website_news:2016260204

ក្រសួងការបរទេស បដិសេធថា មិនបានចេញលិខិតឆ្លងដែនផ្លូវការ ឱ្យពលករទៅកូរ៉េទេ

(http://bayontv.com.kh/25/02/2016)

ភ្នំពេញ៖ នៅក្នុងសេចក្ដីជូនព័ត៌មាននៅថ្ងៃ ២៥ កុម្ភៈ ក្រសួងការបរទេស បានបដិសេធថា មិនបានទទួលសំណូកជាច្រើនពាន់ដុល្លារជាថ្នូរនឹងការចេញលិខិតឆ្លងដែនផ្លូវការឱ្យពលករខ្មែរ ទៅធ្វើការនៅប្រទេសកូរ៉េនោះទេ។ ក្រសួងការបរទេស បានបដិសេធទាំងស្រុងដាច់ខាត ចំពោះសេចក្ដីរាយការណ៍របស់សារ ព័ត៌មានខ្មែរថាមស៍ ដែលបានលើកឡើងថា មន្ត្រីកម្ពុជាកំពុងខ្វែងដៃខ្វែងជើង ដើម្បីដោះស្រាយបញ្ហាការចោទប្រកាន់ថា មន្ត្រីពុករលួយរបស់ក្រសួងការបរទេស បានចេញលិខិត ឆ្លងដែនមិនត្រឹមត្រូវ ឱ្យពលករទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង។ នេះបើតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញផ្សាយឱ្យដឹងនៅថ្ងៃ ២៥ កុម្ភៈ។

ប្រភពដដែលបានឱ្យដឹងទៀតថា ព័ត៌មានដែលត្រូវបានសារព័ត៌មានខ្មែរថែមស៍យកទៅចុះ ផ្សាយនោះ គឺខ្មែរថាមស៍ បានយកប្រភពព្រះសង្ឃមួយអង្គ ដែលកំពុងគង់នៅប្រទេសកូរ៉េខាងត្បូង ដែលបានបង្ហោះវីដេអូ ចោទប្រកាន់ថា មន្ត្រីក្រសួងការបរទេសបានចេញលិខិតឆ្លងដែនផ្លូវការដោយខុសច្បាប់ ជូនដល់ពលករកម្ពុជា ដើម្បីទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ជាថ្នូរនឹងសំណូកជាច្រើនពាន់ដុល្លារ។

សេចក្ដីជូនព័ត៌មានដដែលបញ្ជាក់ថា កន្លងមកក្រសួងការបរទេស បានចេញលិខិតឆ្លងដែន ផ្លូវការជាច្រើនរយពាន់ច្បាប់ គឺសម្រាប់តែមន្ត្រីរាជការដែលបម្រើការងារនៅតាមក្រសួងផ្សេងៗប្រើប្រាស់សម្រាប់បំពេញបេសកកម្ម ឬ ចូលរួមវគ្គបណ្ដុះបណ្ដាលនៅក្រៅប្រទេសប៉ុណ្ណោះ។ នៅក្នុងការផ្ដល់ជូននេះ គឺក្រសួងមិនគិតកម្រៃ ឬ ថ្លៃសេវាពីមន្ត្រីរាជការដែល ត្រូវស្នើសុំលិខិតផ្លងដែនផ្លូវការសម្រាប់បំពេញការងារនៅក្រៅប្រទេសនោះឡើយ។

ក្រសួងក៏បានណែនាំឱ្យស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូងស៊ើបអង្កេតឱ្យបាន ហ្មត់ចត់ និង ត្រូវរាយការណ៍អំពីពលករ ដែលកាន់លិខិតឆ្លងដែនផ្លូវការមកក្រសួងការបរ ទេសផងដែរ។ ក្រសួង ក៏បានស្នើឱ្យស្ថានទូតកូរ៉េខាងត្បូង ប្រចាំនៅកម្ពុជា ជួយផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងករណីនេះដែរ។ លិខិតរបស់ក្រសួងការបរទេសដដែល ក៏បានព្រមានប្ដឹងចំពោះសារព័ត៌មានខ្មែរថាមស៍ ទៅតុលាការ ចំពោះសេចក្ដីរាយការណ៍ ដែលមិនផ្អែកលើការពិតនេះដែរ។ ប្រភពនៅក្នុង លិខិតដដែល ក៏បានស្នើសុំឱ្យសារព័ត៌មានមួយនេះ ត្រូវតែពិនិត្យឱ្យបានហ្មត់ចត់ ចំពោះការចោទប្រកាន់នេះ មុននឹងចុះផ្សាយ៕

website_news/2016260204.txt · Last modified: 2017/02/27 15:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki