website_news:2016250206

អូទ្រីសនិងប៉ាល់កង់សម្រេចជាឯកតោភាគីទប់ស្កាត់លំហូរអន្តោប្រវេសន៍

(http://km.rfi.fr/europe/24/02/2016ដោយ អៀង សុខម៉ិញ)

ក្នុងពេលដែលអឺរ៉ុប្រកាសបើកជំនួបកំពូលអឺរ៉ុប-តួកគី នៅថ្ងៃទី ៧ មីនា និងបែលហ្ស៊ិកប្រកាសបិទព្រំដែនទប់ខ្លាចមានលំហូរជនភៀសខ្លួនហៀរពីបារាំង អូទ្រីសនិងបណ្តាប្រទេសអឺរ៉ុបនៅតំបន់បាល់កង់ បានជួបពិគ្រោះគ្នានៅថ្ងៃពុធនេះ រកដំណោះស្រាយយូរអង្វែងមួយ ដើម្បីកាត់បន្ថយលំហូរអន្តោប្រវេសន៍ ដោយមិនរង់ចាំសួរយោបល់អឺរ៉ុប និងដោយមិនហៅក្រិកប្រទេសមានព្រំដែនជាប់ពាក់ព័ន្ធមកចូលរួមជាមួយទេ។ ទង្វើបែបនេះ អាចនឹងធ្វើឱ្យមានភាពប្រេះឆាក្នុងរង្វង់អឺរ៉ុបផង និងធ្វើឱ្យស្ថានភាពអន្តោប្រវេសន៍នៅក្រិកកាន់តែធ្ងន់ធ្ងរផង។ ដោយមើលឃើញពីអសមត្ថភាព និងភាពយឺតយ៉ាវរបស់អឺរ៉ុបទាំង២៨ ជំនួបប្រជុំជាក្រុមតូចថ្នាក់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រសួងការបរទេស ត្រូវបានរៀបចំឡើង ក្រោមគំនិតផ្តួចផ្តើមរបស់អូទ្រីស ជាមួយប្រទេសអាល់បានី បូស្នី ប៊ុលហ្ការី ក្រូអាស៊ី ម៉ាសេដ្វាន់ ម៉ុងតេនេហ្ក្រូ ស៊ែរបី ស្លូវានី និងកូសូវូ។

គេមិនអាចឈរសៀមមើលលំហូរអន្តោប្រវេសន៍ឥតឈប់ឈរទេ ! តែអូទ្រីសនៅគាំទ្រនិងចង់បានជានិច្ចដំណោះស្រាយអឺរ៉ុប ដូច្នេះក្នុងពេលរង់ចាំយើងត្រូវតែមានដំណោះសា្រយជាតិ ! នេះជាប្រសាសន៍របស់រដ្ឋមន្ត្រីអូទ្រីស នាឱកាសបើកជំនួបប្រជុំ ដែលបានអះអាងទៀតថា កាត់បន្ថយលំហូរជនភៀសខ្លួន ជាការត្រដររស់របស់អឺរ៉ុប។ ប៉ុន្តែការកោះប្រជុំតែក្រុមប្រទេសមួយចំនួននៅតំបន់បាល់កង់របស់អូទ្រីស បានរងការរិះគន់យ៉ាងខ្លាំង ជាពិសេសពីសំណាក់ក្រិកនិងសហភាពអឺរ៉ុប។ សម្រាប់ក្រិក ការផ្តួចផ្តើមរបស់អូទ្រីសនេះ ជាគំនិតឯកតោភាគី អមិត្ត និងគ្មានសាមគ្គីភាពសោះ ព្រោះរាល់សេចក្តីសម្រេចចិត្តសុទ្ធតែមានពាក់ព័ន្ធដោយផ្ទាល់នឹងព្រំប្រទល់ក្រិក ហេតុអ្វីបានជួបពិភាក្សាដោយគ្មានវត្តមានក្រិក។ ចំណែកសហភាពអឺរ៉ុបវិញ ក៏មិនពេញចិត្តដែរ ដោយខ្លាចក្រែងមានវិបត្តិមនុស្សធម៌ផ្ទុះឡើងនៅក្រិក នៅពេលដែលអន្តោប្រវេសន៍រាប់ពាន់នាក់ត្រូវជាប់គាំងក្នុងប្រទេស មិនអាចឆ្លងទៅអឺរ៉ុបខាងជើងបាន។

អឺរ៉ុប ដែលមានពលរដ្ឋសរុប៥០០លាននាក់ និងជាតំណាងនយោបាយដ៏សម្បូរបែបជាងគេនៅលើពិភពលោក តែអសមត្ថភាពបំផុតខាងដំណោះស្រាយមនុស្សធម៌ និងសិទ្ធិមនុស្ស នេះបើតាមការបរិហាររបស់អង្គការការពារសិទ្ធិមនុស្សAmnesty International បានទទួលជនភៀសខ្លួន គិតត្រឹមពីខែមករា២០១៦មក ដល់ទៅ១០២០០០នាក់ ក្នុងនោះ១២០០០នាក់ កំពុងជាប់គាំងនៅព្រំប្រទល់ក្រិក-ម៉ាសេដ្វាន ដោយប៉ូលិសព្រំដែនរឹតត្បិតច្រកខ្លាំង ចម្រាញ់និងកំណត់កូតាចំនួនមនុស្សឆ្លងដែន៕

website_news/2016250206.txt · Last modified: 2017/02/27 15:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki