website_news:2016250702

តម្រួតថៃបន្តបង្ក្រាបឃាត់ខ្លួននិងចាប់បញ្ជូនពលករខ្មែរ១២៩នាក់ខុសច្បាប់បន្ថែមទៀតាមច្រកអន្តរជាតិដូង

(http://www.police.gov.kh) ខែ កក្កដា ថ្ងៃទី 23 ឆ្នាំ 2016

បាត់ដំបង៖នេះជាលើកទី២ហើយក្នុងរយៈពល១ខែនេះ គេឃើញពលករខ្មែរធ្វើការងារខុសច្បាប់នៅក្នុងប្រទេសថៃត្រូវតម្រួតថៃចាប់ឃាត់ខ្លួន និងចាប់បញ្ជូនមកប្រទេសកម្ពុជាវិញជាបន្តបន្ទាប់។ពលករខ្មែរ១២៩នាក់ទៀតហើយស្នាក់នៅនិងធ្វើការងារខុសច្បាប់រងការឃាត់ខ្លួនពីតម្រួតថៃ និងចាប់បញ្ជូនមកប្រទេសកម្ពុជាតាមច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦។សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅមានពលករខ្មែរ១៥៣នាក់ក៏ត្រូវបានតម្រួតថៃឃាត់ខ្លួននិងចាប់បញ្ជូនមកប្រទេសកម្ពុជាវិញតាមច្រកអន្តរជាតិដូងស្រុកកំរៀងរួចហើយផងដែរ។ គ្រាដែលគេមើលឃើញថាអាជ្ញាធរនិងសមត្ថកិច្ចថៃកំពុងរិតបន្តឹងទៅលើការធ្វើចំណាកស្រុកខុសច្បាប់ទៅរស់នៅ និងធ្វើការងារខុសច្បាប់ក្នុងប្រទេសថៃនោះ។ការឃាត់ខ្លួនពលករខ្មែរ១២៩នាក់ក្រោយពីតម្រួតថៃរកឃើញថាពលករខ្មែរទាំងនោះបានស្នាក់នៅធ្វើការងារនៅក្នុងប្រទេសថៃគ្មានលិខិតស្នាមត្រឹមត្រូវ។

សូមរំលឹកថា ពលករខ្មែរដែលធ្វើដំណើរឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃខុសច្បាប់ត្រូវគេមើលឃើញថាពួកគេភាគច្រើនធ្វើដំណើរចាកចេញទៅប្រទេសថៃតាមច្រករបៀងខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យដែលមានការឃុបឃិតគ្នាជាមួយសមត្ថកិច្ចការពារព្រំដែនទាំងកម្ពុជានិងថៃ។ពាក់ព័ន្ធនិងការឆ្លងដែន ខុសច្បាប់នោះដែរកន្លងមកត្រូវគេរាយការណ៍ឱ្យដឹងថាពលករខ្មែរមានបញ្ហាប្រឈមគ្រោះថ្នាក់ជាខ្លាំងដូចជាត្រូវចាញ់បោកការជួញដូរមនុស្សនិងកម្លាំងពលកម្មពីសំណាក់មេខ្យល់ខ្មែរនិងមេខ្យល់ថៃ ប្រឈមនិងការចាប់ដាក់គុកធ្វើទារុណកម្មនិងបាញ់សម្លាប់ពីសមត្ថកិច្ចថៃ និងការធ្វើដំណើរតាមរថយន្តរត់គេចពីការតាមចាប់របស់តម្រួតថៃបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់និងរងរបួសផងដែរ។បញ្ហាប្រឈមទាំងនោះត្រូវគេរាយការណ៍ឱ្យដឹងថាធ្លាប់កើតឡើងចំពោះពលករខ្មែរជាបន្តបន្ទាប់រួចហើយផងនោះដែរ។

ពលករខ្មែរ១២៩នាក់ខាងលើក្រោយពីតម្រួតថៃចាប់បញ្ជូនមកប្រទេសកម្ពុជាវិញ ក៏បានធ្វើការអប់រំពីសំណាក់សមត្ថកិច្ចកម្ពុជាឈរជើងនៅច្រកអន្តរជាតិដូងដោយណែនាំឱ្យពួកគាត់ បញ្ឆប់ការធ្វើដំណើរទាំងប្រថុយប្រថានទៅរកការងារធ្វើក្នុងប្រទេសថៃខុសច្បាប់តទៅទៀត ហើយសំណូមពរឱ្យពួកគាត់ស្វែងរកការងារធ្វើនៅក្នុងប្រទេសវិញ៕សំ វិច្ឆិកា

website_news/2016250702.txt · Last modified: 2017/03/10 12:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki