website_news:2016250701

ការបញ្ជូនពលករខ្មែរទៅកាន់ប្រទេសជប៉ុននឹងកើនឡើងខ្ពស់

(http://bayontv.com.kh) 23/07/2016

ភ្នំពេញ ៖ ការបញ្ជូនពលករជាកម្មសិក្សាការីកម្ពុជា ទៅបំរើការងារនៅប្រទេសជប៉ុន នឹងមានការកើនឡើងខ្ពស់នៅពេលខាងមុខនេះ ដោយសារក្រុមហ៊ុនជប៉ុន បានចាប់ផ្តើមចាប់អារម្មណ៍ពីការនាំពលករកម្ពុជា ទៅធ្វើការងារនៅប្រទេសរបស់ខ្លួន។

លោក ឯល រ៉ូហ្សែត អគ្គនាយកក្រុមហ៊ុន IIS Ltd ដែលមានបទពិសោធន៍នាំពលករកម្ពុជាចេញទៅធ្វើការនៅប្រទេសជប៉ុន បានថ្លែងឲ្យដឹងក្នុងសន្និសីទសារព័ត៌មាន កាលពីម្សិលម៉ិញថា ក្រុមហ៊ុនIISកម្ពុជា សហការជាមួយក្រុមហ៊ុនIIS មានមូលដ្ឋាននៅប្រទេសជប៉ុន នឹងធ្វើកិច្ចសហការគ្នាដើម្បីនាំពលករកម្ពុជា ចេញទៅប្រទេសជប៉ុន នាពេលខាងមុខបន្ថែមទៀត ដោយរំពឹងថា ពលករកម្ពុជាចំនួន១០០០នាក់ នឹងបានចេញទៅបំរើការងារនៅប្រទេសជប៉ុនក្នុងមួយឆ្នាំ។

លោក បន្តថា“ពលករចេញបំរើការងារនៅប្រទេសជប៉ុន ពួកគេនឹងទទួលបានចំណេះដឹង និងចំណេះធ្វើ ពេលពួកគេបញ្ចប់កិច្ចសន្យាការងាររយៈពេលបីឆ្នាំ ពួកគេអាចយកជំនាញពួកគេមកអភិវឌ្ឍន៍ប្រទេសបាន ហើយក្រុមហ៊ុននឹងផ្តល់ការងារជូនពួកគេ ដែលមានប្រាក់ខែយ៉ាងតិច៤០០ដុល្លារ ក្រោយពេលពួកគេត្រលប់មកកម្ពុជា”។

លោក លី សែនលាភ អគ្គនាយកក្រុមហ៊ុនFUGI GOLDជាក្រុមហ៊ុនប្រឹក្សាយោបល់ទាក់ទងនឹងការវិនិយោគ ដែលបាននាំក្រុមហ៊ុនទាំងពីរជួបគ្នាដើម្បីសហការនាំពលករចេញទៅបំរើការងារនៅប្រទេសជប៉ុន បានថ្លែងថា ដោយសារចង់ចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ និងមើលឃើញក្រុមហ៊ុន ទាំងពីរមានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ ទើបលោកសម្រេចចិត្តសម្របសម្រួលឲ្យក្រុមហ៊ុនទាំងពីរសហការគ្នា ដើម្បីនាំពលករកម្ពុជា ចេញទៅប្រទេសជប៉ុន កន្លែងដែលពួកគេទទួលបានប្រាក់ខែខ្ពស់ ដែលអាចជួយសម្រួលដល់ជីវភាពគ្រួសាររបស់ពួកគេ ក៏ដូចជារួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា៕

website_news/2016250701.txt · Last modified: 2017/03/10 12:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki