website_news:2016250805

ថៃស្ទាក់ចាប់រថយន្តខ្មែរដែលលបឆ្លងដែនចូលទៅដឹកឈើគ្រញូង

(http://dpnnews.com) ដំណឹងភ្នំពេញ on 23/08/2016

ឈើគ្រញូងចំនួនពីរគល់ធំៗ និងរថយន្តទីកូមួយគ្រឿង ត្រូវបានកំលាំងយោធាថៃ សហការជាមួយក្រុមតម្រួតថៃ ធ្វើការស្ទាក់ចាប់ទាំងកណ្តាលយប់ ខណៈដែលរថយន្តនេះ កំពុងធ្វើសកម្មភាពដឹកឈើគ្រញូងវិលត្រឡប់មកទឹកដីកម្ពុជាវិញ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចថៃបានអោយដឹងថា នៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ៧ យប់ កម្លាំងយោធាថៃបានសហការជាមួយនឹងក្រុមតម្រួតថៃ បានធ្វើការស្ទាក់ចាប់រថយន្តខ្មែរ១គ្រឿងម៉ាកទីកូ ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ. ២D- ៥៩ ៣៤ ដែលបើកបរដោយជនជាតិខ្មែរ រស់នៅក្នុងខេត្តឧត្តរមានជ័យ របាយការណ៍បានបន្តថា កិច្ចប្រតិបត្តិការនេះគឺសមត្ថកិច្ចថៃបានធ្វើការដកហូតនូវឈើ គ្រញូងប្រភេទក្រាក់ ចំនួនពីរដុំធំៗ ដែលអ្នកបើកបរលាក់ទុកនៅក្នុងឃ្លុបខាងក្រោយដោយគេបានចូលទៅក្នុងប្រទេសថៃតាមច្រកអន្តរជាតិអូរស្មាច់ ដើម្បីដឹកឈើគ្រញូង នេះចេញមកកម្ពុជាវិញ ហើយក៏ត្រូវកំលាំងស្ទាក់ចាប់តែម្តង ។

ក្រោយពីបានបញ្ជូនខ្លួនទៅអង្គភាពយោធាដើម្បីធ្វើការសាកសួរ រកមេឈ្មួញរួចមកទើបដឹងថា ថៅកែ ធំដែលនៅពីក្រោយខ្នងក្នុងការរកស៊ីឈើគ្រញូងពីថៃ មកកម្ពុជា គឺជាស្ត្រីឈ្មោះ ស្រីអូន (ជនជាតិខ្មែរ) ដោយគេជាអ្នកស៊ីឈ្នួលក្នុងការចូលទៅដឹកឈើតែប៉ុណ្ណោះ ហើយនេះគឺជាលើកទី ៤ ហើយដែលគេ បានឆ្លងដែនចូលទៅក្នុងទឹកដីថៃដើម្បីប្រកបមុខរបរនេះ តែក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកំលាំងជំនាញ បំពេញឯកសារពាក់ព័ន្ធដើម្បីបញ្ជូនខ្លួន ទៅកាន់តុលាក្នុងការចាត់វិធានការតាមផ្លូវច្បាប់ ៕

website_news/2016250805.txt · Last modified: 2017/03/11 19:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki