website_news:2016250401

រថយន្តដឹកពលករខ្មែរក្រឡាប់នៅស្រះកែវ ទឹកដីថៃ ស្លាប់ និងរងរបួសច្រើននាក់

(http://beta.nokorwatnews.com) Monday , 25 April 2016

ខេត្តបាត់ដំបងៈ ពលករខ្មែរម្នាក់បានបាត់បង់ជីវិត ខណៈច្រើននាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីហេតុការណ៍ក្រឡាប់រថយន្ត នៅក្នុងខេត្តស្រះកែវ ប្រទេសថៃ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ខណៈដែលរថយន្តមួយគ្រឿងម៉ាកតូយូតា វីហ្គូ ព៌ណទឹកមាស ពាក់ស្លាកលេខ ក្រុងបាងកក បានបើកបរយ៉ាងលឿនក្នុងទិសដៅពីព្រំដែនកម្ពុជាឆ្ពោះទៅកាន់ទីក្រុងបាងកក ។

ប្រភពព័ត៌មានបានរាយការណ៍ថា នៅពេលដែលរថយន្តនេះបានទៅដល់ត្រង់ចំណុចចន្លោះ បង្គោលគីឡូម៉ែត្រលេខ ២១០ និង២១១ ស្ថិតក្នុងភូមិ៥ ឃុំបរថង ស្រុកកាប៊ីនបុរី ខេត្តស្រះកែវ ស្រាប់តែរថយន្តនេះបានរេចង្កូតធ្លាក់ផ្លូវចូលទៅក្នុងប្រលាយកណ្តាលផ្លូវភ្លោះនោះតែម្តង ព្រមទាំងបានជះមនុស្សទាំងអស់ប្រមាណជាង១០នាក់ ដែលនៅក្នុងរថយន្តចេញព្រោងព្រាត រងរបួសយ៉ាងធ្ងន់ ស្រាល រដូករណែល ហើយជាមួយគ្នានោះ គេសង្គេតឃើញថា មានពលករម្នាក់ត្រូវរថយន្តសង្កត់ជាប់ពីលើ ដែលនៅពេលនោះដែរ ទាំងសមត្ថកិច្ចថៃ ក៏ដូចជាប្រជាពលរដ្ឋបាននាំគ្នាជួយលើកបង្ហើបរថយន្តដើម្បីទាញយកមនុស្សចេញពីក្រោម គឺនៅទីបំផុតជនរងគ្រោះក៏បានបាត់បង់ជីវិតទៅហើយ ដោយពួកគេទាំងអស់នោះ គឺជាពលករខ្មែរដែលចូលទៅរកការងារ ធ្វើនៅក្នុងប្រទេសថៃ ដោយខុសច្បាប់ ។

យុវជនម្នាក់ឈ្មោះ សាយ វីរៈ អាយុ១៦ឆ្នាំ បានរៀបរាប់ថា រូបគេ គឺចូលមកតាមរយៈមេខ្យល់ដែលជាជនជាតិថៃ គឺមកតាមស្រុកអារញ្ញ ខេត្តស្រះកែវ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ប៉ុន្តែនៅពេលចេញដំណើរ តាមរយៈរថយន្តគឺគេបានបើកលឿនជាទីបំផុត ដែលបញ្ហានេះបានធ្វើអោយរូបគេមាន ការភ័យខ្លាចយ៉ាងខ្លាំង ទីបំផុតរថយន្តក៏ត្រួវបានក្រឡាប់មែន ព្រមទាំងបានបង្កអោយ មានមនុស្សរងរបួស និងស្លាប់ថែមទៀតផង ។ ក្រោយពេលកើតហេតុ គឺជនរងគ្រោះទាំងអស់ដែលលជាពលករខ្មែរគ្មានច្បាប់អនុញ្ញាត ត្រូវបានភាគីថៃបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ចំណែកអ្នកបើកបរដែលជាជនជាតិថៃ បានគេចខ្លួនបាត់ស្រមោល។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង ដោយសារតែ ផ្លូវមានសភាពងងឹត និងរថយន្តបើកលឿនពេក ព្រោះខ្លាច ក្រុមតម្រួតដេញចាប់ ៕ សំ វិច្ឆិកា

website_news/2016250401.txt · Last modified: 2017/02/28 13:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki