website_news:2016250105

ផ្ដន្ទាទោសស្ត្រីចិនម្នាក់ដាក់គុក៧ឆ្នាំពីបទជួញដូរមនុស្សឆ្លងដែន

(http://bayontv.com.kh/ January 25, 2016)

ភ្នំពេញ ៖ សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ សម្រេចតម្កល់សាលក្រមតុលាការថ្នាក់ក្រោមទុកជាបានការដដែល ពោលគឺ ផ្តន្ទាទោសស្ត្រីជនជាតិចិនម្នាក់ជាប់ចោទពីបទជួញដូរមនុស្សសម្រាប់ឆ្លងដែនដើម្បីកេងប្រវ័ញ្ច ដាក់គុក៧ឆ្នាំ ដដែល។ មន្ត្រីសាលាឧទ្ធរណ៍ បានឲ្យដឹងថា ស្ត្រីរូបនេះឈ្មោះ ជូ ម៉េងលាង អាយុ៣៥ឆ្នាំ ត្រូវបានសាលាដំបូងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៤ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ ។ ប៉ុន្តែស្ត្រីជាប់ចោទបានប្តឹងមកសាលាឧទ្ធរណ៍ ។ ពាក់ព័ន្ធករណីនេះ លោកចៅក្រម ស៊ិន វិសាល ថ្លែងក្នុងសវនាការ ថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ស្ត្រីជាប់ចោទ បាននាំនារីរងគ្រោះពីរនាក់ទៅកាន់ខេត្តស្ទឹងត្រែង ដើម្បីឆ្លងដែនទៅប្រទេសឡាវ ។ ប៉ុន្តែមុនពេលឆ្លងដែនចូលប្រទេសឡាវ ស្ត្រីជាប់ចោទ បាននាំនារីរងគ្រោះ ទៅមន្ទីរពេទ្យ ដើម្បីពិនិត្យប្រដាប់ភេទ ។ ក្រោយការពិនិត្យរួចហើយ ស្ត្រីជាប់ចោទ បាននាំនារីរងគ្រោះបម្រុងឆ្លងដែនទៅប្រទេសឡាវ តែនារីរងគ្រោះ បានរត់គេចខ្លួនប្តឹងប៉ូលិសឲ្យចាប់ខ្លួនតែម្ដង ។ ដោយឡែកក្នុងសវនាការ ស្ត្រីជាប់ចោទ បានបដិសេធថា ពុំបាននាំនារីរងគ្រោះទៅលក់ដូរមនុស្សដូចការចោទប្រកាន់នោះទេ ។ ស្ត្រីជាប់ចោទ បានសំណូមពរឲ្យតុលាការជួយបន្ធូរបន្ថយ ទោស ។ ទោះបីយ៉ាងណា លោក អ៊ឹម សុផាត ជាតំណាងមហាអយ្យការ ស្នើឲ្យសាលាឧទ្ធរណ៍តម្កល់ទោសស្ត្រីជាប់ចោទទុកជាបានការដដែល ៕

website_news/2016250105.txt · Last modified: 2017/02/24 14:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki