទៅធ្វើការនៅក្រៅប្រទេសត្រូវមានឯកសណ្ឋាន ស្លាកឈ្មោះ ស្លាកសញ្ញារបស់ទីភ្នាក់ងារជ្រើសរើសពលករឯកជន។ ព្រមទាំងមានលិខិតឧទ្ទេសនាមដែលចុះហត្ថលេខាដោយ អគ្គនាយកដ្ឋានការងារ និង សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា ហើយត្រូវមានកិច្ចសហការល្អពីអាជ្ញាធរដែនដី។

លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (Central) គាំទ្រវិធានថ្មីរបស់ក្រសួង។ ប៉ុន្តែលោកនៅ មិនទាន់ហ៊ានវាយតម្លៃថា ទទួលបានប្រសិទ្ធភាពកម្រិតណានោះទេ ដោយរង់ចាំមើលការអនុវត្ត។ តែលោកបានរិះគន់ថា វិធានការរបស់ក្រសួងនាពេលកន្លងមកគឺជាវិធានការមួយមិនទាន់មាន ភាពច្បាស់លាស់សម្រាប់ដាក់ទោសទណ្ឌ ទៅលើក្រុមហ៊ុនដែលនាំពលករចេញ នៅឡើយទេ។ ជាក់ស្ដែងក្រុមហ៊ុនឯកជនមួយឈ្មោះ ធី អិន ធី ដែលក្រសួងមហាផ្ទៃរកឃើញថា ឃុំខ្លួនមនុស្សខុសច្បាប់ បន្លំឯកសារ និង ជ្រើសរើសពលករមិនគ្រប់អាយុទៅធ្វើការជាដើម ក៏ក្រសួងការងារនៅមិនបានប្រកាសលុបចោលក្រុមនេះជាផ្លូវការដែរ។ នេះជាការកត់សម្គាល់របស់លោក មឿន តុលា។ ដោយឡែក លោក យ៉ា ណាវុធ ប្រធានអង្គការខារ៉ាមកម្ពុជា ពិនិត្យឃើញថា មានក្រុមហ៊ុនតិចតួចណាស់ដែលបញ្ជូនពលករទៅធ្វើការនៅក្រៅ ប្រទេសតាមរយៈប្រព័ន្ធស្របច្បាប់ដែលទទួលស្គាល់ដោយក្រសួងការងារ។ លោកថា ភាគច្រើននៃពលករខ្មែរ ចេញទៅធ្វើការនៅក្រៅប្រទេស ជាពិសេសប្រទេសថៃ គឺពួកគេធ្វើដំណើរតាមច្រកចេញចូលតែមួយដោយសារតែមានលក្ខណៈងាយស្រួលនិងមានការចំណាយធូរថ្លៃ៕

website_news/2016250104.txt · Last modified: 2017/02/24 14:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki