website_news:2016250301

ថៃបញ្ជូនពលករខ្មែរនិងខ្មែរអ៊ីស្លាមច្រើនខុសប្រក្រតី

(https://kohsantepheapdaily.com.kh/html) ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០១៦ ម៉ោង ១៦:៣៨ (24-03-2016 16:38) ដោយ ៖ ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរ និងខ្មែរអ៊ីស្លាម ត្រូវបានសមត្ថកិច្ចថៃធ្វើការបញ្ជូនតាមរថយន្តទ្រុងច្រើនខុសសព្វមួយដងក្នុងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ពិសេសក្នុងដើមឆ្នាំ២០១៦គិតត្រឹមម៉ោង៤និង៣០នាទីរសៀលថ្ងៃដដែលសរុប៦រថយន្ត មិនក្រោមពី៣០០នាក់ឡើយនេះមិនទាន់គិតដល់វេលាយប់ពេលបិទព្រំដែនអន្តរជាតិនោះទេ ។ ការបញ្ជូនពលករវិលត្រឡប់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត គេឃើញកើតមានជាហូរហែសូម្បីតែរថយន្តក៏ផ្លាស់ប្តូរពណ៌ មានស មានខ្មៅផងដែរក្នុងថ្ងៃដដែលនេះ ។

តាមមន្ត្រីនៅទីតាំងទទួលពលករបានប្រាប់«កោះសន្តិភាព»ថា ពលករបញ្ជូនពីថៃនាថ្ងៃនេះភាគច្រើនជាខ្មែរអ៊ីស្លាមដែលទើបត្រឡប់មកពីប្រទេសទី៣ដូចជាម៉ាឡេស៊ី ត្រូវភាគីថៃបញ្ជូនត្រឡប់ក្រោយពីពួកគេចាកចេញពីប្រទេសទី៣ចូលដល់ទឹកដីថៃ និងប្រហែល៤៥%ជាពលករខ្មែរដែលវិលត្រឡប់មកពីតាមបណ្តាខេត្តក្នុងប្រទេសថៃ តែត្រូវគេចាប់តាមដងផ្លូវនៅតាមចំណុចបារ៉ាស់ត្រួតពិនិត្យ ។

ប្រភពពីស្ត្រីខ្មែរអ៊ីស្លាមដែលគេបញ្ជូនពីថៃប្រាប់ថា គាត់ទៅធ្វើការនៅប្រទេសទី៣តាមរយៈលិខិតឆ្លងដែនត្រឹមត្រូវ ប៉ុន្តែដោយសារឯកសារផុតកំណត់ទើបពេលវិលត្រឡប់គេចាប់ពេលឆ្លងចូលដល់ដីថៃ ហើយដឹកបញ្ជូនមកកម្ពុជា ។ ចំណែកក្រុមពលករខ្មែរនិយាយថា ពួកគេសុទ្ធតែមកពីតាមបណ្តាខេត្ត និងក្រុងបាងកក តែពេលវិលត្រឡប់មកស្រុកកំណើតមិនចង់ឲ្យកៀកនិងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្រែងសំបុត្ររថយន្តឡើងថ្លៃ ឬពិបាករករថយន្តជិះ ស្រាប់តែគេចាប់តាមដងផ្លូវចោទថាការវិលត្រឡប់គ្មានលិខិតអនុញ្ញាតពីថៅកែតាមបណ្តារោងចក្រនិងសហគ្រាសតូចធំក្នុងប្រទេសរបស់គេ ។

ជាមួយគ្នានេះដែរពលករដែលវិលត្រឡប់ពីប្រទេសថៃដោយស្របច្បាប់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតប៉ុន្មានថ្ងៃចុងក្រោយនេះ គេកត់សម្គាល់ថាហាក់មកជាហូរហែដើរដោយថ្មើរជើង ចំណែកឥវ៉ាន់ពួកគេជួលកម្មករអូសតាមរទេះមកជិះរថយន្តតូចធំនៅក្រុងប៉ោយប៉ែតទៅស្រុកកំណើតព្រោងព្រៀត ។

យ៉ាងណាក៏ដោយប្រភពនានាលើកឡើងថា ការទៅមកដីថៃនៃពលករខ្មែរតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមុននិងក្រោយពិធីបុណ្យជាតិនានាក្នុងឆ្នាំ២០១៥និងដើមឆ្នាំ២០១៦នេះមានចំនួនតិចជាងបណ្តាឆ្នាំមុនៗ ព្រោះក្រុមពលករកើតរោគខ្លាចរអារឿងជម្រិតទារប្រាក់ខ្លាំងពេកពីក្រុមអ្នកជូនផ្លូវឬហៅថាមេខ្យល់នៅក្រុងប៉ោយប៉ែត ហើយពួកគេងាកនាំគ្នាទៅឆ្លងព្រំដែនទៅមកដីថៃតាមច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង យ៉ាងភ្លូកទឹកភ្លូកដីទៅវិញ ៕

website_news/2016250301.txt · Last modified: 2017/02/28 11:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki