website_news:2016260101

ក្រសួងឲ្យក្រុមហ៊ុនពង្រឹងបទប្បញ្ញត្តិដើម្បីការពារពលករ

(http://www.postkhmer.com Mon, 25 January 2016)

ភ្នំពេញៈ ក្រសួងការងារបានចេញសេចក្តីណែនាំដល់បណ្តាភ្នាក់ងារជ្រើសរើសពលករទាំងអស់ឲ្យពង្រឹងបទប្បញ្ញត្តិមួយចំនួន ដើម្បីធានាដល់សុវត្ថិភាពពលករធ្វើការក្រៅប្រទេស ខណៈដែលក្រសួងរកឃើញថាមានក្រុមហ៊ុនមួយចំនួនមិនទាន់បានអនុវត្តបណ្តាលឲ្យមានបាតុភាពខុសឆ្គងកើតឡើង។ យោងតាមសេចក្តីណែនាំរបស់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារចេញកាលពីថ្ងៃសុក្របានឲ្យដឹងថា ក្រសួងពិនិត្យឃើញថានៅមានគ្រឹះស្ថានមួយចំនួនដែលមិនទាន់អនុវត្តបទប្បញ្ញត្តិនៃច្បាប់ ស្តីពីការងារទាក់ទងទៅនឹងបែបបទស្តីពីសហគ្រាស គ្រឹះស្ថាន និងនីតិវិធីក្នុងការដំណើរការជាពិសេសទីភ្នាក់ងារជ្រើសរើសឯកជនទទួលបន្ទុកការជ្រើសរើស បញ្ជូននិងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅបរទេសដែលទាមទារនូវការឃ្លាំមើលការដាស់តឿនក្រើនរំឭក និងធ្វើការកែតម្រូវរាល់បាតុភាពខុសឆ្គងជាបន្តបន្ទាប់។ លោកថ្លែងថា៖ «ទីភ្នាក់ងារជ្រើសរើសឯកជនមួយចំនួនធំក៏នៅមិនទាន់អនុវត្តបានល្អប្រសើរនៅឡើយ ដូច្នេះក្រសួងណែនាំឲ្យក្រុមហ៊ុនត្រូវរៀបចំឲ្យមានទីចាត់ការដែលមានអាស័យដ្ឋានច្បាស់លាស់មានបុគ្គលិកបម្រើការងារមានសម្ភារការិយាល័យ មធ្យោបាយទំនាក់ទំនង និងមធ្យោបាយដឹកជញ្ជូនគ្រប់គ្រាន់»។

លោករដ្ឋមន្ត្រីបញ្ជាក់ថាក្រុមហ៊ុនត្រូវរៀបចំឲ្យមានមជ្ឈមណ្ឌលណែនាំតម្រង់ទិស ដែលមានទំហំសមស្របមានអគារគ្រប់គ្រាន់សម្រាប់ការងារបំប៉នមុខជំនាញមានកន្លែងស្នាក់នៅ ហូបចុករបស់ពលករធានាឲ្យបាននូវសុខភាពអនាម័យ និងមានសុវត្ថិភាពល្អព្រមទំាងមានបទបញ្ជាផ្ទៃក្នុងសម្រាប់មជ្ឈមណ្ឌល។ ក្រុមហ៊ុនត្រូវរៀបចំឲ្យមានការចុះបញ្ជិការ និងការបង់ប្រាក់ភាគទាននៃបេឡាជាតិរបបសន្តិសុខសង្គម និងត្រូវមានតំណាងអចិន្រៃ្តយ៍របស់ខ្លួនប្រចាំនៅប្រទេសទទួលពលករជាដើម។ ការចេញសេចក្តីណែនាំរបស់ក្រសួងការងារនៅពេលនេះ ត្រូវបានគេមើលឃើញថាធ្វើឡើងក្រោយពីរដ្ឋាភិបាលរបស់ប្រទេសម៉ាឡេស៊ី និងកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាពីការបញ្ជូនពលករឡើងវិញខណៈដែលមានក្រុមហ៊ុនមួយចំនួនកំពុងត្រៀមរៀបចំបញ្ជូនពលករតាមរយៈការជ្រើសរើស និងបណ្តុះបណ្តាល។

ស្រ្តីឈ្មោះ ចាន់ សុខា ធ្លាប់ជាស្រ្តីបម្រើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ីបាននិយាយថាកន្លងមករូបនាង និងក្រុមគ្រួសារមានការពិបាកក្នុងការទំនាក់ទំនងមកក្រុមហ៊ុនឲ្យជួយដោះស្រាយនៅពេលមានបញ្ហាព្រោះពុំមានលេខទំនាក់ទំនងហើយក្រុមហ៊ុនបានផ្លាស់ប្តូរការិយាល័យដោយមិនបានប្រាប់ជាមុន។ ស្រ្តីរូបនេះនិយាយថា៖ «ពេលមានបញ្ហាឲ្យគ្រួសារនៅភ្នំពេញទាក់ទងក្រុមហ៊ុនតែពិបាកណាស់ទៅដល់ក្រុមហ៊ុន ក្រុមហ៊ុនបិទហើយទូរស័ព្ទពិបាកទំនាក់ទំនង»៕

website_news/2016260101.txt · Last modified: 2017/02/24 15:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki