website_news:2016260102

ឧទ្ធរណ៍តម្កល់ទោសស្ត្រីនាំនារីទៅរៀបការនឹងបុរសចិន

(http://www.postkhmer.com Tue, 26 January 2016)

ភ្នំពេញៈ សាលាឧទ្ធរណ៍ពីម្សិលមិញបានប្រកាសសាលដីកាតម្កល់ទោសស្រ្តីជាតិចិនម្នាក់ឲ្យជាប់ពន្ធនាគារ ៧ ឆ្នាំដដែល បន្ទាប់ពីជំនុំជម្រះ កាលពីថ្ងៃទី ១៨ មករា កន្លងមកពាក់ព័ន្ធនាំនារីខ្មែរ ២ នាក់ទៅរៀបការប្តីនៅចិន ហើយត្រូវនារីរងគ្រោះប្តឹងពីប្រទេស ចិន ឲ្យចាប់ខ្លួន។ ការប្រកាសសាលដីកាដោយគ្មានវត្តមានជនជាប់ចោទនោះលោកចៅក្រម ស៊ិន វិសាល ប្រធានក្រុមប្រឹក្សាជំនុំជម្រះថា សំណុំរឿងជួញដូរមនុស្សដែលសភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍ជំនុំជម្រះរួចនិងក្រោយពីក្រុមប្រឹក្សាពិភាក្សាគ្នាមកឃើញថា៖ «សភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល»។

តាមឯកសារ តុលាការថា ស្រ្តីជាប់ចោទឈ្មោះជូ អ៊ីលាន អាយុ ៤៥ ឆ្នាំ បានធ្វើដំណើរពីចិនមកកម្ពុជាក្នុងឆ្នាំ ២០១៣ ហើយនៅមុនថ្ងៃកើតហេតុជនជាប់ចោទរូបនេះបានទាក់ទងស្គាល់ស្រ្តីខ្មែរម្នាក់លក់ផ្លែឈើនៅផ្សារទំនើបមួយក្នុងក្រុងភ្នំពេញ ដោយឲ្យស្រ្តីអ្នកលក់ផ្លែឈើនោះរកនារីខ្មែរ ២ នាក់ឲ្យខ្លួនដោយប្រាប់ថា យកទៅរៀនជំនាញធ្វើឆត្រនៅចិន។ ដោយមានទំនាក់ទំនងគ្នាមិនបានប៉ុន្មានថ្ងៃផងនោះស្រ្តីលក់ផ្លែឈើបានធ្វើជាមេខ្យល់និងរកបាននារីមានប្តីរួចហើយម្នាក់ និងស្រ្តីក្រមុំម្នាក់ឲ្យមកជួបស្រ្តីចិនជាប់ចោទ។

អង្គហេតុបង្ហាញទៀតថា បន្ទាប់ពី នារីទាំងពីរនាក់ត្រូវមេខ្យល់ណែនាំឲ្យស្គាល់ជនជាប់ចោទហើយនោះ ស្រ្តីអ្នកលក់ផ្លែឈើបាននាំជនជាប់ចោទទៅផ្ទះម្តាយនារីរងគ្រោះដោយឲ្យលុយលើកទឹកចិត្ត ៤០០ ដុល្លារនិងលុយ ៤០០ ដុលា្លរទៀតឲ្យទៅប្តីនារីរងគ្រោះម្នាក់ទៀត។ បន្ទាប់មកទាំងមេខ្សល់ជនជាតិខ្មែរនិងស្រ្តីចិនជាប់ចោទបាននាំនារីរងគ្រោះទាំងពីរនាក់ទៅធ្វើលិខិតឆ្លងដែននិងនាំឲ្យគ្រូពេទ្យពិនិត្យប្រដាប់ភេទនិងសុដន់ដោយអះអាងប្រាប់ថា បុរសចិនតម្រូវឲ្យនារីរងគ្រោះធ្វើតាមលក្ខខណ្ឌបែបនេះ។

អង្គហេតុបង្ហាញបន្តថា បន្ទាប់ពីពិនិត្យសុខភាពនារីរងគ្រោះរួចមកមេខ្យល់បាននាំជនជាប់ចោទនិងនារីរងគ្រោះទៅផ្ទះសំណាក់មួយនៅ ភ្នំពេញ ហើយនៅថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៣ មេខ្យល់បាននាំនារីរងគ្រោះទៅខេត្ត ស្ទឹងត្រែង ដោយឆ្លងកាត់ប្រទេស ឡាវ ក្នុងគោលបំណងនាំទៅប្រទេស ចិន។ ប៉ុន្តែពេលពួកគេជិះរថយន្តហៀបនឹងឆ្លងព្រំដែន ឡាវ ក៏ត្រូវនារីរងគ្រោះម្នាក់រត់ទៅប្តឹងនគរបាលឲ្យចាប់ខ្លួនជនជាប់ចោទតែម្តង។ សំណុំរឿងនេះត្រូវសាលាដំបូងខេត្តស្ទឹងត្រែងបើកសវនាការនៅថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០១៤ ដោយផ្តន្ទាទោសស្រ្តីជាប់ចោទដាក់ពន្ធនាគារ ៧ ឆ្នាំ៕

website_news/2016260102.txt · Last modified: 2017/02/24 15:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki