website_news:2016250802

មន្ត្រីរដ្ឋាភិបាល៖ ស្ត្រីខ្មែរច្រើនទៀតត្រូវបានជួញដូរនៅ អារ៉ាប៊ី សាអូឌីត

(http://www.cambodiadailykhmer.com) ដោយ អូន ភាព | ថ្ងៃព្រហស្បតិ៍ ទី 25 ខែសីហា ឆ្នាំ2016

ក្រុមមន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា ចំនួនស្ត្រីខ្មែរ ដែលឥឡូវត្រូវបានគេគិតថា កំពុងជាប់ផុងនៅក្នុងឧស្សាហកម្មផ្លូវភេទនៅក្នុងប្រទេសអារ៉ាប៊ី សាអូឌីត បន្ទាប់ពីត្រូវបានជួញដូរក្នុងឆ្នាំកន្លងមកនេះ បានកើនឡើងដល់ជាង២០នាក់។

ទោះជាយ៉ាងណា រដ្ឋាភិបាលនៅតែមិន និយាយអំពីការខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីសង្គ្រោះស្ត្រីទាំងនេះ ឡើយ កាលពីម្សិលមិញ ខណៈបុរសជនជាតិប៉ាគីស្ថានពីរនាក់ និងស្ត្រីខ្មែរម្នាក់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទប៉ុនប៉ងជួញដូរស្ត្រីចំនួន៣នាក់ទៅកាន់ប្រទេសតំបន់មជ្ឈិមបូពា៌មួយនេះ។

ជនជាតិប៉ាគីស្ថានឈ្មោះ Niaz Ahmed អាយុ ៥៥ឆ្នាំ និង Yazef Ahmed អាយុ២៤ឆ្នាំព្រមទាំង មេខ្យល់ ជនជាតិខ្មែរម្នាក់ឈ្មោះ ប៊ិន ញ៉ អាយុ ៧២ឆ្នាំត្រូវបានចាប់ខ្លួននៅក្នុងរាជធានីភ្នំ ពេញកាលពីថ្ងៃអាទិត្យនិងថ្ងៃច័ន្ទ ដោយសារជាប់សង្ស័យពីបទប៉ុនប៉ងជួញដូរស្ត្រីទាំងនេះចេញពីប្រទេស។ ពេលសាកសួរ ជនសង្ស័យបានទទួលស្គាល់ថា ពួកគេមានគម្រោងបញ្ជូនស្ត្រីទាំងនេះដែលត្រូវបានគេ ល្បួងពីខេត្តត្បូងឃុំ ដោយសន្យាថា នឹងរកការងារប្រាក់ខែខ្ពស់ឲ្យនោះ ទៅកាន់ប្រទេសអារ៉ាប៊ី សាអូឌីត ហើយ បានសារភាពថា ពីមុនមកធ្លាប់បានបញ្ជូនស្ត្រីជាង១០នាក់ទៅប្រទេសនេះ នេះបើយោងតាមលោក កែវ ធា នាយ ការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សរាជធានី។

ពេលទាក់ទងកាលពីម្សិលមិញ លោក កែវ ធា បានលើកឡើងថា ឥឡូវមន្ត្រីរបស់លោកជឿថា ចំនួន ស្ត្រីខ្មែរ ដែលត្រូវបានជួញដូរទៅកាន់ប្រទេសអារ៉ាប៊ី សាអូឌីត ដើម្បីបម្រើសេវាផ្លូវភេទ លើសពីតួលេខនេះទ្វេដង។ លោកបានមានប្រសាសន៍ថា ”យើងសន្និដ្ឋានថា ជនជាតិប៉ាគីស្ថាននេះបាននាំស្ត្រីខ្មែរជាច្រើននាក់ទៅកាន់ ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងឆ្នាំកន្លងមក”។ លោកបានបន្ថែមថា “យើងគ្មានឯកសារបញ្ជាក់ពីចំនួន ពិតប្រាកដ នៃស្ត្រីខ្មែរដែលពួកគេបានបញ្ជូនទៅប្រទេស អារ៉ាប៊ីសាអូឌីតឡើយ  ប៉ុន្តែឆ្លងកាត់តាមរយៈការស៊ើបអង្កេតរបស់ មន្ត្រីយើង យើងគិតថា ស្ត្រីជាង២០នាក់ត្រូវបានបញ្ជូនទៅទីនោះ”។

បុរសជនជាតិប៉ាគីស្ថានទាំងពីរនាក់នេះកំពុងធ្វើការជាផ្នែកនៃបណ្តាញជួញដូរមនុស្ស ដែលមានមូលដ្ឋាន នៅក្នុងប្រទេសដែលសម្បូរប្រេងមួយនេះ។ លោក កែវ ធា បានលើកឡើងថា “ខ្ញុំចង់និយាយថា នេះគឺជាក្រុមហ៊ុនមិនផ្លូវការនៅក្នុងប្រទេស អារ៉ាប៊ី សាអូឌីត ហើយពួកគេកំពុងធ្វើការដោយសម្ងាត់ និងខុសច្បាប់ជាមួយជនជាតិប៉ាគីស្ថានទាំងពីរនាក់នេះ”។

លោក ជីវ ផល្លី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ បានលើកឡើងថា លោកទទួលបានព័ត៌មានមកថា មានស្ត្រីជនជាតិ អារ៉ាប៊ី សាអូឌីត ធ្លាប់បានធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បី នាំស្ត្រីខ្មែរទៅកាន់ប្រទេសតំបន់មជ្ឈិមបូពា៌នេះ។ លោកបានមានប្រសាសន៍ថា ”យើងទទួលបានព័ត៌មានមក ថា មានស្ត្រីមួយចំនួនមកពីប្រទេសអារ៉ាប៊ីសាអូឌីត ហើយពួកគេបានប៉ុនប៉ងនាំស្ត្រីខ្មែរយើងយកទៅជួញដូរ នៅក្នុង ប្រទេសនេះ”។

លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយថា តើស្ត្រីខ្មែរប៉ុន្មាននាក់ដែលលោកជឿថា បច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសអារ៉ាប៊ី សាអូឌីត ឡើយ ប៉ុន្តែសង្ស័យថា អាចមានអ្នក ជួញដូរជនជាតិអារ៉ាប៊ី សាអូឌីតកំពុងលាក់ខ្លួន នៅក្នុងរាជធានីភ្នំពេញក្នុងពេលបច្ចុប្បន្ន។ លោកបានថ្លែងថា ”យើងកំពុងតែស្វះស្វែងដើម្បីតាមរកស្ត្រីទាំងនេះ  ប៉ុន្តែឥឡូវយើងកំពុងធ្វើការដើម្បីប្រមូលព័ត៌មានសម្រាប់ចាប់ជនល្មើសនៅឡើយ ហេតុដូច្នេះ ហើយយើងមិនអាច បញ្ចេញព័ត៌មានបានទេ ព្រោះពួកគេនឹងគេចខ្លួន”។

ដោយបដិសេធមិនរៀបរាប់ច្រើន លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានថ្លែងថា ក្រសួងរបស់ លោកជាមួយក្រសួង ការបរទេស និងក្រសួងមហាផ្ទៃបានបើកប្រតិបត្តិការរួមមួយ ”ដើម្បីសង្គ្រោះពលរដ្ឋរបស់ យើងក្នុងប្រទេសអារ៉ាប៊ី សាអូឌីត”។

លោកស្រី ជូ ប៊ុនអេង អគ្គលេខាធិការគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស និងការកេងប្រវ័ញ្ច ផ្លូវភេទ នៃក្រសួងមហាផ្ទៃបានលើកឡើងថា លោកស្រី “មិនអាចផ្សព្វផ្សាយព័ត៌មាន” ស្តីពីករណីនេះបានទេ ខណៈ វាកំពុងស្ថិតក្រោមការសើុបអង្កេត។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានលើកឡើងថា លោក”គ្មានព័ត៌មាន” ស្តីពីការស៊ើបអង្កេតនេះឡើយ។

បុរសជនជាតិប៉ាគីស្ថានពីរនាក់នេះ និងមេខ្យល់ជនជាតិខ្មែរត្រូវបានចោទប្រកាន់ពីបទនាំមនុស្សឆ្លងកាត់ព្រំដែនដោយខុសច្បាប់ នេះបើយោងតាមលោក កុល បុណ្យ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ ប្រសិនបើត្រូវបានរកឃើថា ពិតជាមានពិរុទ្ធភាពមែននោះ ជនសង្ស័យទាំង៣នាក់នេះប្រឈមការជាប់ពន្ធនាគារចន្លោះពី៧ឆ្នាំទៅ១៥ឆ្នាំ៕ស៊ុយឈាង

website_news/2016250802.txt · Last modified: 2017/03/11 19:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki