website_news:2016250205

នាយករដ្ឋមន្រ្តីហុងគ្រីស្នើឲ្យមានការបោះឆ្នោតប្រជាមតិជាតិលើកូតាទទួលយកជនអន្តោប្រវេសន៍

(http://khmer.voanews.com/ 25 កុម្ភៈ 2016) VOA News

នាយករដ្ឋមន្រ្តីហុងគ្រីបានស្នើឲ្យមានការបោះឆ្នោតប្រជាមតិថ្នាក់ជាតិមួយទៅលើចំនួនកូតាទទួលយកជនអន្តោប្រវេសន៍និងជនភៀសខ្លួនចូលមកកាន់សហភាពអឺរ៉ុប។ ថ្លែងនៅក្នុងសភាកាលពីថ្ងៃពុធ លោក Victor Orban បានអះអាងជាថ្មីម្តងទៀតថា រដ្ឋាភិបាលទីក្រុងព្រុចសែលមិនមានសិទ្ធិក្នុងការកំណត់នូវអត្តសញ្ញាណ វប្បធម៌ និង សាសនារបស់អឺរ៉ុបជាថ្មីឡើងវិញនោះទេ ហើយលោកបានលើកឡើងថា ចំនួនកូតានៃការតាំងទីលំនៅឡើងវិញដែលមិនទទួលបានការឯកភាពពីម្ចាស់ឆ្នោត គឺជាការបំពានលើអំណាច។

លោក Orban បានមានប្រសាសន៍ថា សំណួរដើម្បីធ្វើការបោះឆ្នោតប្រជាមតិនឹងអាចសួរថា «តើអ្នកចង់ឲ្យសហភាពអឺរ៉ុបអនុញ្ញាតឲ្យជនទាំងឡាយណាដែលមិនមែនជាប្រជាពលរដ្ឋហុងគ្រីមកតាំងលំនៅជាថ្មីនៅប្រទេសហុងគ្រីដោយគ្មានការព្រមព្រៀងពីសភាហុងគ្រីឬយ៉ាងណា?» លោកបានមានប្រសាសន៍ថា សំណួរនេះត្រូវបានដាក់ស្នើដើម្បីសុំការឯកភាពពីការិយាល័យរៀបចំការបោះឆ្នោតជាតិរួចរាល់ហើយ ប៉ុន្តែលោកមិនបានបញ្ជាក់ថាតើនៅពេលណាដែលកាលបរិច្ឆេទនេះនឹងត្រូវធ្វើឡើងនោះទេ។ រដ្ឋាភិបាលនិយមស្តាំបានច្រានចោលការផ្តួចផ្តើមទៅលើចំនួនកូតានៃជនអន្តោប្រវេសន៍ ចាប់តាំងពីមានកើនឡើងវិបត្តិជនអន្តោប្រវេសន៍កាលពីឆ្នាំមុនមក។

ប្រទេសហុងគ្រីបានទទួលរងការរិះគន់យ៉ាងខ្លាំងពីសហភាពអឺរ៉ុបចំពោះការសាងសង់របងដែកតាមបណ្តោយព្រំប្រទល់ប៉ែកខាងត្បូងរបស់ខ្លួនដើម្បីកុំឲ្យជនអន្តោប្រវេសន៍អាចឆ្លងទៅបាន ដែលនេះគឺជាគោលនយោបាយមួយកំពុងតែប្រើប្រាស់ដោយប្រទេសដទៃទៀតដែលប្រឈមនឹងការចូលមកដល់របស់ជនអន្តោប្រវេសន៍ដ៏ច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មានចាប់តាំងពីសង្រ្គាមលោកលើកទី២មក៕

website_news/2016250205.txt · Last modified: 2017/02/27 15:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki