website_news:2016260208

រដ្ឋាភិបាលអះអាងថាករណីជួញដូរមនុស្សក្នុងឆ្នាំ២០១៥ថយចុះ

(http://www.rfa.org/khmer/news/2016-02-25 ) ដោយ សាន សែលៈ

របាយការណ៍របស់រដ្ឋាភិបាលសន្និដ្ឋានថា អំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងអំពើជួញដូរផ្លូវភេទលើស្ត្រី និងកុមារនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៥ ថយចុះ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ សង្គមស៊ីវិលយល់ស្របនឹងការរកឃើញនេះ ក៏ប៉ុន្តែសង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាល ផ្តល់ថវិកាបន្ថែមទៀតដល់ស្ថានទូតនៅបរទេស ដើម្បីជួយដល់ជនរងគ្រោះដោយការជួញដូរមនុស្សនៅក្រៅប្រទេស។ របាយការណ៍ជាភាសាខ្មែរកម្រាស់ ៤៧ទំព័ររបស់រដ្ឋាភិបាលនេះ មិនបានបញ្ជាក់តួលេខពិតប្រាកដពីការថយចុះ នៃករណីជួញដូរមនុស្សឆ្នាំ២០១៥ នោះទេ។

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ថា គ.ជ.ប.ជ ដែលជាអ្នករៀបរៀងរបាយការណ៍នេះ បានសន្និដ្ឋានការថយចុះក្រោយបង្ហាញការកើនឡើងនូវការបង្ក្រាបបទល្មើសរបស់អាជ្ញាធរ ការកើនឡើងនូវសកម្មភាពចុះផ្សព្វផ្សាយ និងទប់ស្កាត់ និងការកើនឡើងការចូលរួមកិច្ចប្រជុំ និងការកើនឡើងនៃការចូលរួមដោះស្រាយករណីជួញដូរមនុស្សនៅបរទេស។ របាយការណ៍នេះគូសបញ្ជាក់ថា នៅឆ្នាំ២០១៥ រដ្ឋាភិបាលបានចូលរួមកិច្ចប្រជុំនៅបរទេសចំនួន ៥១លើក ដើម្បីធ្វើសហប្រតិបត្តិការលើការងារពាក់ព័ន្ធនឹងការជួញដូរមនុស្ស ដោយបញ្ជាក់ថា កើនឡើង ៤លើកលើសឆ្នាំ២០១៥។ ប្រធានបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា រដ្ឋាភិបាលគួរបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀត ដើម្បីជួយប្រជាពលរដ្ឋកម្ពុជា កុំឲ្យគេជួញដូរ៖ «យើងចង់ឲ្យរដ្ឋាភិបាលបង្កើតកិច្ចសហប្រតិបត្តិការបង្ក្រាបការជួញដូរមនុស្សគ្រប់រូបភាពទាំងអស់ឲ្យមានប្រសិទ្ធភាព។ យើងចង់ឲ្យពង្រឹង អត់ចង់ឲ្យមានតែលើគោលនយោបាយរបស់រដ្ឋាភិបាល តែការអនុវត្តគ្មាន ឬមានប្រសិទ្ធភាពតិចតួច»។

របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ចេញផ្សាយកាលពីចុងខែកក្កដា ឆ្នាំ២០១៥ អះអាងថា ប្រទេសកម្ពុជា មិនទាន់ចាត់វិធានការគ្រប់គ្រាន់ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ខណៈដែលស្ត្រីកម្ពុជា ត្រូវបានគេជួញដូរទៅប្រទេសចិន កាន់តែច្រើនឡើង ហើយពលករត្រូវបានគេបង្ខំឲ្យធ្វើការធ្ងន់ធ្ងរនៅលើទូកនេសាទ។

អនុប្រធានកម្មវិធីស្ត្រី និងកុមារនៃអង្គការអាដហុក (ADHOC) អ្នកស្រី លឹម មុន្នី ថ្លែងថា ស្ថានភាពនៃការជួញដូរមនុស្សកាលពីឆ្នាំ២០១៥ មានសភាពធ្ងន់ធ្ងរស្រដៀងទៅនឹងឆ្នាំ២០១៤ ដដែល ដោយករណីជួញដូរមនុស្សកើតឡើងដោយមធ្យោបាយថ្មីៗ។ អ្នកស្រីស្នើដល់ស្ថានទូតកម្ពុជា នៅបរទេស បង្កើនល្បឿនជួយដោះស្រាយការជួញដូរមនុស្សថែមទៀត៖ «ចំណុចខ្សោយដូចជាភាពយឺតយ៉ាវធ្វើការងាររបស់មន្ត្រីធ្វើការងារស្ថានទូតយើងប្រចាំនៅប្រទេសដែលជនរងគ្រោះគាត់មានបញ្ហា និងកង្វះថវិកាជាតិនៅក្នុងការឧបត្ថម្ភ ដល់មន្ត្រីការទូតយើង ក្នុងការផ្តល់សេវាជួយជនរងគ្រោះ ផ្នែកអាហារហូបចុកបណ្ដោះអាសន្ន នៅពេលដែលជនរងគ្រោះរត់ដល់ស្ថានទូត»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែធ្នូ ឆ្នាំ២០១៥ បានក្រើនរំឭកដល់មន្ត្រីរដ្ឋាភិបាល និងក្រុមឈ្មួញ ឲ្យដកខ្លួនពីការរកស៊ីជួញដូរមនុស្ស ប្រសិនបើពួកគេមិនចង់ជាប់ទោស៕

website_news/2016260208.txt · Last modified: 2017/02/27 15:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki