website_news:2016250109

អន្តោប្រវេសន៍នៅភាគខាងជើងប្រទេសបារាំងសម្រុកឆ្លងទៅអង់គ្លេសជាថ្មី

(http://km.rfi.fr/europe/24/01/2016)

បន្ទាប់ពីមានចលនាបាតុកម្មគាំទ្រជនអន្តោប្រវេសន៍ខុសច្បាប់ នៅជំរំកាឡេ ភាគខាងជើងបារាំង បានរៀបចំឡើងកាលពីល្ងាចថ្ងៃសៅរ៍ទី ២២មករា ជនអន្តោប្រវេសន៍ប្រមាណពី ២ទៅបីរយនាក់ បាននាំគ្នាទម្លុះរនាំងប៉ូលិស សំដៅទៅកំពង់ផែឆ្លងទៅអង់គ្លេស។ កម្លាំងសមត្ថកិច្ចអាចទប់បានមួយភាគ តែមួយភាគទៀតរត់ឡើងនាវាចម្លងបាន។ អន្តោប្រវេសន៍ខុសច្បាប់នៅព្រំប្រទល់បារាំង ដែលចាំរត់ឆ្លងទៅអង់គ្លេស បានបង្កើនសកម្មភាពថ្មី នៅចុងសប្តាហ៍នេះ ដោយបាននាំគ្នាសម្រុកចូលទៅបិទខ្ទប់ស្ពានចាំឡើង នាវាចម្លង Spirit of Britain នៃក្រុមហ៊ុនអង់គ្លេស P&O ដែលជាសាឡាងដឹកជញ្ជូនអ្នកដំណើរឆ្លងដៃសមុទ្ទ La Manche ពីបារាំងទៅ/មកអង់គ្លេស។

ក្រោយពីជាប់គាំងអស់ពេលជាងបីម៉ោង ប៉ូលិសជាង៨០នាក់ បានភ្ជាប់ស្ពានថ្មីឱ្យអ្នកដំណើរចុះពីទូក និងបានជម្លៀសចេញអស់ជនភៀសខ្លួនដែលភាគច្រើនជាជនជាតិអាហ្វហ្កានីស្ថាន។ អន្តោប្រវេសន៍២៤នាក់ និងសកម្មជនសមាគមគ្មានព្រំដែន No Border ១១នាក់ ត្រូវចាប់និងឃាត់ខ្លួនយកទៅទីស្នាក់ ការប៉ូលិសព្រំដែន ក្បែរក្រុងកាឡេ។ នៅក្នុងពេលឆែកឆេរ ប៉ូលិសបានរកឃើញ មានអន្តោប្រវេសន៍រាប់សិបនាក់ លួចរត់ចូលពួននៅបាតទូក។

ប្រធានគ្រប់គ្រងកំពង់ផែកាឡេ បានទាមទារឱ្យបើកប្រជុំអាសន្នបន្ទាន់ ក្នុងខណៈដែលក្រុមអ្នកការពារសិទ្ធិអន្តោប្រវេសន៍ បាននាំគ្នាស្រែកបង្អាប់បន្តុះអំពីលក្ខខណ្ឌជីវិតដ៏អាក្រក់របស់ជនភៀសខ្លួននៅក្នុងជំរំដ៏រខេករខាកនៅកាឡេ ដែលជាភូមិដ៏ក្រីក្រធំជាងគេនៅបារាំង។ តំណាងអ្នកនយោបាយឆ្វេងនិយមអង់គ្លេសជាច្រើនបានដំឡើងសំឡេង ស្រែកបរិហារ ថាគួរឱ្យខ្មាសអៀនបំផុត។ ប្រមុខបក្សប្រឆាំងអង់គ្លេស បក្សពលករ Jeremy Corbyn ថែមទាំងបានអំពាវនាវឱ្យ អង់គ្លេសបញ្ចេញសកម្មភាពឱ្យខ្លាំងសក្តិសម ដើម្បីដោះស្រាយបញ្ហាអន្តោប្រវេសន៍នេះ៕

website_news/2016250109.txt · Last modified: 2017/02/24 14:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki