website_news:2016250501

ប្រពន្ធមានផ្ទៃពោះ លោកប្តី វ៉ៃបង្ខំអោយទៅរកលក់ខ្លួននៅតាមសួនច្បារវត្តភ្នំ

(http://www.arey-news.com) គេហទំព័រអរិយធម៌ (ថ្ងៃទី 25 May 2016 ម៉ោង 8:50 am)

ភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់ត្រូវបានប្តីហេងស៊យវាយធ្វើបាបបង្ខំឱ្យរកស៊ីលក់ខ្លួននៅតាមសួនច្បារវត្តភ្នំទាំងមានផ្ទៃពោះជាង១ខែ ហើយនាងបានជិះម៉ូតូឌុបរត់គេចខ្លួន ទៅរកប៉ូលិសអង្គភាពគោលដៅទី៣ ឱ្យជួយអន្តរាគមន៍។ ស្ត្រីអភ័ព្វរូបនេះអាយុ១៩ឆ្នាំ ជាអតីតសន្តិសុខឯកជនមួយ មានទីលំនៅផ្ទះជួលម្តុំវិហារអ៊ិស្លាមបឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញនិងមានស្រុកកំណើតនៅភូមិក្បាលដំរី ឃុំគោកព្រិច ស្រុកគិរីវង់ ខេត្តតាកែវ ។

មន្ត្រីប៉ូលិសអង្គភាពគោលដៅទី៣ បានឱ្យដឹងថា ស្ត្រីវ័យក្មេងម្នាក់នោះបានជិះម៉ូតូឌុបទាំងទឹកភ្នែកមករកប៉ូលិសដែលប្រចាំការនៅគល់ស្ពានជ្រោយចង្វាឱ្យជួយអន្តរាគមន៍បន្ទាប់ពីប្រុសស្នេហ៍បង្ខំឱ្យរកស៊ីផ្លូវភេទ ។

ស្ត្រីរងគ្រោះបានឱ្យដឹងថា នាងជាកូនកំព្រាតាំងពីតូចរស់នៅជាមួយជីដូនហើយមកភ្នំពេញធ្វើការជាសន្តិសុខឯកជនមួយ ប្រមាណជិត១ឆ្នាំនាងមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយជនជាតិចិនម្នាក់រហូតមានផ្ទៃពោះ គ្រាន់តែដឹងថា មានផ្ទៃពោះជនជាតិចិននោះបានរត់គេចខ្លួនបាត់ទៅ ។ លុះក្រោយមកប្រមាណកន្លះខែមុនក៏ បានជួបជាមួយបុរសម្នាក់ទៀតឈ្មោះរ័ត្ន អាយុ២៦ឆ្នាំ ជាទាហាន ហើយបានរួមរស់ជាមួយគ្នា ។

ការរស់នៅជាមួយប្តីហេងស៊យនោះ មិនបានធ្វើឱ្យជីវិតនាងមានសេចក្តីសុខនោះទេ ត្រូវប្រុសស្នេហ៍វាយបង្ខំឱ្យរកស៊ីផ្លូវភេទ ដើម្បីយកប្រាក់មកឱ្យផឹកស៊ី និងជក់គ្រឿងញៀន៕

website_news/2016250501.txt · Last modified: 2017/03/02 14:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki