website_news:2016260403

ពលករចំណាកស្រុកចំនួន៥៤នាក់លួចឆ្លងដែនទៅធ្វើការងារនៅប្រទេសថៃត្រូវសមត្ថកិច្ចស្រុកម៉ាឡៃចាប់បញ្ជូនមកផ្ទះវិញ

(http://bayontv.com.kh) គេទំព័របាយ័ន្ត 26/04/2016

បន្ទាយមានជ័យ ៖ ពលករពលករចំណាកស្រុកប្រុសស្រីចំនួន៥៤នាក់បានលួចឆ្លងដែនទៅរកការងារធ្វើនៅស្រុកថៃដោយខុសច្បាប់ត្រូវសមត្ថកិច្ចស្រុកម៉ាឡៃចាប់បញ្ជូនមកផ្ទះវិញនៅព្រឹកថ្ងៃទី២៦ខែមេសា ឆ្នាំ២០១៦ នៅក្បែរមាត់អូរព្រំដែន ក្នុងភូមិល្វារ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ មន្ត្រីនគរបាស្រុកម៉ាឡៃបាននិយាយថាពលករទាំង៥៤នាក់ដែលសមត្ថកិច្ចចម្រុះទប់ស្កាត់ធ្វើការឃាត់ខ្លួននេះមានស្រី៥០នាក់ កុមារ៤នាក់មកពីខេត្តបាត់ដំបង២នាក់ បន្ទាយមានជ័យ៧នាក់ ពោធិ៍សាត់៥នាក់ កំពង់ចាម៦នាក់ តាកែវ៨នាក់ សៀមរាប៩នាក់ ព្រៃវែង៣នាក់ ត្បូងឃ្មុំ១នាក់ កំពង់ធំ១នាក់ និងមកពីខេត្តកណ្ដាល១នាក់ ។

លោកហុង សុផន សមាជិកគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ៥ប្រាប់ឲ្យដឹងថា ការទប់ស្កាត់ពលករនេះធ្វើឡើងដោយសហការជាមួយសមត្ថកិច្ចចម្រុះដូចជា នគរបាលការពារព្រំដែនគោកលេខ៨១៥ ប៉ុស្តិ៍ចំបក់ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបឹងបេង ព្រមទាំងប្រជាការពារភូមិល្វារផងដែរ ។លោកហុងសុផនបានបញ្ជាក់ទៀតថាវិធានការទប់ស្កាត់នេះអនុវត្តតាមបទបញ្ជាពីលោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ៤ និងភូមិភាគ៥ ក៏ដូចជាបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការដ្ឋាននគរបាលខេត្ត ។

លោកហុងសុផនបានបញ្ជាក់ទៀតថាពលករទាំង៥៤នាក់ខាងលើក្រោយពីឃាត់ខ្លួនហើយបានធ្វើការអប់រំនៅនឹងកន្លែងរួចហើយត្រូវបានអង្គភាពនគរបាលការពារព្រំដែនគោកយករថយន្តដឹកទៅចំណតរថយន្តខេត្តបន្ទាយមានជ័យដើម្បីឲ្យពួកគេបន្តដំណើរទៅស្រុកកំណើតរៀងខ្លួនៗវិញ ៕

website_news/2016260403.txt · Last modified: 2017/02/28 13:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki