website_news:2016250502

ស្ត្រីម្នាក់ប្ដឹងថៅកែហាងអ៊ុតសក់យីហោ «អាហួយ» ទៅសមត្ថកិច្ចពាក់ព័ន្ធ ការធ្វើម៉ែយ៉ែមដើរទាក់ក្មេងស្រីទុកអោយតាៗ!

(http://www.freshnewsasia.com) គេហទំព័រហ្វ្រេសញូវ 2016-05-25

(ភ្នំពេញ)៖ ស្ត្រីវ័យជាង៣០ឆ្នាំម្នាក់បានសំរេចដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចក្រសួងមហាផ្ទៃ ប្ដឹងថៅកែស្រីវ័យក្មេងនៃហាងកាត់សក់ផាត់មុខធ្វើក្រចកម្នាក់ពីបទគំរាមកំហែងអាយុជីវិត ខណៈរូបនាងនិងកូនជាងម្នាក់ទៀត បានដឹងពីរឿងរកសុីជួញដូរផ្លូវភេទតាមរយៈដើរទាក់ស្រីក្នេងៗ ទុកអោយតាៗ ដែលគេហៅថាអ្នកមានលុយ និងមានអំណាចយកទៅរួមភេទ។

យោងតាមកំណត់ហេតុសាកសួររបស់សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ស្ត្រីដែលជាម្ចាស់បណ្ដឹងបានអោយដឹងថា រូបនាងបានទៅធ្វើការនៅហាងកាត់សក់ កក់សក់ ផាត់មុខ ធ្វើក្រចកនៅហាងមួយឈ្មោះថា «អាហួយ» ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវលេខ១១៣ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ម្ដុំលក់ស៊ុបគោ ដោយចែកភាគរយជាមួយម្ចាស់ហាង។ តាំងពីនាងទៅធ្វើការបានជាង២ខែមក ម្ចាស់ហាងឈ្មោះ អាហួយ ដែលមានវ័យខ្ទង់៣០ឆ្នាំរូបនេះ ចេះតែនិយាយលួងលោមរូបនាងអោយធ្វើខ្លួនតុបតែងស្លៀកពាក់អោយស្អាតដើម្បីងាយរកលុយ ហើយប្រាប់ថាបើចង់បានលុយត្រូវទៅដេកជាមួយតាៗឬថៅកែៗឬអោយគេចិញ្ចឹម។

ពេលខ្លះក្រោយចប់ការងារ ថៅកែហាងបាននាំ នាងទៅហូបចុក នៅតាមហាងជួបជា មួយតាៗ ឬថៅកែកូរ៉េជាដើមហើយតែងតែសួរនាងថាព្រមទេ? បើព្រមដេកជាមួយគេនឹងបានលុយច្រើនជាដើម តែនាងតែងតែបដិសេធថានាងមិនធ្វើដូច្នោះទេ ទោះអត់លុយយ៉ាងណាក៏ដោយ។ ក្រោយមកថៅកែហាងរូបនេះក៏នាំបងប្អូនស្រីជីដូនមួយរបស់គេពីខេត្តតាកែវ យកមកនៅជាមួយរួចហើយធ្វើការតុបតែងខ្លួនទិញខោអាវអោយស្លៀក ពាក់ស្អាតៗ និងតែងតែនាំទៅជួបអ្នកនេះអ្នកនោះ(តាៗឬថៅកែ) នៅខាងក្រៅដើម្បីលួងលោមអោយដេកជាមួយគេដើម្បីបានលុយច្រើន ដូចជាមានពេលមួយបាននាំអានិចទៅអោយតាៗ មើលដល់ខេត្តកំពង់ចាម តែប្អូនស្រីជីដូនមួយរូបនេះក៏មិនព្រមធ្វើតាមដូចគ្នា។ ក្នុងនោះជារើយៗពួកនាង តែងតែស្ដាប់ឮថៅកែស្រីនិយាយទូរស័ព្ឌទាក់ទងអ្នកនេះអោយអ្នកនោះ ពេលខ្លះភ្ញៀវស្រីកាលិបៗ មកធ្វើខ្លួននៅហាងក៏ថៅកែនិយាយបញ្ចុះបញ្ចូលអោយទៅរកតាៗ នឹងបានលុយច្រើន ហើយបើភ្ញៀវណាព្រមគេមានរថយន្តកាមរីហាយប្រ៊ីកស៊េរី០៧ពណ៌សមួយគ្រឿង ជាអ្នកជូនទៅជួបទៀតផង។ ក្រោយមកដោយសារតែរូបនាង និងប្អូនស្រីជីដូនមួយមិនព្រម និងដឹងពីរឿងរកសុីខុសច្បាប់របស់គេច្រើន ស្រាប់តែនៅពាក់កណ្ដាលខែឧសភានេះ គេធ្វើការគំរាមកំហែងថា ដឹងរឿងគេច្រើនហើយ បើហ៊ានប្ដឹងឬយករឿងនេះទៅប្រាប់គេ គេនឹងជួលក្មេងស្ទាយអោយមកវាយសម្លាប់ទាំងពីរនាក់ចោលតែម្ដង ដែលការគំរាមនេះធ្វើអោយប្អូនជីដូនមួយឈ្មោះ អានិច ភ័យក៏រត់ទៅនៅស្រុកបាត់ទៅ និងរូបនាងបានរត់ចេញឈប់ធ្វើការនៅហាងនោះតទៅទៀត តែដោយមានការព្រួយបារម្ភពីការតាមព្យាបាទដល់អាយុជីវិត ទើបរូបនាងសំរេចទៅដាក់ពាក្យបណ្ដឹងនៅកន្លែងសមត្ថកិច្ចដើម្បីការពារជីវិតរបស់នាង។

ថ្លែងប្រាប់ Fresh News តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ ស្ត្រីខាងលើបានអះអាងថា រូបនាងពិតជាបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចមែន សមត្ថកិច្ចបានហៅនាងទៅសាកសួររួចហើយដោយនាងសូមអោយសមត្ថកិច្ចជួយការពារអាយុជីវិតរបស់នាងផង។ សូមបញ្ជាក់ថាទីតាំងអ៊ុតសក់ដែលមានយីហោ «អាហួយ» ជាឈ្មោះថៅកែខ្លួនឯងនេះ បច្ចុប្បន្នក្រោយពីស្ត្រីរងគ្រោះប្ដឹង និងឃើញសមត្ថកិច្ចចុះទៅថតទីតាំងហាង ទំនងម្ចាស់ដឹងខ្លួនបានប្ដូរឈ្មោះហាងដាក់ឈ្មោះផ្សេងវិញហើយ។ ដូច្នេះដើម្បីទប់ស្កាត់នូវបទល្មើសពេស្យាចារ្យ និងការជួញដូរមនុស្សសមត្ថកិច្ចគួរតែបើកការសើុបអង្កេត និងធ្វើការទប់ស្កាត់ បើមិនដូច្នោះទេនឹងមានក្មេងស្រីជាច្រើននឹងក្លាយជាជនរងគ្រោះដោយការជួញដូរផ្លូវភេទជាមិនខាន៕

website_news/2016250502.txt · Last modified: 2017/03/02 14:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki