website_news:2016250107

ក្មេងជនភៀសខ្លួន២២នាក់ស្ថិតក្នុងចំណោមអ្នកលង់ទឹកស្លាប់៤៤នាក់ក្នុងគ្រោះលិចទូកនៅសមុទ្រក្រិក

( http://www.rasmeinews.com/) ដោយ ៖កញ្ញាដាលីស ថ្ងៃទី 23 មករា 2016 ម៉ោង 10:48:AM

ទូកដឹកជនភៀសខ្លួនដាច់ដោយឡែកពីគ្នាចំនួនបីគ្រឿងបានលិចនៅសមុទ្រក្រិកនៅរំលងអាធ្រាត្រថ្ងៃទី ២២មករា ដោយសម្លាប់មនុស្សយ៉ាងតិច ៤៤ នាក់ក្នុងនោះមានទាំងក្មេងចំនួន ២២នាក់ផងដែរ។

ទោះបីមនុស្សជាច្រើនត្រូវបានសង្គ្រោះដោយអាជ្ញាធរក្រិកនិងតួកគីបន្ទាប់ពីទូករបស់ពួកគេលិចតាមផ្លូវឆ្ពោះមកអឺរ៉ុប ក៏ប៉ុន្តែមនុស្សជាច្រើននាក់ពុំអាចហែលទឹកឡើងមកគោកបានទេហើយក៏លង់ទឹកស្លាប់តែម្តង។

រឿងនេះកើតឡើងខណៈដែលជនភៀសខ្លួនដ៏អស់សង្ឃឹមបានបន្តឡើងជិះទូកចល័តក្នុងបំណងចូលមកតំបន់អឺរ៉ុប បន្ទាប់ពីភៀសខ្លួនចេញពីប្រទេសនានាដូចជាស៊ីរីជាដើម។ ក្នុងឧប្បទ្ទវហេតុទីមួយ ទូកឈើដឹកមនុស្ស៤៨នាក់បានលិចនៅព្រឹកទៀបភ្លឺថ្ងៃសុក្រនៅក្បែរកូនកោះ ហ្វាម៉ាកូនីសស៊ី (Farmakonissi) ភាគខាងកើតតំបន់ អេជែន (Aegan) របស់ក្រិក។ អ្នកដំណើរជាង ៤០ នាក់បានឡើងមកដល់លើគោករួមទាំងក្មេងស្រីម្នាក់ផងដែរ ប៉ុន្តែអាជ្ញាធរបានស្រង់សាកសព៧នាក់ (ក្មេង៦នាក់ និងស្ត្រីម្នាក់) ចេញពីសមុទ្រ។ ក្នុងគ្រោះលិចទូកឈើពីរផ្សេងទៀត មនុស្សចំនួន ៣៦ នាក់បានលង់ទឹកស្លាប់ក្នុងនោះមានស្ត្រី ១៦ នាក់និងកុមារ ១១ នាក់។ អាជ្ញាធរតួកគីក៏ស្រង់បានសាកសពក្មេង៣នាក់ដែរ បន្ទាប់ពីទូកឈើមួយលិចនៅក្បែរឆ្នេររបស់ខ្លួន៕

website_news/2016250107.txt · Last modified: 2017/02/24 14:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki