website_news:2016250403

ពលករលួចឆ្លងដែនត្រូវសមត្ថកិច្ចចាប់បញ្ជូនមកផ្ទះវិញ

(http://ppt-news.net) គេហទំពរភ្នំពេញថ្មី ចេញផ្សាយ ថ្ងៃទី 25/04/2016

ខេត្តបន្ទាយមានជ័យ ៖ ពលករប្រុងឆ្លងដែនខុសច្បាប់ត្រូវបានសមត្ថកិច្ចចម្រុះធ្វើកាទប់ស្កាត់ជាបន្តបន្ទាប់នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ បានចំនួន៤៤នាក់ ខណៈកាលពីថ្ងៃទី២២មេសាបានចំនួន៥៤នាក់ នៅកន្លែងតែមួយក្បែរមាត់អូរព្រំដែន ក្នុងភូមិល្វារ ឃុំបឹងបេង ស្រុកម៉ាឡៃ ។ ពលករទាំង៤៤នាក់ដែលសមត្ថកិច្ចចម្រុះទប់ស្កាត់ព្រឹកថ្ងៃទី២៣មេសានេះមានស្រី១៩នាក់ កុមារ៤នាក់ ពួកគេមកពីខេត្តបាត់ដំបង២នាក់, បន្ទាយមានជ័យ៧នាក់, ពោធិ៍សាត់៥នាក់, កំពង់ចាម៦នាក់, តាកែវ៨នាក់, សៀមរាប៩នាក់, ព្រៃវែង៣នាក់, ត្បូងឃ្មុំ១នាក់, កំពង់ធំ១នាក់ និងមកពីខេត្តកណ្តាល១នាក់ ។

លោកហុង សុផន សមាជិកគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ៥ប្រាប់ឲ្យដឹងថា ការទប់ស្កាត់ពលករនេះធ្វើឡើងដោយសហការជាមួយសមត្ថកិច្ចចម្រុះដូចជា នគរបាលការពារព្រំដែនគោកលេខ៨១៥ ប៉ុស្តិ៍ចំបក់, នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបឹងបេង ព្រមទាំងប្រជាការពារភូមិល្វារផងដែរ ។

លោកបញ្ជាក់ថា វិធានការទប់ស្កាត់នេះអនុវត្តតាមបទបញ្ជាពីលោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ៤ និងភូមិភាគ៥ ក៏ដូចជាបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការដ្ឋាននគរបាលខេត្ត ។ ពលករទាំងអស់ខាងលើក្រោយពីអប់រំនៅនឹងកន្លែងរួចហើយ ត្រូវបានអង្គភាពនគរបាលការពារព្រំដែនគោកយករថយន្តដឹកទៅចំណតរថយន្តខេត្តបន្ទាយមានជ័យ ដើម្បីឲ្យពួកគេបន្តដំណើរទៅស្រុកកំណើតរៀងខ្លួនៗ ៕

website_news/2016250403.txt · Last modified: 2017/02/28 13:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki