website_news:2016250804

បុរសម្នាក់រន្ធត់ចិត្តពេលឮថា ប្រពន្ធជាមុខសញ្ញាត្រូវជួញដូរ

(http://www.postkhmer.com) Thu, 25 August 2016 សែន ដាវីត

ភ្នំពេញៈ នៅពេលលោក ឈុំ សុខឿន ត្រូវបាននគរបាលប្រាប់ថាប្រពន្ធរបស់លោកស្ទើរតែគេចមិនផុតពីការជួញដូរទៅក្នុងអាជីវកម្មផ្លូវភេទនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតនោះលោកមានការភ័យរន្ធត់យ៉ាងខ្លាំង។

លោក និងប្រពន្ធរបស់លោកឈ្មោះ ព្រេង ផុន រួមជាមួយនឹងស្រ្តីកម្ពុជាពីរនាក់ទៀតមកពីខេត្តត្បូងឃុំត្រូវបានចាប់ខ្លួនដោយនគរបាលប្រឆាំងការជួញដូរមនុស្សកាលពីដើមសប្តាហ៍នេះខណៈកំពុងជិះម៉ូតូកង់បីក្នុងរាជធានីភ្នំពេញជាមួយបុរសប៉ាគីស្ថានពីរនាក់។

បើតាមប្រធានការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សរាជធានីភ្នំពេញលោក កែវ ធា បុរសប៉ាគីស្ថានទាំងពីរនាក់នេះក្រោយមកបានសារភាពថាពួកគេបានជួញដូរស្រ្តីកម្ពុជាជាង ១០ នាក់រួចមកហើយទៅក្នុងការងារផ្លូវភេទនៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត ហើយស្រ្តី ៣ នាក់នឹងជួបវាសនាដូចគ្នានេះ។ លោក ធា បានថ្លែងថាបុរសប៉ាគីស្ថានទាំងនេះត្រូវបានសួរចម្លើយនៅតុលាការកាលពីម្សិលមិញរួមជាមួយស្រ្តីកម្ពុជា និងមេខ្យល់ឈ្មោះ បែន ញ៉។ លោក សុខឿន បានថ្លែងថាលោក និងប្រពន្ធរបស់លោកគ្រោងនឹងចាកចេញពីប្រទេសកម្ពុជាទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅថ្ងៃសុក្រដោយរំពឹងថាប្តីនឹងទទួលបានការងារជាអ្នកបើកឡាន និងប្រពន្ធធ្វើជាអ្នកបម្រើក្នុងផ្ទះ។

លោកបានថ្លែងបន្តថា៖ «យើងក្រខ្លាំងណាស់ហើយយើងឃើញគ្រួសារ បែន ញ៉ មានជីវភាពប្រសើរជាងមុនដោយសារគាត់មានកូនពីរនាក់ធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត»។ «នគរបាលបានប្រាប់យើងថាជនបរទេសទាំងនោះមិនមានបំណងល្អដើម្បីស្វែងរកការងារល្អឲ្យយើងទេ»។ លោកថា៖ «ខ្ញុំភ័យ។ ខ្ញុំមានអារម្មណ៍ស្តាយបាត់ឱកាសស្វែងរកការងារនៅបរទេសប៉ុន្តែខ្ញុំរន្ធត់ខ្លាំងណាស់នៅពេលឮថាប្រពន្ធរបស់ខ្ញុំ និងស្រ្តីពីរនាក់ទៀតនឹងធ្វើការជានារីបម្រើផ្លូវភេទ»។

អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ បានថ្លែងថាក្រសួងរបស់លោករួមជាមួយនឹងក្រសួងការបរទេស និងក្រសួងមហាផ្ទៃកំពុងតាមដានករណីនេះ។ លោកបន្តថា៖ « [យើង] កំពុងស្វែងរកវិធីដែលអាចធ្វើទៅបានដើម្បីសង្គ្រោះប្រជាជនរបស់យើង»។ លោកបានបន្ថែមថាអនុស្សរណៈជាមួយអារ៉ាប៊ីសាអ៊ូឌីតដើម្បីទទួលពលករកម្ពុជាឲ្យបម្រើការតាមផ្ទះមិនទាន់ត្រូវបានបញ្ចប់ទេហេតុដូច្នេះការជ្រើសរើសពលករ ឬបញ្ជូនពលករខ្មែរទៅទីនោះគឺជាការខុសច្បាប់។

លោក អ៊ុំ ជា មេឃុំរកាពប្រាំ ស្រុក-ខេត្តត្បូងឃ្មុំបានបញ្ជាក់ថាស្រ្តីទាំងនោះដែលរស់នៅឃុំរបស់លោកពិតជាបានទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតមែន ដោយសារឈ្មោះ ញ៉រ បានបញ្ចុះបញ្ចូលពួកគេ។ លោកបានបន្តថា៖ «យើងតែងតែអប់រំអ្នកភូមិ ដើម្បីឲ្យពួកគេដឹងថា ការស្វែងរកការងារនៅបរទេសតាមរយៈមេខ្យល់ គឺជាការប្រថុយប្រថាន ឬគ្រោះថ្នាក់ជាពិសេសគឺដោយសារមានករណីជាច្រើនដែលស្រ្តីបានក្លាយជាជនរងគ្រោះ»៕ PS

website_news/2016250804.txt · Last modified: 2017/03/11 19:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki