website_news:2016260401

តម្រួតថៃតាមឃាត់រថយន្ត៣គ្រឿងដែលដឹកពលករខ្មែរខុសច្បាប់ចូលក្រុងបាងកក

(http://beta.nokorwatnews.com) គេហទំព័រនគរវត្ត Tuesday , 26 April 2016

ខេត្តបាត់ដំបង៖ ពលករខ្មែរជិត៣០ នាក់ ដែលមិនមានច្បាប់ត្រឹមត្រូវបានលបលួចឆ្លងដែនចូលទៅរកការងារធ្វើនៅក្នុងខេត្តឈុនបូរី និងនៅទីក្រុងបាងកកតាម រយៈអ្នកបើកបររថយន្តតាក់ស៊ីដែលជាជន ជាតិថៃត្រូវបានក្រុមតម្រួតខេត្តឆាក់ឈើង សៅ សហការជាមួយនឹងតម្រួតខេត្តឈុនបូរី ដេញតាមប្រមាញ់ ព្រមទាំងបានឃាត់ រថយន្តទាំងនោះទាំងប្រថុយនឹងគ្រោះថ្នាក់។

បើតាមប្រភពព័ត៌មានបានបញ្ជាក់ថា ករណីដេញបង្ក្រាបរថយន្តប្រព្រឹត្តបទល្មើសនេះបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង១១យប់តាមបណ្តោយ ផ្លូវសាយសុរីនថាក់វង់ ក្នុងទិសដៅពីព្រំដែនកម្ពុជានៃខេត្តស្រះកែវឆ្ពោះទៅទីក្រុងបាងកកដោយក្នុងនោះរថយន្តដែលប្រព្រឹត្តបទល្មើសមានចំនួន៣គ្រឿងដែលជាប្រភេទ រថយន្តនីសាន់។ ប្រភពដដែលបានបន្តទៀតថា នៅពេល នោះដែរដោយមានការសង្ស័យក្រុមតម្រួត ស្រុកបាគង ខេត្តឆាក់ឈើងសៅបានសុំកិច្ច សហការជាមួយក្រុមតម្រួតខេត្តឈុនបូរី ដេញប្រមាញ់រថយន្តទាំង៣គ្រឿងឲ្យ រថយន្ត ទាំងនេះឈប់។ ប៉ុន្តែផ្ទុយទៅវិញ រថយន្តដែលប្រព្រឹត្តបទល្មើសបានជាន់ បន្ថែមល្បឿនកាន់តែលឿនឡើង និងងាកក្បាលឆ្ពោះទៅកាន់ខេត្តឈុនបូរីដោយបាន បត់ឡើងស្ពានក្បែរផ្លូវបែកជា៤ត្រង់ចំណុច បាងបឹងស្ថិតក្នុងភូមិ៦ ឃុំបាងសួន ស្រុក មឿង ខេត្តឈុនបូរី ប្រទេសថៃដែលនៅ ទីនោះ ក្រុមតម្រួតបានព័ទ្ធស្ទាក់ និងឃាត់បាន នៅចំកណ្តាលស្ពាននោះតែម្តង។ នៅពេលនោះគេសង្កេតឃើញថា នៅក្នុងរថយន្តទាំងនោះមានពលករខ្មែរសរុបចំនួន២៧នាក់ដោយមានប្រុសចំនួន២០នាក់ ស្រីចំនួន៦នាក់ និងក្មេងតូចម្នាក់ ។

ចំណែកអ្នកបើកបរឈ្មោះ យុត្តិភូមិ តុនវុធ ដែលជាជនជាតិថៃបានសារភាពថា ពួកគេគឺទៅទទួលក្រុមពលករខ្មែរមកពីខេត្តស្រះកែវដោយដឹកយកទៅធ្វើការនៅក្នុងខេត្ត ឈុនបូរី និងក្រុងបាងកកដោយទទួលបានប្រាក់កម្រៃក្នុងម្នាក់២.៥០០បាត ។ ក្រោយពេលកិច្ចប្រតិបត្តិការត្រូវបាន បញ្ចប់ក្រុមពលករខ្មែរទាំងអស់ត្រូវបាន តម្រួតថៃនាំយកទៅកាន់ស្ថានីយតម្រួត ក្នុងខេត្តឆាក់ឈើងសៅដើម្បីសាកសួរ។ ដោយឡែកអ្នកបើកបររថយន្តដែលជាជនជាតិថៃទាំង៣រូបត្រូវបានក្រុមតម្រួតរៀបចំឯកសារដើម្បីបញ្ជូនខ្លួនទៅតុលាការចាត់ តាមផ្លូវច្បាប់ ៕ សំ វិច្ឆិកា

website_news/2016260401.txt · Last modified: 2017/02/28 13:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki