website_news:2016251001

មន្ត្រីទាហានម្នាក់នៅខេត្តប៉ៃលិនអំពាវនាវឲ្យសមត្ថកិច្ចជួយនាំប្រពន្ធពីចិនមកស្រុកវិញ

(http://www.rfa.org/khmer/news) ដោយ ហ៊ុំ ចំរើន 2016-10-24

មន្ត្រីទាហានម្នាក់នៅខេត្តប៉ៃលិន អំពាវនាវឲ្យក្រសួងការបរទេស និងមន្ត្រីពាក់ព័ន្ធ អន្តរាគមន៍ជួយរំដោះប្រពន្ធរបស់ខ្លួនត្រឡប់ពីប្រទេសចិន មកកម្ពុជា វិញឲ្យបានឆាប់។ ការអំពាវនាវនេះ បន្ទាប់ពីរូបគាត់ស្វះស្វែងរកប្រភព ដើម្បីជួយសង្គ្រោះប្រពន្ធជាច្រើនខែហើយ តែពុំទទួលបានលទ្ធផល។ សាច់ញាតិស្ត្រីរងគ្រោះនៅខេត្តប៉ៃលិន អះអាងថា ប្រពន្ធរបស់គាត់ចាញ់បោកមេខ្យល់ មិនអាចត្រឡប់មកស្រុកកំណើតវិញបាននោះទេ។

មន្ត្រីទាហានវរៈសេនាតូចការពារព្រំដែនលេខ៥០៣ ប្រចាំការនៅខេត្តប៉ៃលិន លោក វ៉ាន់ សេង មានប្រសាសន៍នៅថ្ងៃទី២៤ តុលា ថា មេខ្យល់ម្នាក់ប៉ុន្តែលោកថាមិនចាំឈ្មោះ មានស្រុកកំណើតនៅខេត្តកំពង់ចាម បានបបួលប្រពន្ធរបស់គាត់ឈ្មោះ ឆេង ស្រីដែន អាយុ ៣២ឆ្នាំ និងសាច់ញាតិខាងប្រពន្ធ ២នាក់ផ្សេងទៀត ទៅធ្វើការនៅប្រទេសចិន សន្យាថានឹងទទួលប្រាក់ខែម្នាក់ចំនួន ១.២០០ដុល្លារអាមេរិកក្នុងមួយខែ។ លោកអះអាងថា ស្ត្រីមេខ្យល់រូបនោះបាននាំប្រពន្ធរបស់គាត់ និងស្ត្រី ២នាក់ទៀតទៅធ្វើលិខិតឆ្លងដែននៅប្រទេសវៀតណាម ហើយចេញដំណើរទៅប្រទេសចិន កាលពីខែមិថុនា ឆ្នាំ២០១៦។ លោកបន្ថែមថា នៅពេលប្រពន្ធទៅដល់ប្រទេសចិន ប្រមាណ ២ខែ ទើបទទួលដំណឹងពីប្រពន្ធទូរស័ព្ទមកពីប្រទេសចិន ប្រាប់លោកថា រូបគាត់ត្រូវគេបង្ខំឲ្យធ្វើជាស្រីរកស៊ីផ្លូវភេទនៅប្រទេសនេះ៖ «ខ្ញុំទូរស័ព្ទទាក់ទងគាត់បានពីរដង ហើយគាត់ប្រាប់ឲ្យខ្ញុំទាក់ទងទៅស្ថានទូតខ្មែរជួយរំដោះគាត់មកកម្ពុជា វិញផង។ ហើយខ្ញុំក៏ប្រាប់លេខស្ថានទូតទៅគាត់ និងប្រាប់ប្រពន្ធខ្ញុំឲ្យគាត់រត់ទៅរកប៉ូលិសចិន ទៅ។ ហើយប្រពន្ធខ្ញុំបន្ថែមថា បើទូរស័ព្ទរកគាត់មិនចូល គឺគេប្ដូរដាក់ទីតាំងផ្សេងហើយ»។

ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី មានប្រសាសន៍ថា ស្ត្រីរងគ្រោះធ្វើយ៉ាងណាទាក់ទងទៅស្ថានកុងស៊ុលខ្មែរ នៅក្បែរតំបន់ដែលខ្លួនរស់នៅ ដើម្បីងាយស្រួលទាក់ទងទៅសមត្ថកិច្ចចិន ឲ្យជួយពួកគាត់បានឆាប់រហ័ស៖ «កន្លងមកដែលខ្ញុំធ្វើការងារមួយគេ គឺគេប្រាប់អ៊ីចឹង ដំបូងគេត្រូវដឹងឈ្មោះភូមិ ឃុំ ស្រុក ខេត្តនៅទីនោះឲ្យច្បាស់លាស់ បានគេងាយទាក់ទង។ បើអត់មានអី មានតែលេខទូរស័ព្ទទេ គឺលំបាកហើយ»។ ប្រធានអង្គការខារ៉ាមកម្ពុជា (CARAM-Cambodia) លោក យ៉ា ណាវុធ លើកឡើងថា ករណីនេះ ស្ត្រីរងគ្រោះត្រូវធ្វើអំពើល្អឲ្យបានច្រើន ដើម្បីធ្វើយ៉ាងណាឲ្យថៅកែជនជាតិចិន មានទំនុកចិត្ត ដើម្បីមានឱកាសទាក់ទងទៅមន្ត្រីស្ថានកុងស៊ុលខ្មែរឲ្យជួយពួកគាត់៖ «តាមពិតបើសិនគាត់មានភស្តុតាង ហើយអាចចង្អុលបង្ហាញថាមេខ្យល់នោះពិតជាបោកប្រាស់គាត់យកទៅលក់ដូរខុសពីកិច្ចសន្យា គាត់អាចដាក់ពាក្យប្ដឹងតាមរយៈនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនៅតាមខេត្តនីមួយៗ ឬក៏អាចមកនាយកដ្ឋានក្រសួងមហាផ្ទៃ»។

សាច់ញាតិបញ្ជាក់ថា ប្រពន្ធរបស់គាត់ និងស្ត្រី ២នាក់ទៀតរស់នៅកន្លែងផ្សេងគ្នាក្នុងខេត្តជាងស៊ី (Xiang Xy) របស់ចិន។ សាច់ញាតិឲ្យដឹងទៀតថា ប្រពន្ធរបស់គាត់ត្រូវថៅកែផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៀតជាប្រចាំ ចំណែកស្ត្រី ២នាក់ផ្សេងទៀតត្រូវគេបង្ខំឲ្យរៀបការជាមួយបុរសជនជាតិចិន ហើយពួកគាត់ត្រូវប្ដីវាយធ្វើបាប និងមិនឲ្យប្រាក់ចាយវាយនោះទេ។

របាយការណ៍ក្រសួងការបរទេស បង្ហាញថា រយៈពេល ៩ខែក្នុង ឆ្នាំ២០១៦ ក្រសួងការបរទេស ជួយសង្គ្រោះពលរដ្ឋខ្មែរពីក្រៅប្រទេសបានចំនួនជាង ៥៧០នាក់ ក្នុងនោះមកពីប្រទេសចិន ចំនួន ៤៧នាក់៕

website_news/2016251001.txt · Last modified: 2017/03/13 11:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki