website_news:2016251003

ក្រុមអ្នកលេងចិន ចាប់ជំរិតក្មេង រួចធ្វើឲ្យពួកគេពិការ ហើយបង្ខំឲ្យដើរសុំទាន

(http://www.rasmeinews.com/world) ដោយ ៖សេង ឡុង ថ្ងៃទី 24 តុលា 2016 ម៉ោង 12:59:PM

ការស៊ើបអង្កេតដោយសារព័ត៌មានអនឡាញរបស់ម៉ាឡេស៊ី The Star បានរកឃើញថា «ក្រុមអ្នកសុំទាន» មួយ បានដំណើរការដោយក្រុមអ្នកលេងចិន ដែលមានជំនាញ ក្នុងការចាប់ជំរិតក្មេង រួចធ្វើឲ្យពួកគេពិការ និងបង្ខំឲ្យពួកគេដើរសុំទាន នៅតាមដងផ្លូវ ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ក្រុមអ្នកលេង ដែលដឹកនាំដោយបងប្អូនជនជាតិចិន ២នាក់នោះ ត្រូវបានគេប្រាប់ឲ្យដឹងថា បានធ្វើការជាមួយ ក្រុមក្មេងទំនើងម៉ាឡេស៊ី ខណៈព័ត៌មានទាំងនេះ ទទួលបានពីការសម្ភាសន៍ ជាមួយនឹង អ្នកសុំទានជនជាតិចិន ២នាក់ ដែលបានទទួលរងពិការភាពធ្ងន់ធ្ងរ។

អ្នកយកព័ត៌មានមកពី សារព័ត៌មាន The Star បានតាមដានអ្នកសុំទាន នៅតាមដងផ្លូវដែលមានមនុស្សច្រើនកុះករ នៅ Chinatown ក្នុងទីក្រុងកូឡាឡាំពួរ ដោយរកឃើញ អ្នកសុំទានជាជនពិការ យ៉ាងហោចណាស់ ចំនួន៣០នាក់ ស្ថិតក្នុងប្រតិបត្តិការដើរសុំទាន នៅកន្លែងសម្បូរភ្ញៀវទេសចរ ក្នុងទីក្រុង។

អ្នកសុំទានម្នាក់ មានឈ្មោះថា Xiu Yuan អាយុ៣៣ឆ្នាំ បានប្រាប់អ្នកយកព័ត៌មានថា គាត់កើតមកមានសុខភាព និងរាងកាយល្អធម្មតា ប៉ុន្តែក្រោយមក ត្រូវក្រុមអ្នកលេងធ្វើឲ្យពិការ ពេលគាត់ស្ថិតនៅវ័យក្មេង ហើយត្រូវគេចាប់ទុក អស់រយៈពេលជាច្រើនឆ្នាំ មុនពេលបញ្ជូនទៅក្រៅប្រទេស ពោលគឺគាត់ត្រូវដើរសុំទាន នៅតាមដងផ្លូវ ក្នុងប្រទេសចិន រហូតទទួលបានឯកសិទ្ធិ ចេញទៅក្រៅប្រទេស។ លោក Xiu Yuan ត្រូវបាន គេបញ្ជូនមកកាន់ ប្រទេសម៉ាឡេស៊ី ដោយប្រើប្រាស់ទិដ្ឋាការទេសចរណ៍ ហើយត្រូវចំណាយពេលច្រើន ដើម្បីដើរសុំទានគេនៅតាមផ្លូវ។ ប្រាក់ចំណូលដែលរកបាន ត្រូវប្រគល់ឲ្យមេដឹកនាំ នៃក្រុមអ្នកលេងនោះ។

អ្នកសុំទានម្នាក់ទៀត មកពីទីក្រុង Zhengzhou មានឈ្មោះថា Do Feng អាយុ៣០ឆ្នាំ បានប្រាប់ឲ្យដឹងថា «យើងធ្វើដំណើរដោយរថយន្តតាក់ស៊ី ហើយថ្លៃឈ្នួល គឺមេជាអ្នកចាត់ចែង។ ការងាររបស់យើង គឺត្រូវដើរសុំទានគេឲ្យបានតិចបំផុត ២៨០ដុល្លារ ក្នុងមួយថ្ងៃ»។ លោក Feng បានប្រាប់ឲ្យដឹងទៀតថា «ក្នុងអំឡុងថ្ងៃចុងសប្ដាហ៍ អ្នកសុំទានម្នាក់ អាចរកបានរហូតដល់ទៅ ៧០០ដុល្លារ ដោយផ្អែកលើចំនួននៃភ្ញៀវទេសចរ តែ មេ នឹងដកយក ៣៥០ដុល្លារ បូកទាំងថ្លៃឈ្នួលតាក់ស៊ី»៕

website_news/2016251003.txt · Last modified: 2017/03/13 11:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki